ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ទាំង​ពីរ​កំណត់​បាន​ចំណុច​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត


អ្នក​យក​ព័ត៌មាន​ចោមរោម​នៅ​មុខ​មជ្ឈមណ្ឌល​កុំព្យូទ័រ​បស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។
អ្នក​យក​ព័ត៌មាន​ចោមរោម​នៅ​មុខ​មជ្ឈមណ្ឌល​កុំព្យូទ័រ​បស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។
បន្ទាប់​ពី​បាន​ជួប​ប្រជុំ​អស់​រយៈ​ពេល​ប្រមាណ​ជាង​៤​ម៉ោងគណៈ​កម្មការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​៦រូប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ព្រម​ព្រៀង​គ្នា​ចំនួន​បី​ចំណុច​ធំៗ​ទាក់​ទិន​នឹង​ការ​សិក្សា​និង​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួមគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ថា​នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​ បញ្ជីរ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដើម្បី​ធានា​និង​ការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។​

គណបក្ស​ទាំង​ពីរ​ក៏បាន​ឯក​ភាព​គ្នា​ថា​នឹង​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ របស់​គណបក្ស​នយោបាយ​ និង​ ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផ្សេងៗ​ដែលមាន​ដូចជា៖​ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​ យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​នៃ​ការ​បោះឆ្នោត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​ មធ្យោបាយ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ជាដើម។​

លោក​ សុន ឆ័យ​ តំណាង​ក្រុម​ការងារ​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ចំណុច​ធំៗ​ចំនួន​៦ដល់​គណបក្ស​ប្រជាជន​កម្ពុជាក៏ប៉ុន្តែ​ចំណុច​ផ្សេង​ៗ​ទៀត​និង​លើក​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១០​ខែមិនា​ខាង​មុខ​នេះ។​

លោក​បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​គឺ​ពិនិត្យ​ដើម្បី​ធានា​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​កុំ​ឱ្យ​មាន​ការ​គាប​សង្កត់​ដោយ​កិច្ច​សន្យា​ពិសេស​ណាមួយ​ក៏​ដោយ​ហើយ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​គណបក្ស​នយោបាយ​មាន​លទ្ធភាព​ប្រើ​ប្រាស់​និង​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​សមធម៌​ត្រឹម​ត្រូវ។​

លោក​ស៊ុន ឆ័យ​បាន​បន្ថែម​ថា៖«​រាល់ចំណុច​កែ​ទម្រង់​រួច​ហើយ​ឃើញ​ថា​មាន​ចំណុច​កែទម្រង់​អ្វី​ខ្លះ​ហើយ​នោះ​យើង​នឹង​ចាប់​ធ្វើ​ការ​ងារ​យើង​ហើយ។​ដូច​ជា​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ធ្វើ​វេទិកា​សាធារណៈ​យ៉ាងម៉េច​ជាមួយ​គ្នា។ ​អ្នក​ណា​មុន​អ្នក​ណា​ក្រោយ​ជួប​ជាមួយ​អង្គការ​ជាតិ​និង​អន្តរជាតិ​ អង្គការ ​NGOs​ពិគ្រោះ​យោបល់​អ្វី​យ៉ាង​ម៉េច​នោះ​យើង​នឹង​ពិភាក្សា​បន្ត​បន្ទាប់​ទៀត។​

ក្រោយពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​និង​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​ ប៊ិន ឈិន តំណាង​ក្រុម​ការងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ជំទាស់​នឹង​ការ​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​ទេ។ ​ក៏​ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ការ​ព្រមព្រៀង​ណាមួយ​នៃ​គណបក្ស​ទាំង​ពីរ​តែប៉ុណ្ណោះ។​

លោក​បាន​និយាយ​ថា៖​«​ឥឡូវ​កំណែ​ទម្រង់​នេះ​គឺចុង​បំផុតទៅ​វា​ត្រូវ​តែ​កែ​នៅ​សភា​ទេ។​បើ​គ្មាន​សភា​ទេ​កែ​វា​មិន​បាន​ទេ»។​

ក្រុម​ការងារ​បច្ចេក​ទេស​មកពី​គណបក្ស​ប្រជាជន ​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​បី​នាក់​កាល​ពី​ថ្ងៃ​ទី​១៨​ខែកុម្ភៈ​បាន​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដោយ​មាន​សមាស​ភាព​ស្មើគ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ ដើម្បី​សិក្សា ​និង​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ នាពេល​ខាង​មុខ។​ ​

សេច​ក្តី​ថ្លែង​ការណ៍​រួមគ្នា​របស់​កិច្ច​ប្រជុំ​នៃ​ក្រុម​ការ​ងារ​គណបក្ស​ ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ថ្ងៃ​ទី១៨ខែកុម្ភៈ​ បាន​ឲ្យដឹង​ថា​ ដើម្បី​រៀប​ចំ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​នេះ​ គណៈ​កម្មការ​ចម្រុះ​ត្រូវ​រៀប​ចំ​ឲ្យមាន​សិក្ខា​សាលាថ្នាក់​ជាតិ​មួយ​ ដើម្បី​បើក​ទូលាយ​ឲ្យមាន​ការ​ចូល​រួម​យោបល់​ និង​អនុសាសន៍​នានា​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ រួមទាំង​ដៃ​គូអភិវឌ្ឍន៍ គណបក្ស​នយោបាយ​ ដែល​បាន​ចុះ​បញ្ជី​ សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​លើ​ការ​បោះ​ឆ្នោត​ ព្រម​ទាំង​តួអង្គ​ពាក់​ព័ន្ធ។​

ដំណើរ​ការ​នៃ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បង្ក​លក្ខណៈ​ឲ្យមាន​ការគាំទ្រ​បច្ចេក​ទេស​ ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​ជាតិ ​និង​អន្តរជាតិ​នានា៕
XS
SM
MD
LG