ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​ការពារ​នយោបាយ​ដីធ្លី​របស់ខ្លួន​


លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​
លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​
វ៉ាស៊ីនតោន៖ មេដឹកនាំ​នយោបាយ​កម្ពុជា​ការពារ​នយោបាយ​ដីធ្លី​របស់ខ្លួន​ មុនពេល​បោះឆ្នោត ​ជា​សាកល​ឈាន​មកដល់​ ជាពិសេស​ការការពារ​កម្មសិទ្ធិ​ដីធ្លី​និង​ការ​យកពន្ធ​ដីធ្លី​ ពីអ្នក​ស្រុក។​

សុខ ខេមរា​នៃវីអូអេ​រាយ​ការណ៍​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រកាស​ពីការ​មិន​យក​ពន្ធដី​ពី​កសិករ​ដូច​គណបក្ស​ជំទាស់​ដែរ។​ តែ​គណបក្ស​ជំទាស់​វិញ​បាន​អះអាង​ថា​ ពួកគេ​មាន​គោល​នយោបាយ​យក​ពន្ធដី​ពី​ឈ្មួញ​ធំៗ។​

ក្រុម​មេដឹកនាំ​នយោបាយ​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​នយោបាយ​ ដីធ្លី​របស់ពួក​គេ​ដើម្បី​ទាក់ទាញ​សម្លេងគាំទ្រ​ពីប្រជា​ពលរដ្ឋ​ មុន​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ជាសាកល​ឆ្នាំ២០១៣​ឈានមកដល់។​

គណបក្ស​ជំទាស់ ដែល​មាន​គណបក្ស​សម រង្ស៉ី​និង​គណបក្ស​សិទ្ធិមនុស្ស​ ដែល​ប្រកាស​បញ្ចូល​គ្នា​ ទៅជា​គណបក្ស​តែមួយ​ ហើយ​ដាក់​ឈ្មោះ​ថា ​គណបក្ស​សង្គ្រោះជាតិ​ បាន​ ប្រកាស​ថា​ ពួកគេ​គ្មាន​គោល​នយោបាយ​យក​ពន្ធដី​កសិករ​ទេ​ តែ​យក​ពន្ធដី​ពី ​នាយ​ទុន​ធំៗ​ដើម្បី​កែ​សម្រួល​សេដ្ឋកិច្ច​ប្រទេស​ ជីវភាព​រស់នៅ​ប្រជាពល​រដ្ឋ​និង​ ដំឡើង​ប្រាក់​ខែ​មន្ត្រីរាជការ​ ហើយនឹង​ផ្តល់​ថវិកា​ជូន​មនុស្សចាស់​៤ម៉ឺន​រៀល​ ក្នុង​មួយ​ខែៗ។​

ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីប្រទេស​បារាំង​ លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ បានអះអាង​ថា៖​

«យើង​ធ្វើនេះ​យើង​ដាច់​ខាត​គឺយើង​អត់ឲ្យ​ប៉ះពាល់​ដល់​អ្នកក្រី​ក្រទេ​ គឺយើង​មាន​ តែ​ជួយ​អ្នកក្រីក្រ​ដើម្បី​ការពារ​នូវកម្ម​សិទ្ធិ​ដីធ្លី​ជូន​ដល់​កសិករ​ មិនត្រឹមតែ​យើង ​មិន​យក​ពន្ធទេ​ យើង​ការពារ​កម្មសិទ្ធិ​ដីធ្លី​ជូន​កសិករ​ទៀត»។​

លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី​មណ្ឌលសៀមរាប​ បាន​ អះអាង​ថា ​គណបក្ស​ជំទាស់​គ្មាន​គោល​នយោបាយ​យកពន្ធដី​ពីប្រជា​កសិករ​ទេ​ តែគួរ​ត្រូវ​យក​ពន្ធដីធ្លី​ដែល​រដ្ឋ​បានជួល​៩៩ឆ្នាំ​ដល់​ក្រុមហ៊ុន​បរទេស ​និង​ដីធ្លីសម្ប ទាន​របស់​នាយ​ទុនធំៗ​ផ្សេងៗ​ទៀត​តែ​ប៉ុណ្ណោះ។​

«បើ​យើង​ថា​ជួល​៩៩ឆ្នាំ​ យើង​សុំឲ្យ​ជួល​យ៉ាងតិច​ណាស់​៧០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​ដីមួយ​ហិកតា។​ យើងសុំ​ឲ្យរដ្ឋាភិបាល​ធ្វើឲ្យ​បាន​ឆាប់ ​ព្រោះ​មិនអាច​បណ្តោយ​ឲ្យ​ឈ្មួញ​ដែល​បាន​ដី​ដ៏ច្រើន​លាន​ហិកតា​កាប់​បំផ្លាញ​ព្រៃឈើ​ហើយ​យកដី​ទៅ​លក់​បន្តរាប់រយ​លាន​ដុល្លារ ​ចាយវាយ​យ៉ាង​សប្បាយ​ហើយ​ជាតិខ្មែរ​អត់ទទួល​បាន​កម្រៃ​មួយរៀល​ពីការ​ឲ្យ​ដីគេ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ»។​

លោក ​សុន ឆ័យ​អះអាង​ថា​ បញ្ហា​ដីធ្លី​ជា​រឿង​ឈឺចាប់​ តែ​លោក​ថ្លែងថា​ពលរដ្ឋ​កម្ពុជា​បាន​ដឹង​ឮ​ជាទូទៅ​ដែល​ជា​ហេតុនាំ​ឲ្យ​គណបក្ស​ប្រជាជន​ចាប់​ផ្តើម​បារម្ភ។
«ដូច្នេះ​រដ្ឋាភិបាល​ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ ភ័យណាស់​ មិន​មែន​រឿង​តូចទេ។​ ដូច្នេះ​បាន​ជា​គាត់ចាប់​ឃោសនា​បណ្តើរៗ​ ហើយ​ ដើម្បី​បំផ្លែង​ការណ៍​ពិត ​ផ្ទុយពីអ្វី​ដែលយើង​បាន​បញ្ជាក់»។​

ក្រុមអ្នក​តំណាងរាស្ត្រ​គណបក្សជំទាស់​មកពី​គណបក្ស​សិទ្ធិមនុស្ស​ និង​ គណបក្ស ​សម រង្ស៉ី​ ដឹកនាំ​ដោយលោក​សុន ឆ័យ​ កាលពី​ខែធ្នូ​បាន​ព្យាយាម​រក​ការ​សើរើ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ ក្រោយពេល​ដែល​ពួកគេ​មើល​ឃើញ​ថា ​កម្ពុជា​នៅតែ​ពឹង​ប្រាក់​បំណុល​បរទេស​ប្រមាណ​មួយ​ពាន់លាន​ដុល្លារ​ដើម្បីចាយ​វាយ​ជារៀង​រាល់ឆ្នាំ ​ហើយទុក​ឲ្យពល​រដ្ឋខ្មែរ​ជំនាន់ក្រោយ​ជាអ្នកសង។ ​

គណបក្ស​ជំទាស់ចាត់​ទុក​ថា​ ពួកគេ​មាន​គន្លឹះ​ដែល​អាច​ជួយឲ្យ​ប្រទេស​កម្ពុជា​កាត់បន្ថយ​ការ​ជំពាក់​ឬ​ខ្ចី​បុល​បរទេស​បាន។​

បញ្ហា​ទាំងអស់​នោះ​គឺការ​យកពន្ធ​លើដី​ធំៗ​ដែល​រដ្ឋាភិបាល​ផ្តល់ដី​សម្បទាន​ដល់ក្រុម​ហ៊ុន​បរទេស​និង​នាយទុន​ក្នុងស្រុក ​ហើយនឹង​ការ​ប្រមូល​ពន្ធ​ពីកាស៊ីណូ​ក្នុង​ប្រទេស​ដែល​មាន​ចំនួន​៥០​ និងការ​ប្រមូលពន្ធ​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាដើម ​ដែល​ទាំងនេះ​ជាបញ្ហា​គន្លឹះ​សំខាន់ ​ដែល​គណបក្ស​ជំទាស់​ចាត់ទុក​ថា​ អាចជួយ​ដល់​មន្ត្រី​រាជការ​មាន​ប្រាក់ខែ​ខ្ពស់ និង​ជួយ​ដល់​មនុស្សចាស់​ដែល​មាន​អាយុលើស​៦៥​ឆ្នាំ ​បាន​ទទួល​ប្រាក់ខែ​៤ម៉ឺន រៀល​ទៀត​ផង។​ តែមន្ត្រី​គណបក្ស​កាន់​អំណាច​បាន​បដិសេធ​ មិន​ទទួល​យក​សំណើ​ទាំងនោះទេ​ ដោយសារថា​ សេចក្តីព្រាង​នីតិកម្ម​របស់​គណបក្ស​ជំទាស់​ផ្ញើរ​មក​សភា​យឺត​ពេល។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​កាលពីថ្ងៃ​ទី៣០​ខែធ្នូ ​បាន​អះអាង​ថា​ ការ​បន្ត​ផ្តល់​បណ្ណកម្ម​សិទ្ធ​ដល់​ពលរដ្ឋ​ មិន​យក​ពន្ធដី​ប្រជាពល​រដ្ឋ​គឺជា​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។​ លោក​ថ្លែង​ថា ​មិនត្រឹមតែ​ប៉ុណ្ណឹង​ទេ​គឺគណបក្ស​របស់​លោក​ត្រូវជួយ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ទៀត​ ហើយ​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ផង​ដែរ។​

«ហើយ​ខ្ញុំ​បាន​ប្រកាស​ហើយ​ ដរាប​ណា​នៅមាន​ខ្ញុំ​ ហ៊ុន សែន ​ដរាបណានៅ​មាន​គណបក្ស​ប្រជាជន​ ពន្ធដី​មិនត្រូវ​បាន​យកពី​ប្រជាពល​រដ្ឋ​ទេ»។​

លោក​ហ៊ុន​ សែន​អះអាង​ថា ​ចាប់ពីឆ្នាំ​១៩៧៩​មកដល់​បច្ចុប្បន្ននេះ​គឺ​គណបក្ស​របស់​លោក​មិន​យកពន្ធ​ដីទេ​ ដោយលោក​ថ្លែង​ថា ​នោះ​ដូច​ជា​ការ​ផ្តល់​លុយ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រយោល។​

«គណបក្ស​នេះ​គ្មាន​នយោបាយ​ផ្តល់​លុយជូន​ប្រជាជន​ដោយ​ផ្ទាល់​ទេ។​ គណបក្ស​នេះ​គឺមាន​នយោបាយ​មិនយក​ពន្ធដី ​ចាត់ទុក​ថា ​ដូច​បាន​ផ្តល់​លុយ​ឲ្យ​កសិករ​រួច​ស្រេច​ទៅ​ហើយ​ ៣៤​ឆ្នាំ​ទៅ​ហើយ»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ ថ្ងៃទី​២៨​ ខែ​កក្កដាឆ្នាំ​២០១៣​ខាងមុខ។បញ្ហា​ដីធ្លី​ ដែល​កើត​ឡើង​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដែល​អ្នក​នយោបាយ​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ក្នុងការ​ដោះស្រាយ ​ ក្នុង​ការ​ជួយ​រកយុត្តិធម៌​ជូន​ជន​រងគ្រោះ ​ជាពលរដ្ឋ​ និង​ជា​ម្ចាស់​សន្លឹក​ឆ្នោត។​

លោក​បណ្ឌិត ​សុខ ទូច ​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​បាន​ថ្លែង​ថា​ ការ​យក​ពន្ធដី​ជាការ​ចាំបាច់។ ​ការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ហូរ​ចេញ​កម្លាំង​ពលកម្ម​ទៅ​ក្រៅប្រទេសជាការ​ធ្វើឲ្យ​ដីដែល​នៅ​ទំនេរ​ធំៗ​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​ការ​ដាំដុះ​ និង​មាន​ការងារ​ធ្វើផង​ដែរ។
«ពន្ធ​កាលណា​យកពន្ធ​ ខ្ញុំជឿ​ជាក់​ថា ​កសិករ​មិន​មាន​ដីច្រើន​ទេ។​ អ្នកដែល​មាន​ដី​ច្រើន​គឺអ្នក​ដែល​មាន​អំណាច​និងអ្នក​ដែល​មាន​ដីរាប់រយ​ហិកតា​រាប់ពាន់​ហិកតា​ អ្នក​ហ្នុង​ហើយ​ដែល​ប៉ះពាល់។​ អញ្ចឹង​កាលណា​យក​ពន្ធដី​ធ្វើ​ឲ្យ​ដី​មិន​អសកម្ម»។​
តែលោកសុខ ទូច​បាន​បន្ថែម​សេចក្តី​ថា ​ប្រសិន​បើ​មេដឹកនាំ​នយោបាយ​ សម្រេច​មិន​យក​ពន្ធ​ដី​វិញ​ នោះ​ជា​ឆន្ទះ​របស់អ្នក​នយោបាយ​ដែល​ចង់​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ៕
XS
SM
MD
LG