ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ខួប​៤ឆ្នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម សុខា ​ប្រកាស​ក្តី​សង្ឃឹមអំពី​ការ​ផ្លាស់​ប្តូរ


លោក​ ប៉ុល ហំម​ ឥស្សរជន​កំពូល​ទីបី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​អំពី​ប្រវត្តិនៃ​ការ បង្កើត​គណបក្ស​ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។​ (ហ៊ុល​ រស្មី/VOA)
លោក​ ប៉ុល ហំម​ ឥស្សរជន​កំពូល​ទីបី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​អំពី​ប្រវត្តិនៃ​ការ បង្កើត​គណបក្ស​ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។​ (ហ៊ុល​ រស្មី/VOA)

លោក កឹម សុខា ​ថ្លែង​ថា​ ទោះបី​មាន​ការ​រុកកួន​ខ្លាំង​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្តី​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នានា​ ដែល​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​នេះ​ មក​ធ្វើ​ជា​ការ​ផ្សះផ្សា​ជាតិ​ ដើម្បី​បញ្ចប់​វិវាទ​ខ្មែរ​ និង​ខ្មែរ។​

លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៨ ខែ​កក្កដា​នេះ​ បាន​បន្ត​ប្រកាស​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​មន្ត្រី​ និង​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​គេ​ដឹង​ថា​ ​កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ខាង​ផ្លូវ​ច្បាប់​ ពាក់​ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​នានា​ រាប់​ទាំង​រឿង​ហិង្សា​ បញ្ហា​ព្រំដែន​ និង​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ដែល​មាន​ការ​សង្ស័យ​នោះ។

ការ​ថ្លែង​របស់​លោក​អំពី​ការ​ផ្លាស់​ប្តូរ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​បួន​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​ ដែល​រៀបចំឡើង​នៅ​ទី​ស្នាក់​កណ្តាល​គណបក្ស​នេះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។​

លោក កឹម​ សុខា​ ដែល​កាល​ពី​សប្តាហ៍​មុន​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រមាណ​ជាង​៣០០​នាក់​ថា​ ឆ្នាំ​២០១៦​នេះ​គឺ​ជា​ឆ្នាំ​ ដែល​គណបក្ស​ប្រឆាំង​រង​ការ​វាយ​ប្រហារ​ច្រើន​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស។​

នៅ​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ប្តេជ្ញា​ធ្វើការ​ផ្សះផ្សាជាតិ​ឲ្យ​បាន​ មុន​ការ​បោះ​ឆ្នោត នាឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃច័ន្ទ​ ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៦។ (ហ៊ុល រស្មី​/VOA)
នៅ​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ប្តេជ្ញា​ធ្វើការ​ផ្សះផ្សាជាតិ​ឲ្យ​បាន​ មុន​ការ​បោះ​ឆ្នោត នាឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃច័ន្ទ​ ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៦។ (ហ៊ុល រស្មី​/VOA)

លោក​ថ្លែង​ថា​ ទោះបី​មាន​ការ​រុកកួន​ខ្លាំង​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្តី​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នានា​ ដែល​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​នេះ​ មក​ធ្វើ​ជា​ការ​ផ្សះផ្សា​ជាតិ​ ដើម្បី​បញ្ចប់​វិវាទ​ខ្មែរ​ និង​ខ្មែរ។​

«យើង​ត្រូវ​តែ​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​របស់​យើង​នេះ​ឲ្យ​ទៅ​ជា​គុណធម៌​ ឲ្យ​ទៅ​ជា​អ្វីមួយ​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ជាតិ​យើង​ និង​ប្រជា​ពលរដ្ឋ​យើង​បាន​ទទួល​សុខដុមរមនា​ទាំង​អស់​គ្នា»។​

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាគូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​សម រង្ស៊ី​ របស់​លោក ​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។ នេះ​បើ​យោង​ទៅ​តាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក​ ប៉ុល ហំម​ ឥស្សរជន​កំពូល​ទីបី​នៃ​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រឆាំង​នេះ។​

ថ្លែង​នៅ​ក្នុង​ពិធី​រំឭកខួប​នៃ​ការ​បង្កើត​គណបក្ស​នេះ​ លោក កឹម សុខា ​បាន​បន្តប្រាប់​ក្រុម​អ្នក​គំាទ្រ​គណបក្ស​ប្រឆាំង​របស់​លោកថា​ វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ ដោយ​ហេតុ​ថា​ ​វិបត្តិនេះ​បាន​រាលដាល​ពី​គណបក្ស​នយោបាយ​ទៅ​ដល់​ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​នៃ​ប្រជារាស្ត្រ​ខ្មែរ​ ជាពិសេស​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។​

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ប្រទេស​កម្ពុជា​ពុំ​បាន​ជួប​វិបត្តិ​នយោបាយ​ដូច​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​ថា​ គណបក្ស​កាន់​អំណាច​ក៏​មិន​បាន​ធ្វើការ​គាប​សង្កត់​គណបក្ស​ប្រឆាំង​នោះ​ដែរ។​

«អញ្ចឹង​ការ​លើក​ឡើង​របស់​គាត់​ថា​ សភាព​ការណ៍​នយោបាយ​ក្តៅ​គគុក​ ឬ​មួយ​ក៏​មាន​ការ​គាប​សង្កត់​ពី​គណបក្ស​កាន់​អំណាច​នេះ​ ខ្ញុំ​យល់​ថា​ អានេះ​មិន​មែន​ជា​ការណ៍​ពិត​ត្រឹមត្រូវ​តាម​គាត់​ថា​ ទេ»។​

លោក​ សុខ ឥសាន ​បន្ថែម​ថា​ ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ​ នឹង​មិន​បង្ក​ភាព​រអាក់​រអួល​ដល់​ដំណើរ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​បាន​ផ្តើម​ពី​ខែ​កក្កដា​នេះ​ទៅរហូត​ដល់​ការ​បោះឆ្នោត​មក​ដល់​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ​នេះ​ទេ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ កឹម សុខា​ អះអាង​ថា​ គណបក្ស​ប្រឆាំង​ចង់​ឃើញ​នូវ​ការ​សម្រប​សម្រួល​ផ្លូវ​នយោបាយ​សម្រាប់​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​នៃ​ស្ថាន​ការណ៍​នយោយបាយ ដែល​ជា​ចលករ​សំខាន់​មួយ​ធានា​ដល់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​មួយ។​

«ដំណោះ​ស្រាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ចំពោះ​មុខនេះ​ គឺ​ធ្វើ​ឲ្យ​មាន​បរិយាកាស​ប្រក្រតី​ឡើង​វិញ​ ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​ភាគី​ទាំង​ឡាយ​អាច​ទទួល​យក​បាន។​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ហើយ​គឺ​ជា​ត្រីវិស័យ​ ចង្អុល​បង្ហាញ​អនាគត​របស់​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋ​យើង»។​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ រៀបចំ​ឡើង​នៅ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ខ័ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA Khmer)
ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ រៀបចំ​ឡើង​នៅ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ខ័ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA Khmer)

អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​បន្ថែម​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​បន្ទាប់ ​ក្រោយពី​ផ្ទុះ​ការ​សង្ស័យ​អំពី​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា​ ​ជាមួយ​នាង​ ខុម ចាន់តារ៉ាទី​ ហៅ​ស្រី​មុំ។​ កាល​ពីដើម​ខែ​កក្កដា​នេះ​ ​លោក ​ថាន់ ឡេង​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​ហាម​មិន​ឲ្យ​លោក កឹម សុខា​ ធ្វើដំណើរ​ឆ្លង​ដែន​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ។​ ដីកា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​កឹម សុខា​ បដិសេធ​ជា​ច្រើន​លើក​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទាក់​ទង​នឹង​សំណុំ​រឿង​សញ្ចារកម្ម។​

ការ​បដិសេធ​ច្រើន​ដង​នេះ​ធ្វើ​ឲ្យ​លោក​រង​បទ​ចោទ​មួយ​ផ្សេង​ទៀត​គឺ​បទ​«បដិសេធ​មិន​ចូល​ខ្លួន»​ ដែល​នាំ​ទៅ​រក​ការ​ហាម​ឃាត់​មិន​ឲ្យ​លោក​ឆ្លង​ដែន​ ​ហើយ​រឿង​នេះ​ត្រូវ​ក្រុម​មន្ត្រី​គណ​បក្ស​ជំទាស់​ចាត់​ទុក​ថា​ ជា​ការ​ប៉ុនប៉ង​បំបិទ​សំឡេងក្រុម​ជំទាស់៕

XS
SM
MD
LG