ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ពន្ធដា​ត្រឹមត្រូវ​ក្នុង​ពេល​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​៤,៥ពាន់លានដុល្លារ​

  • ហេង រស្មី

លោក ស៊ុន ឆ័យ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រគណបក្ស​សម រង្ស៊ី​
ភ្នំពេញ៖​ អ្នក​តំណាង​រាស្ត្រ​គណ​បក្សប្រឆាំង​ចំនួន​៧​រូប​បាន​ស្នើ​សុំ​រដ្ឋសភា​ឱ្យ​ធ្វើ​វិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣​ក៏​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល។​

នៅ​ក្នុង​លិខិត​ដែល​មាន​ស្នាម​ចុះ​ហត្ថលេខាពី​អ្នក​តំណាង​រាស្រ្ត​មក​ពីគណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី​បាន​ឱ្យ​ដឹង​ថា​ការ​ស្នើ​សុំឱ្យ​ធ្វើ​វិសោធនកម្ម​លើមាត្រា​មួយ​ចំនួន​នេះ​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ការប្រមូល​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ជួយ​ជីវភាព​មន្ត្រី​រាជការ ​កងប្រដាប់​អាវុធ​និង​មនុស្ស​ចាស់​តាម​រយៈ​ដំឡើង​ប្រាក់​ចំណូល​ដល់​មន្ត្រី​រាជការ​១លានរៀល​និង​ប្រាក់​ជំនួយ​ដល់​មនុស្ស​ចាស់​៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ។ការ​ផ្តល់​ចំណាយ​បន្ថែម​លើវិស័យ​អាទិភាព​រួមមាន​ វិស័យ​អប់រំ​ សុខាភិបាល​ កសិកម្ម ​និង ​អភិវិឌ្ឍន៍​ជនបទ​ និង​កាត់​បន្ថយ​ការ​ខ្ចីប្រាក់​ពីបរទេស។​

លោក ស៊ុន ឆ័យ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រគណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ក្នុង​សន្និសីទ​កា​សែត​នៅថ្ងៃ​អង្គារ​នេះ​ថា​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០១៣​មាន​ចំនួន​ប្រមាណ​២.៩៨០លាន​ដុល្លារ​ក៏​ប៉ុន្តែ​ទឹក​ប្រាក់​ប្រមាណ​៣០​ភាគរយ​នៃ​ថវិកា​ជាតិ​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​ខ្ចីបុល​ពី​បរទេស​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៨០០​លាន​ក្នុង​មួយ​ឆ្នាំៗ។

លោក​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​អាច​រក​ប្រភព​លុយ​ដើម្បី​ជំនួស​ការខ្ចីបុល​នេះ។​

«លទ្ធភាព​ដែល​យើង​ប្រមូល​បាន​សម្រាប់​ថវិកា​ជាតិ​ទី​មួយ​អ្វី​ដែល​ងាយ​យក​ដូចជា​ករណី​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩ឆ្នាំ។​ឥឡូវ​យើង​ដឹង​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩​ឆ្នាំ​ឡើង​ដល់​២,៨លាន​ហិកតា»។​
លោក​ជាម យៀប​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​សុំ​ឱ្យ​ធ្វើវិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នេះ។​

លោក​ជាម យៀប​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ដែល​បាន​ឆ្លើយ​តប​ទៅនឹង​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បានឱ្យដឹងថា​មន្ត្រី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បាន​អនុវត្តន៍​តាម​យន្តការ​ដំឡើង​ប្រាក់​ខែ​២០%​ក្នុង​១ឆ្នាំ។​

ចំពោះ​សំណូម​ពរ​ឱ្យ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់ពី​បរទេស​ពី​៦០០​លាន​មកនៅត្រឹម​១៣០​លាន​ដុល្លារ​លោក​ជាម យៀប​បាន​និយាយ​ថា​តាមការ​សិក្សា​យើង​ពុំ​អាច​កាត់​បន្ថយ​ការ​ខ្ចីប្រាក់​នេះ​បាន​ទេ​ដោយ​សារ​ភាព​ចាំបាច់​សម្រាប់​យក​ទៅបំពេញ​ការ​ចំណាយ​លើហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ជាតិ​ ធានាបាន​សន្តិសុខ​ និង​ការ​អភិវឌ្ឍ។​

យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​ក្នុង​រយៈ​ពេល​នៃ​ការ​គ្រប់​គ្រង​អំណាច​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ជំពាក់​ប្រាក់​បរទេស​ចំនួន​៤.៦៧៦​លាន​ដុលា្លរ​សហរដ្ឋ​អាមេរិក។​

លោក​ស៊ុន ឆ័យ​បាន​និយាយថា​នៅ​ដំណាច់​ឆ្នាំ២០១២​នេះ​ប្រាក់​កម្ចី​ពី​បរទេស​អាច​កើន​ឡើង​ដល់​៧.៣០០លាន​ដុល្លារ​ហើយ​នៅឆ្នាំ​២០១៣​កម្ពុជា​អាច​នឹង​កើន​ឡើង​នៅ​ប្រាក់​កម្ចី​ពី​៨​.០០០ទៅ​៩.០០០​លានដុល្លារ។​

លោក​បាន​បញ្ជាក់​ថាប្រាក់​កម្ចី​ទាំង​នេះ​អាច​ស្នើ​នឹង​ប្រមាណ​ពី​៧៥%​ទៅ​៨០%​នៃ​ផលិត​ផល​ក្នុង​ស្រុក។​
«ការ​ជំពាក់​លុយ​ឈាន​ដល់​ដំណាក់​កាល​គ្រោះថ្នាក់​ហើយ»។​
លោក​ស៊ុន ឆ័យ​បាន​និយាយ​ថា​នៅ​ឆ្នាំ​២០១០​កម្ពុជា​បាន​ជំពាក់​ប្រាក់​ពី​បរទេស​ចំនួន​៣.៤៧៧​លាន ឆ្នាំ​២០១១​ចំនួន​៣.៩៨៦​លាន​នៅ​ឆ្នាំ​២០១២​ក្នុង​ឆមាស​ទីមួយ​នេះ​ការជំពាក់​ប្រាក់​បរទេស​បាន​កើន​ឡើង​ដល់​៥.៤៥៣​លាន​ដុល្លារ៕
XS
SM
MD
LG