ភ្នំពេញ៖ តុលាការខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានចេញដីការឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យ៦នាក់ពីប្លន់លុយធនាគារអេស៊ីលីដាចំនួនជាង៥ម៉ឺនដុលា្លរសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
លោកអ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម បាននិយាយនៅថ្ងៃច័ន្ទនេះថា មានជនសង្ស័យចំនួន៥នាក់ត្រូវចោទប្រកាន់ពីបទលួច ដោយមានស្ថានទម្ងន់ទោស។ ចំណែកលោកស៊ឹម គឹមថាន ដែលសង្ស័យថា ជាមេគំនិតក្នុងអំពើប្លន់លុយពីធនាគារ ត្រូវចោទប្រកាន់នូវបទល្មើសចំនួនបីផ្សេងគ្នា គឺរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និងអំពើលួច ព្រមទាំងផ្សំគំនិតដោយមានអំពើហិង្សា។
លោកបានបញ្ជាក់ថា ប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុសជនសង្ស័យទាំង៦នាក់នឹងប្រឈមមុខជាប់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំតាមមាត្រាទី៣៥៣ មាត្រា៣៥៧ និងមាត្រាទី២៩នៃក្រមព្រហ្មទណ្ឌថ្មី។
«តុលាការសួរ ហើយបានសម្រេចឃុំខ្លួនហើយ។ ព្រះរាជអាជ្ញាចោទ៣បទ៖លួចដោយមានហិង្សាផង ហើយចូលរួមក្រុមប្រដាប់អាវុធ ហើយផ្សំគំនិត»។
កាលពីសប្តាហ៍មុន អាជ្ញាធរប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលភាគច្រើនជាបុគ្គលិកធនាគារអេស៊ីលីដា ពីបទជាប់ពាក់ព័ន្ធនឹងអំពើប្លន់លុយពីធនាគាររបស់ខ្លួននៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ដំបូងឡើយ ក្រុមសមត្ថកិច្ចបានអះអាងជំហ៊ានដំបូងថា ជាសកម្មភាពចាប់ជំរិតទារប្រាក់ ក៏ប៉ុន្តែក្រោយពីបានចាប់ជនសង្ស័យជាបន្តបន្ទាប់ ទើបសមត្ថកិច្ចអះអាងថា ក្នុងចំណោមជនរងគ្រោះដែលបានចាប់ជាចំណាប់ខ្មាំងគឺលោកស៊ឹម គឹមថាន អតីតប្រធានផ្នែកបេឡាធនាគារគឺជាមេខ្លោងក្នុងសកម្មភាពប្លន់លុយពីធនាគារ។
មន្ត្រីសមត្ថកិច្ចបាននិយាយថា មូលហេតុដែលបណ្តាលឲ្យស៊ឹម គឹមថានរៀបចំគម្រោងប្លន់លុយពីធនាគារគឺបណ្តាលមកពីជំពាក់លុយពីធនាគារជាង២ម៉ឺនដុល្លារ សាងសង់ផ្ទះថ្មី រកស៊ីខាត និងភរិយាជាអ្នកលេងតុងទីន។
តុលាការក៏បានចេញដីការបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលត្រូវជាប្អូនបង្កើតរបស់ស៊ឹម គឹមថាន ដែលបានរត់គេច និងបាននាំយកនូវទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារសហរដ្ឋអាមរិកទៅជាមួយ ព្រមទាំងជនសង្ស័យម្នាក់ផ្សេងទៀត ដែលបានផ្តល់អាវុធខ្លីឲ្យធ្វើសកម្មភាព។
លោកព្រំ វិសុទ្ធ អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិនីតិកម្មនៃស្នាក់ការកណ្តាលធនាគារអេស៊ីលីដាប្រចាំក្រុងភ្នំពេញ បាននិយាយថា មេធាវីរបស់ធនាគារបានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ចាមប្រឆាំងអតីតបុគ្គលិករបស់ខ្លួន និងទាមទារសំណងចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
«មូលហេតុដែលយើងប្តឹង៖ ទីមួយគាត់លែងជាបុគ្គលិករបស់យើងហើយ។គាត់ក៏ក្លាយទៅជាជនល្មើស។ គាត់បានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់យើង ហើយយើងត្រូវទាមទារឡើងវិញ។ ហើយមួយទៀត គាត់ធ្វើឲ្យធានាគាររបស់យើងប៉ះពាល់កេរ្តិ៍ឈ្មោះ។ បាទ អញ្ចឹងយើងទាមទារជំងឺចិត្ត»។
ធនាគារអេស៊ីលីដាជាគ្រឹស្ថានហិរញ្ញវត្ថុឯកជនមួយដែលបានចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ធនាគារនេះមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជាតាមរយៈសេវាខ្ចីប្រាក់សម្រាប់វិនិយោគខ្នាតតូច និងមធ្យម និងសេវាផ្ញើរបា្រក់ពីក្រៅប្រទេស និងពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្ត និងពីខេត្តមកទីក្រុងភ្នំពេញ។
មន្ត្រីធនាគារបាននិយាយថា នេះជាលើកទីមួយហើយដែលមានបុគ្គលិករបស់ខ្លួនធ្វើសកម្មភាពប្លន់ប្រាក់ពីធនាគារដែលខ្លួនកំពុងធ្វើការ៕