ដោយ វីអូអេ
វ៉ាស៊ីនតោន៖ ប្រធានគណបក្សសង្រ្គោះជាតិគឺលោក សម រង្ស៊ីបានចេញសារមួយដល់មន្ត្រីរាជការ នគរបាលនិងទាហានទាំងអស់នៅថ្ងៃអង្គារដោយរិះគន់រដ្ឋាភិបាលកម្ពុជាថាមិនបានគិតគូដល់ជីវភាពរបស់ពួកគេដែលបណ្តាលឱ្យពួកគេត្រូវងាកទៅរកថៅកែរកស៊ីដើម្បីបានលាភសក្ការៈ។
នៅក្នុងសារមួយដែលវីអូអេទទួលបានលោក សម រង្ស៊ីបានបញ្ជាក់ថា៖
«ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបខ្ញុំមានសេចក្តីខ្មាសអៀនយ៉ាងខ្លាំងដោយឃើញមន្ត្រីរាជការ នគរបាល និងទាហានខ្មែរមួយចំនួនធំទៅសុំទានថៅកែឯកជនដើម្បីរស់»។
សាររបស់លោកសម រង្ស៊ីបានចេញបន្ទាប់ពីមានមន្ត្រីនរគបាលនិងកងរាជអាវុធហត្ថរាប់រយនាក់បានឈរតម្រៀបជួរគ្នាដើម្បីទទួលការដូជាស្រោមសំបុត្រពីលោកស្រី ជឹង សុភាពក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងមកនេះ។ លោកស្រីជឹងសុភាពជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់ដែលបានបណ្តេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅដ្ឋានក្នុងក្រុងភ្នំពេញ។
លោកសម រង្ស៊ីបានបន្ថែមទៀតថា៖
«ខ្ញុំមិនបន្ទោសទៅលើបងប្អូនទេ តែខ្ញុំបន្ទោសទៅលើរដ្ឋាភិបាលបច្ចុប្បន្នដែលមិនបានយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវចំពោះអ្វីដែលបងប្អូនគួរតែទទួលបានជាប្រាក់បៀវត្សរ៍សមរម្យ»។
នៅមិនទាន់មានប្រតិកម្មតបពីរដ្ឋាភិបាលកម្ពុជានៅឡើយទេចំពោះការរិះគន់នេះប៉ុន្តែជារឿយៗគណបក្សសង្រ្គោះជាតិរបស់លោកសម រង្ស៊ីតែងលើកគោលនយោបាយថាបើខ្លួនទទួលបានជ័យជម្នះដឹកនាំរដ្ឋាភិបាលក្រោយពីការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះខ្លួននឹងដំឡើងប្រាក់ខែមន្ត្រីរាជការរហូតដល់មួយលានរៀលក្នុងមួយខែ៕