ភ្នំពេញ៖ រយៈពេល៩ឆ្នាំបន្ទាប់ពីឃាតករពិតប្រាកដដែលបានបាញ់សម្លាប់លោកជា វិជ្ជាមិនទាន់ត្រូវបានរកឃើញនិងយកមកជំនុំជម្រះទោស។ លោកជា មុន្នីបានបន្តធ្វើការបរិហាររិះគន់ធ្ងន់ៗលើប្រព័ន្ធតុលាការថា មិនមានភាពឯករាជ្យ ពុករលួយនិងឋិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច។
«បុគ្គលដែលតំណាងឲ្យតុលាការស្រុកខ្មែរគឺក្រុមថោក ក្រុមថោកទាប ដែលគេរងទុកដោយសារតុលាការនោះឯង»។
ប្រសាសន៍ជាសារធារណៈរបស់លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារិះគន់ប្រព័ន្ធតុលាការនេះត្រូវគេបានមើលឃើញថា លោកបានធ្វើឡើងលើកដំបូងហើយ ក្រោយពីលោកបន្ថយការរិះគន់អស់រយៈពេលដ៏យូរ។
ប្រសាសន៍ជាសារធារណៈរបស់លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារិះគន់ប្រព័ន្ធតុលាការនេះត្រូវគេបានមើលឃើញថា លោកបានធ្វើឡើងលើកដំបូងហើយ ក្រោយពីលោកបន្ថយការរិះគន់អស់រយៈពេលដ៏យូរ។
លោកជា មុន្នីបានលើកឡើងដោយប្រើសំដីធ្ងន់ៗថា អ្នកដែលរងគ្រោះដោយសារអំពើអយុត្តិធម៌ដោយសារតែបុគ្គលតុលាការមួយចំនួន រួមមានលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង លោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំ អ្នកស្រីយ៉ោម បុប្ជា សកម្មជនទាមទារដីធ្លីនៅតំបន់បឹងកក់ ការបាញ់សម្លាប់លោកជួរ ជេតដ្ឋារិទ្ឋ ព្រះតេជគុណសំ ប៊ុនធឿន និងការបាញ់សម្លាប់លោកជា វិជ្ជា។
លោកបាននិយាយថា រយៈពេល៩ឆ្នាំហើយក្រោយពីបានបាញ់សម្លាប់លោកជា វិជ្ជា ឃាតករពិតប្រាដមិនទាន់ត្រូវបានរកឃើញនិងនាំយកមកជំនុំជម្រះនៅឡើយទេ។ លោកនិយាយថា នៅពេលខាងមុខនេះ លោកនឹងដកពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីសម្លាប់បងប្រុសរបស់លោកដោយសារតែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
«អញ្ចឹងសម្រាប់យើងថ្ងៃនេះ យើងសូមឧទ្ទិសកុសលដល់លោកជា វិជ្ជាថា យើងដកបណ្តឹងហើយ។ យើងឲ្យមេធាវីដកពាក្យបណ្តឹងហើយ។ យើងគ្មានជឿបន្តិចសោះទៅលើប្រព័ន្ធតុលាការនេះ។ រងចាំពេលណាដែលតុលាការឯករាជ្យបានយើងដាក់ពាក្យប្តឹងបន្តទៅទៀត»។
ការលើកឡើងរបស់លោកជា មុន្នីបានធ្វើឡើងនៅកន្លែងក្បែររបងវត្តល័ង្កាជាទីកន្លែងនៃការបាញ់សម្លាប់លោកជា វិជ្ជា។
សហជីពសេរីកម្មករបានដើរហែក្បួនចេញពីទីស្នាក់ការរបស់ខ្លួនមកដាក់កម្រងផ្កាដើម្បីរំឭកខួប៩ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជា។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បាននិយាយថា លោកនៅតែមានការសោកស្តាយដោយសារឃាតករពិតប្រាកដនៅរកមិនទាន់ឃើញ ដែលជាការជះឥទ្ធិពលអយុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលគួរតែស្វែងរកឃាតករពិតប្រាកដយកមកផ្តន្ទាទោសដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
«បញ្ហានៃការបាញ់សម្លាប់លោកជា វិជ្ជាគឺជាបញ្ហាដែលស្មុគស្មាញបំផុត។ យើងសុំឲ្យអាជ្ញាធរក៏ដូចជាតុលាការហ្នឹងកោះហៅអ្នកដែលពាក់ព័ន្ធទាំងអស់ ដូចជាលោកហេងពៅ និងមន្ត្រីប៉ូលិសមួយចំនួនទៀតយកមកធ្វើការសាកសួរឡើងវិញថា តើនរណាជាឃាតករពិតប្រាកដនៅក្នុងការបាញ់សម្លាប់លោកជា វិជ្ជានេះ»។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤នៅជិតតូបលក់កាសែតមួយក្បែរវត្តល័ង្កា។
កាលពីចុងខែធ្នូ លោកប៊ន សំណាងនិងលោកសុខ សំអឿន ដែលត្រូវបានក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ជាឃាតករសិប្បនិមិ្មត ត្រូវបានសាលាឧទ្ធរណ៍ប្រកាសផ្តន្ទាទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំក្រោមការចោទប្រកាន់ថា ពួកគេបានធ្វើឃាតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញគឺលោកជា វិជ្ជា។
សាលក្រមនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បើកសវនាការកាលពីខែមុនលើសំណុំរឿងប៊ន សំណាងនិងសុខ សំអឿនតាមដីការបង្គាប់របស់តុលាការកំពូល។
មេធាវីការពារក្តីជនជាប់ចោទទាំងពីរបានប្តឹងទាស់ទៅកាន់តុលាការកំពូលចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ហើយគេរំពឹងថា តុលាការកំពូលនឹងពិនិត្យសំណុំរឿងនេះឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕