ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​នឹង​ក្លាយ​ជា​អ្នក​ផ្លាស់ប្តូរ​ស្ថានភាព​នយោបាយ​នៅ​ឆ្នាំ​២០១៧​និង​២០១៨


លោក អ៊ូ រិទ្ធី សហស្ថាបនិក​ក្រុម​យុវជន​ «កាហ្វេនយោបាយ‍» (Politikoffee) ចូល​រួម​ជា​វាគ្មិន​អំពី​«ការ​ទាមទារ​របស់​យុវជន​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រកួតប្រជែង​គ្នា‍» នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃ​ច័ន្ទ​ទី០៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក អ៊ូ រិទ្ធី សហស្ថាបនិក​ក្រុម​យុវជន​ «កាហ្វេនយោបាយ‍» (Politikoffee) ចូល​រួម​ជា​វាគ្មិន​អំពី​«ការ​ទាមទារ​របស់​យុវជន​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រកួតប្រជែង​គ្នា‍» នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃ​ច័ន្ទ​ទី០៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ប្រធាន​ក្រុម​ដឹកនាំ​យុវជន​ដែល​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា​ បើ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​ អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​នឹង​ត្រូវការ​យុវជន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ រយៈ​ពេល​ពីរបី​ឆ្នាំ​ខាង​មុខ​ទៀត​ ដើម្បី​សម្រេច​គោល​បំណង​របស់​ពួកគេ​រៀងៗ​ខ្លួន។​ ដូច្នេះ​ យុវជន​នឹង​ក្លាយ​ទៅ​ជា​អ្នក​កំណត់​ជោគ​វាសនា​អនាគត​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ ការ​បោះឆ្នោត​អាណត្តិ​ក្រោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ អ៊ូ​ រិទ្ធី សហស្ថាបនិក​ក្រុម​យុវជន​«កាហ្វេ​នយោបាយ‍»​ ឬ Politikoffee ដែល​ជា​ក្រុម​ផ្តោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​នយោបាយ​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី«ហេឡូ​វីអូអេ»កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​កុម្ភៈ​ថា៖ «សម្រាប់​អង្គការ​សង្គម​ស៊ីវិល ​ពួកគេ​ត្រូវការ​យុវជន​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​របស់​ពួកគេ​ ចំណែក​ គណបក្ស​នយោបាយ​វិញ​ ពួកគេ​ត្រូវការ​យុវជន​ដើម្បី​គាំទ្រ​ឲ្យ​ពួកគេ​ជាប់ឆ្នោត​ នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨។»

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៧​និង​ការ​ បោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨។ ជិត​៧០%​នៃ​ប្រជាជន​កម្ពុជា​ប្រមាណ​១៥​លាន​នាក់​ មាន​អាយុ​ក្រោម​៣០​ឆ្នាំ។

គេ​រំពឹង​ថា យុវជន​ជាង​១​លាន​នាក់​នឹង​ក្លាយ​ជា​អ្នក​បោះឆ្នោត​លើក​ទី១​ នៅ​ឆ្នាំ​២០១៧​និង​២០១៨។

លោក​ អ៊ូ​ រិទ្ធី មាន​ប្រសាសន៍​ថា៖​ «យុវជន​ប្រមាណ​១លាន​២សែន​នាក់​នោះ​ នឹង​កំណត់​ជោគវាសនា​ថា​តើ​គណបក្ស​មួយ​ណា​ នឹង​ឈ្នះឆ្នោត​និង​ឡើង​កាន់​អំណាច។»

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ មាន​គណបក្ស​ធំៗ​ ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ។ គណបក្ស​ ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​ទទួល​សំឡេង​ឆ្នោត​ជាង​៣លាន២សែន​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ទទួល​បាន​ជិត​៣លាន។

ក្រុម​អ្នក​តាមដាន​បញ្ហា​នយោបាយ​លើក​ឡើង​ថា​ ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​ពេល​នេះ​មាន​លក្ខណៈ​សកម្ម​ជាង​ពេល​ណាៗ​ទាំង​អស់។​ គេ​ ជឿ​ថា​ និន្នាការ​នេះ​នឹង​នៅ​តែ​បន្ត​ដោយសារ​តែ​ស្ថានភាព​អំណោយ​ផល​នៃ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ ដូច​ជា​បណ្តាញ​ Facebook និង Youtube។

លោក​ អ៊ូ​ រិទ្ធី មាន​ប្រសាសន៍​ថា៖​ «ការ​ចូលរួម​នយោបាយ​សព្វ​ថ្ងៃ​នេះ ​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ជាង​ពី​ពេល​មុនៗ​ ដោយសារ​ តែ​យុវជន​កាន់តែ​ច្រើន​ឡើង​បាន​ចាប់​អារម្មណ៍​ទៅ​លើ​នយោបាយ​និង​ នាំ​គ្នា​ជជែក​ពី​បញ្ហា​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ត្រូវ​ការ​យុវជន​ ដើម្បី​ឈ្នះ​ឆ្នោត​ យុវជន​ឥឡូវ​ក៏​ចង់​ឲ្យ​អ្នក​នយោបាយ​ ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាតិ​សំខាន់ៗ​ដើម្បី​ឲ្យ​ក្រុម​យុវជន​អាច​ សម្រេច​ចិត្ត​បាន​ថា តើ​ត្រូវ​ជ្រើសរើស​គណបក្ស​មួយណា​ឲ្យ​ឡើង​កាន់​អំណាច។

«យើង​ចង់​ឃើញ​អ្នក​នយោបាយ​ជជែក​ដេញដោល​គ្នា​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ ពួក​គេ​មាន​សមត្ថភាព​ប៉ុណ្ណា​ ឬ​អ្នក​នយោបាយ​មួយ​ណា​ល្អ​ជាង​ ដើម្បី​ឲ្យ​យើង​បោះឆ្នោត​ឲ្យ។ ទី​ពីរ​យើង​ក៏​ចង់​ដឹង​ថា តើ​អ្នក​នយោបាយ​ហ្នឹង​ មាន​ លក្ខណៈ​សម្បត្តិ​ជា​មេដឹកនាំ​ដែរ​ឬ​ទេ​នៅ​ពេល​ដែល​គាត់​ជជែក​ដេញដោល​គ្នា​ជាមួយ​ អ្នក​ នយោបាយ​ដែល​ជា​គូប្រជែង​របស់​គាត់​ហ្នឹង។»

លោក​ អ៊ូ​ រិទ្ធី មាន​ប្រសាសន៍​ថា​ «អ្នក​នយោបាយ​ដែល​បង្ហាញ​ពី​កំហឹង​ឬ​ការ​ខ្វះ​ការ​អត់​ធ្មត់​ ការ​យោគយល់​ឬ​អធ្យាស្រ័យ​គ្នា​ ឬ​មាន​ចារិក​មិន​អាច​ទទួល​យក​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ដែល​ខុស​ពី​ខ្លួន​ អាច​ ប្រឈម​នឹង​ការ​បោះឆ្នោត​ទម្លាក់​ដោយ​ប្រជាជន»៕

XS
SM
MD
LG