នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី គ្រោងនឹងធ្វើសមាជគណបក្សដែលគេរំពឹងថា នឹងមានអ្នកគាំទ្រចូលរួមប្រមាណជាង១ម៉ឺននាក់។
ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្មណ៍របស់គណបក្សសង្គ្រោះជាតិគឺការស្វែងរកទីតាំងដើម្បីធ្វើសមាជគណបក្ស ក្រោយពីសាលាក្រុងភ្នំពេញបានបដិសេធមិនផ្តល់ទីកន្លែងមុខវត្តបុទុមវតីដើម្បីប្រារព្ធពិធី ដោយបានលើកហេតុផលសន្តិសុខនិងប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ។
លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការរៀបចំសមាជគណបក្សសង្រ្គោះជាតិបាននិយាយថា យ៉ាងតិចមានទីតាំងចំនួនបួនកន្លែងផ្សេងទៀតនៅជាយក្រុងភ្នំពេញត្រូវបានអាជ្ញាធរមូលដ្ឋានទៅគំរាមកំហែងម្ចាស់ដីមិនឲ្យជួលឲ្យគណបក្សសង្គ្រោះជាតិរៀបចំសមាជ។
លោកបាននិយាយថា មានទីតាំងខ្លះម្ចាស់ដីបានព្រមព្រៀងជួលរួចហើយតែក្រោយមកបានលុបចោលមកវិញ ដោយសារម្ចាស់ដីខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ។ លោកមានប្រសាសន៍ថា នៅទីបំផុតលោកបានរកទីតាំងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខបួនចម្ងាយប្រមាណជិត២០គីឡូម៉ែត្រពីជាយទីក្រុងភ្នំពេញដើម្បីធ្វើសមាជគណបក្ស។ ក៏ប៉ុន្តែម្ចាស់ដីចុងក្រោយនេះត្រូវបានអាជ្ញាធរមកគំរាមកំហែងមិនឲ្យជួលដីឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជ និងបានទាមទារកិច្ចសន្យាពីម្ចាស់ដី។
«អាហ្នឹងជារូបភាពមួយមិនល្អ ហើយអ្វីដែលអាជ្ញាធរធ្វើបែបហ្នឹងគឺផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគ្រប់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យជួយសម្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពរបស់ខ្លួន ទាំងសកម្មភាពលើកស្លាកសញ្ញារបស់គណបក្សដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា ក្រសួងមហាផ្ទៃគ្មានគោលការណ៍ណែនាំឲ្យអាជ្ញាធរមូលដ្ឋានទៅគំរាមកំហែងម្ចាស់ដីមិនឲ្យជួលទៅឲ្យគណបក្សនយោបាយធ្វើសកម្មភាពរបស់ខ្លួននោះទេ។
លោកបាននិយាយថា មានតែម្ចាស់ដីនោះជាសមាជិករបស់គណបក្សគ្រប់គ្រងអំណាច ដែលមិនចូលចិត្តគណបក្សប្រឆាំង ទើបមិនជួលដីឲ្យរៀបចំសមាជ។
«មិនមានគោលការណ៍ទេ។ អាស្រ័យទៅលើម្ចាស់កម្មសិទ្ធិលោកសម្រេចទៅបាទ។ គ្រប់គណបក្ស មិនត្រឹមតែគណបក្សសង្គ្រោះជាតិទេ គណបក្សណានិងសូម្បីតែគណបក្សប្រជាជនក៏ត្រូវការជួលម្ចាស់ទីតាំងដែរ»។
គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំសមាជមួយនៅថ្ងៃអាទិត្យខាងមុខនេះដើម្បីស្នើសុំសំឡេងគាំទ្របោះឆ្នោតឲ្យលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ធ្វើជាប្រធានគណបក្ស និងជាបេក្ខភាពនាយករដ្ឋមន្ត្រីហើយលោកកឹម សុខា ជាអនុប្រធានគណបក្ស និងជាបេក្ខភាពប្រធានរដ្ឋសភាប្រសិនណាបើគណបក្សនេះឈ្នះឆ្នោត។
គណបក្សសង្គ្រោះជាតិមិនមានអគ្គលេខាធិការគណបក្សទេ ក៏ប៉ុន្តែមានអគ្គនាយកដ្ឋានបីសម្រាប់ប្រតិបត្តិគណបក្សគឺមានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសារធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ។ គណបក្សសង្គ្រោះជាតិមានក្រុមប្រឹក្សាជាតិគណបក្ស ព្រមទាំងប្រធានគណៈកម្មាធិការបីគឺប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការវិនិច្ឆ័យនិងគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស៕