ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ២០១២ ថ្វីបើ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ


ក្នុង​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប។

ការ​លាលែង ​និងការ​ធ្វើ​ពហិការ​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​ សំដៅ​រាំងស្ទះ​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​និង​ច្បាប់​ដទៃ​ទៀត​នោះ​ ​ត្រូវក្រុម​អ្នក​វិភាគ​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការណ៍​នេះ​មិន​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ​តាម​ផ្លូវ​ច្បាប់​បាន​ទេ ​ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ខ្សោយ​ដល់​អានុភាព​ នៃ​សេចក្តី​សម្រេច​របស់​រដ្ឋសភា។

ក្នុង​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប។ ​លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សម ​រង្ស៊ី ​បាន​បកស្រាយ​ថា​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​បី​រូប​បាន​លាលែង​ដើម្បី​ឱ្យ​ចំនួន​សមាជិក​សភា​ក្រោម​១២០​រូបគឺ​តិច​ជាង​ការ​កំណត់​របស់​រដ្ឋ​ធម្មនុញ្ញ​ដែល​ធ្វើ​ឱ្យ​រដ្ឋ​សភា​សព្វ​ថ្ងៃ​បាត់បង់​ធម្មនុញ្ញភាព ​ហើយ​សេចក្តី​សម្រេច​របស់​រដ្ឋសភា​និង​រដ្ឋាភិបាល​មិន​អាច​មាន​លក្ខណៈ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​បាន​ទេ។

លោក​ជាម​ យៀប ​សមាជិក​សភា​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បក​ស្រាយ​ថា​ មាត្រា​៧៦​បាន​តម្រូវ​ឱ្យ​រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច​១២០​រូប​ដើម្បី​បង្កើត​រដ្ឋសភា​មួយ​ពេញ​លក្ខណៈ​ច្បាប់​ ហើយ​រដ្ឋសភាត្រូវបាន​បង្កើត​ពេញ​លក្ខណៈ​ច្បាប់​ ហើយ។

លោក​ឡាវ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា​ មាន​ការ​បក​ស្រាយ​ភាន់​ច្រឡំ​លើ​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប។

លោក​ឡាវ​ ម៉ុងហៃ​បាន​បន្ត​ថា ​បើ​ចំនួន​សមាជិក​សភា​ថយ​ចុះ​ក្រោម​១២០​រូប​ សមាជិក​ម្នាក់​លំដាប់បន្ទាប់​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ដែល​នៅ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ត្រូវ​ឡើង​មក​ជំនួស ​ហើយ​អ្វី​ដែល​គណបក្ស​សម ​រង្ស៊ី​កំពុង​ធ្វើ​មិន​សម​ហេតុ​ផល​ទេ​ ដោយ​យោង​តាម​មាត្រា​៨៨​ ដែល​ចែង​ថា​ ការ​ប្រជុំ​សភា​តម្រូវ​ឱ្យ​មាន​កូរ៉ុម​៧​ភាគ​១០​សម្រាប់​ការ​អនុម័ត​ច្បាប់។

លោក​ឡាវ ​ម៉ុងហៃ​បាន​បញ្ជាក់​ថា​ ការ​លាលែង ​និង​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សម​ រង្ស៊ី​គ្រាន់​តែ​ធ្វើ​ឱ្យ​ខ្សោយ​ដល់​អានុភាព​នៃ​សេចក្តី​សម្រេច​នានា ​ជា​ពិសេស​ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ពិភាក្សា​ ហើយ​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​នឹង​ប្រឈម​នឹង​ការ​លំបាក​នៅ​ពេល​អនាគត។

«បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ គណបក្ស​ប្រឆាំង​អាច​នឹង​មិន​សង​បំណុល​ ដែល​ខ្លួន​មិន​បាន​អនុម័ត។​ ​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​ និង​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន​មាន​ភាព​ស្រប​ច្បាប់​ ប៉ុន្តែ​វា​មាន​កង្វះ​ធម្មនុញ្ញ​រូប​ខាង​ផ្លូវ​ច្បាប់​ផង ​និង​សីលធម៌​ផង​ គឺ​ថា​ ច្បាប់​ហ្នឹង​អត់​មាន​ទម្ងន់​ ដូច​ច្បាប់​មាន​ការចូលរួម​អនុម័ត​ឱ្យ​បាន​ច្រើន​គ្នា»។

លោក​សុខ ​សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា ​បាន​ថ្លែង​ថា​ការ​លាលែង​ និង​ការ​ធ្វើ​ពហិការ​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ និង​ការ​សៅហ្មង​ផ្នែក​ការទូត។

«ខ្ញុំ​ថា ​នេះ​គ្រាន់​តែ​ជា​រឿង​បច្ចេកទេស​នយោបាយ ​និង​ជា​កល់យុទ្ធ​អ្នក​នយោបាយ។​ គណបក្ស​ប្រឆាំង​គាបសង្កត់​ទៅ​គណបក្ស​ប្រជាជន​ដើម្បី​ឲ្យ​យល់ព្រម​នូវ​ចំណុច​ណាមួយ។​ វា​ជា​រឿង​នយោបាយ ​និង​ជា​រឿង​របស់​អ្នក​នយោបាយ​ទេ។ ​វា​មិនមែន​ជា​រឿង​ច្បាប់​ទេ»។

លោក​ឈាង​ វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ ​និង​សន្តិភាព ​បាន​ថ្លែង​ថា​ វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ ដែល​យើង​ជា​កម្ពុជា​មិន​អាច​សម្របសម្រួល​ និង​សម្រេច​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ស្តីពី​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រទេស​កម្ពុជា​ និង​រដ្ឋាភិបាល​ត្រូវ​ការ​ធ្វើដំណើរ​ទៅ​មុខ​ដោយ​ដាក់​ផលប្រយោជន៍​ជាតិ​លើ​អ្វីៗ​ទាំង​អស់។

«ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​ខ្ញុំ​គិត​ថា​ ជា​ការ​សោកស្តាយ​មួយ​ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​ពុំ​អាច​សម្រេច​ជា​ឯកច្ឆន្ធ​ បាន​ន័យ​ថា ​ចូលរួម​ទាំង​អស់​គ្នា​ ទៅ​លើ​ថវិកា​ជាតិ​នោះ»។

លោក​ឡាវ​ ម៉ុងហៃ​បាន​បញ្ជាក់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ត្រូវតែ​ដោះស្រាយ​ជា​បណ្តើរៗ ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ក៏​គួរ​តែ​លើក​ឱ្យ​ចំ​បញ្ហា​ផង​ដែរ។

«បើ​សិន​ជា​គណបក្ស​កាន់​អំណាច ​ឬ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មតិ​ទាំងឡាយ​ ដែល​គេ​លើក​ឡើង​នូវ​បញ្ហា​សមហេតុ​ផល​ ហើយ​មិន​យក​ទៅ​គិត​ពិចារណា ​ដូច​ជា​បញ្ហា​រឿង​ដី​ធ្លី​អញ្ចេះ​ តែ​ដេញ​គេ​ទីណាត់​ទីណែង។​ យូរៗ​ទៅ​ យើង​ធ្វើ​បាប​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ​និង​ក្បត់​នឹង​សច្ចា​ប្រណិធាន​ ដែល​អ្នក​ដឹកនាំ​បាន​ធ្វើ។ ​ដល់​យូរៗ​ទៅ ​វា​ទៅ​ជា​កាន់​អំណាច​ផ្តាច់ការ»។

លោក​ឈាង ​វណ្ណារិទ្ធបាន​បន្ថែម​ថា​ សេចក្តី​ទុកចិត្ត​ និង​សេចក្តី​ជឿជាក់​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ ត្រូវ​ការ​ពង្រឹង​ឱ្យ​ខ្លាំង​ឡើង​ថែម​ទៀត​តាមរយៈ​ការ​ចរចា ​និង​ការ​ពិភាក្សា​ដោយ​បើក​ចំហ ​ត្រង់​ទៅ​ត្រង់​មក​ និង​តម្លាភាព។​ បើ​មិន​ដូច្នេះ​ទេ ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ចំពោះ​ការបង្កើន​ការ​ប្រេះឆារ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​នេះ៕

XS
SM
MD
LG