ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ដង្កោ​ឃាត់​ក្បួន​រថយន្ត​អ្នក​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​២​រូប​មួយ​រយៈ​ខ្លី

  • ហេង រស្មី

លោក ប្រាជ្ញ សីហា អភិបាល​រង​ខណ្ឌ​ដង្កោ​ត្រូវ​ប្រជាពលរដ្ឋ​ចោមរោម​​នៅ​ពេល​ដែល​លោក​បាន​រឹបអូស​យក DVD របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​វាលពិឃាត​​បឹង​ជើងឯក​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​​ឆ្នាំ​២០១៤ វេលាម៉ោង៩:៤០​​ព្រឹក។ (ហេង រស្មី/វីអូអេ)
សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង​ មួយ​របស់​លោក​ នុត រំដួល​ និង​មួយ​ទៀត​របស់​លោក​ រាល ខេមរិន្ទ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​រារាំង​ក្នុង​ខណៈ​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​វាល​ពិឃាត​បឹង​ជើង​ឯក​មក​វិញ។​

ការ​ឃាត់​ស្ទាក់​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រជាពលរដ្ឋ​ ដែល​ភាគ​ច្រើន​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខឹង​សម្បារ​និង​លោក​ ប្រាជ្ញ សីហា​ អភិបាល​រង​ខណ្ឌ​ម្នាក់​ដែល​បាន​រឹប​អូស​យក​ថាស​ DVDs​ របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ឱកាស​ដែល​គណបក្ស​នេះ​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​ដល់​អ្នក​បាត់​បង់​ជីវិត​នៅ​វាល​ពិឃាត​បឹង​ជើង​ឯក។​

សំឡេង៖​ «ត្រូវ​វាយ​ខ្នោះ។​ ទេ​ឯកឧត្តម​និយាយ​អញ្ចឹង​អត់​ត្រូវ​ទេ។​ ត្រូវ​វាយ​ខ្នោះ​ មក​យក​របស់​គេ​អត់​មាន​ការងារ​គឺ​ចោរ។​ បើ​ជាប៉ូលីស​ គួរ​បង្ហាញ​គេ​ កុំ​ធ្វើ​របៀប​ហ្នឹង។​ គាត់​កុំពុង​តែ​ចែក​ឌិស្គ។​ ត្រូវ​វាយ​ខ្នោះ​ណា​លោក»។​

ក្បួន​រថយន្ត​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ក្រោយ​មក​ បាន​អនុញ្ញាត្តិ​ឲ្យ​ចាក​ចេញ​វិញ​ដោយ​គ្មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​ជា​មួយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទេ។​

លោក​ នុត រំដួល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​ មិន​មាន​គំរោង​ប្តឹង​អំពី​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ទេ។​ ក៏ប៉ុន្តែ​លោក​បាន​រិះគន់​ថា​ការ​ឃាត់ស្ទាក់​រថយន្ត​របស់​អ្នក​តំណាង​រាស្ត្រ​គឺ​ជា​ទង្វើ​ខុសច្បាប់។​

លោក​និយាយ​ថា៖​ «ឃាត់​ទាំង​អស់​ហ្នឹង​អ្នក​តំណាង​រាស្ត្រ​ដែល​គាត់​ដើរ​ចេញ។​ ខ្ញុំ​មុន​គេ​ អត់​រឿង​អ្វី​ត្រូវ​មក​ហាម​ឃាត់​ ច្បាប់​ពី​ណា​មក​ឥឡូវ​ហ្នឹង។​ សាហាវ​ជាង​ប៉ុល​ពត​ទៅ​ទៀត​ ព្រៃ​ផ្សៃ​ណាស់​ពួក​នេះ»។​

លោក​ នុត ពុធតារ៉ា​ អភិបាល​ខណ្ឌ​ដង្កោ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជាមួយ​និង​អ្នក​កាសែត​ទេ​ដោយ​លោក​គ្រាន់​តែបាន​និយាយ​ថា​លោក​ឃាត់​រថយន្ត​អ្នក​តំណាង​រាស្ត្រ​ដោយ​សារ​លោក​កំពុង​ស្វែង​រក​ជន​ដៃ​ដល់​ ដែល​បាន​វាយ​អភិបាល​រង​ម្នាក់​ឲ្យ​រង​របួស។​

លោក​ និយាយ​ថា៖​ «ខ្ញុំ​អត់​មាន​ឃាត់​ឡាន​អ្នក​តំណាង​រាស្ត្រ​ទេ។​ ឥឡូវ​កុំទាន់​អាល​សម្ភាសន៍​ខ្ញុំ​ ចាំ​ខ្ញុំ​និយាយ​ឲ្យ​ស្តាប់។​ ខ្ញុំរក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ពិធីនេះ​ បើ​ខ្ញុំ​មិន​រកគាត់​ទេ​ ខ្ញុំ​ធ្វើ​ម៉េច​រក​គាត់​ឃើញ។​ ឥឡូវ​ឃើញ​គាត់​ហើយ»។​

មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន។​ ក៏​ប៉ុន្តែ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ លោក​មិន​មែន​ជា​ជន​សង្ស័យ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហឹង្សា​នោះ​ទាល់​តែ​សោះ។​

លោក​ ផាត់ ផល្លា​ អនុប្រធាន​គណកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ក្រុង​ភ្នំពេញ​ដែល​កំពុង​ត្រូវ​ឃាត់​ខ្លួន​បាន​ប្រាប់​អ្នក​កាសែត​ថា​ អាជ្ញាធរ​គ្រាន់​តែចង់​រក​មុខ​អ្នក​ដៃដល់​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «ខាង​អភិបាល​រង​ខណ្ឌ​ គាត់​គ្រាន់​តែ​ចង់​រក​មុខ​អ្នក​ដែល​ដៃដល់។​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​អាច​និយាយ​ថា​ឥឡូវ​អ្នក​នេះ​អ្នក​នោះ​ទេ។​ អា​នេះ​វា​អាស្រ័យ​លើ​សាមី​ខ្លួន​គាត់​បើ​សិន​ណា​ជា​គាត់​គិត​ថា​អាហ្នឹង​ត្រូវ​ធ្វើ​ម៉េច​ ខ្ញុំ​រង​ចាំ​មើល​គាត់​ដែរ»។​

គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៏​នេះ​ មួយ​ថ្ងៃ​ក្រោយ​ពីបញ្ចប់​បុណ្យ​ចូលឆ្នាំ​ បាន​រៀប​ចំ​ធ្វើ​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​ស្លាប់​នៅ​វាល​ពិឃាត​បឹង​ជើង​ឯក។​

នៅ​ពេល​បញ្ចប់​ពិធីបុណ្យ​បង្សុកូល​មិន​បាន​១០​នាទី​ផង​ លោក​ ប្រាជ្ញ សីហា​ អភិបាល​រង​ខណ្ឌ​ដង្កោ​បាន​ចាប់​រិប​អូស​យក​ថាស​ DVD​ ពីគណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចែកចាយ​ដល់​ក្រុម​អ្នក​ចូល​រួម។​

លោក​ អភិបាល​រង​ខណ្ឌ​បាន​បញ្ជាក់​ថា​ការ​រិប​អូស​យក​វីស៊ីឌី​នេះ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ខុសពី​គោលការណ៍។​

លោក​និយាយ​ថា៖​ «យើង​បាន​ជជែក​គ្នា​រួច​ហើយ​ថា​អត់​ឲ្យ​ធ្វើ​ទេ។​ គាត់​ធ្វើ​ខុស​ពី​កិច្ច​សន្យា​ដែល​គាត់​បាន​ធ្វើ​នៅ​សាលា​ក្រុង​ យល់ទេ?»។​

វីស៊ីឌី​ ដែល​គណបក្ស​សង្គ្រោះជាតិ​ចែក​ផ្សាយ​មាន​ចំនួន​បួន​ប្រភេទ​ ដែល​និយាយ​អំពី​សកម្មភាព​បង្ក្រាប​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ការ​បណ្តេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ទំនួញ​កោះ​ត្រល់​ និង​ សកម្មភាព​លោក​ សម រង្ស៊ី​ វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​១៩​ ខែកក្កដា​ឆ្នាំ​២០១៣»៕
XS
SM
MD
LG