តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចមិនអនុញ្ញាតឱ្យអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានស្ថិតនៅក្រៅឃុំ ដោយបានរក្សាសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ហើយបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា ក្នុងពន្ធនាគារព្រៃស។
កាលពីសប្តាហ៍មុន លោក ថាច់ សេដ្ឋា បានស្នើចៅក្រមនៅក្នុងការជំនុំជម្រះមួយ ឱ្យលោកបានស្ថិតនៅក្រៅឃុំ ដោយលើកហេតុផលថា លោកត្រូវការសម្រាកព្យាបាលជំងឺប្រចាំកាយដែលបណ្តាលមកពីការដាក់ «បេះដូងសិប្បនិមិ្មត» និងដើម្បីអាចឱ្យលោកមានពេលរកលុយដើម្បីសងទៅក្រុមហ៊ុន រិនឆាយ ផនសប (Rin Chhay Pawn Shop) ដែលទាមទារជាង ៥ ម៉ឺនដុល្លារ បូករួមសំណងជំងឺចិត្តផ្សេងទៀត ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់។
លោក ថាច់ សេដ្ឋា ក៏បានសូមតម្កល់ប្រាក់ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបសចៅក្រមតុលាការកំពូល ដើម្បីធានាថា លោកនឹងមិនគេចវេះនីតិវិធីបន្តរបស់តុលាការ នៅពេលលោកត្រូវបានចៅក្រមអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃពុធនេះ តំណាងលោក ជីវ កេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះលើសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា បានប្រកាសបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីលោក ថាច់ សេដ្ឋា និងតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
ការប្រកាសរបស់តុលាការកំពូល ធ្វើឡើងដោយមានវត្តមានលោក ថាច់ សេដ្ឋា និងមេធាវីការពារក្តីរបស់លោកគឺលោក កែត ឃី។
លោក កែត ឃី សហមេធាវីការពារក្តីមួយរូបឱ្យលោក ថាច់ សេដ្ឋា យល់ថា ការបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារសិទ្ធិ និងការតម្កល់សេចក្តីសម្រេចរបស់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការនេះ គឺជារឿងអយុត្តិធម៌ចំពោះកូនក្តីរបស់លោក។
មេធាវីរូបនេះបន្តថា សំណុំរឿងរបស់លោក ថាច់ សេដ្ឋា ជាបទល្មើសមជ្ឈិម ដែលមិនធ្ងន់ធ្ងរនិងមិនគួរតម្រូវឱ្យស្ថិតក្នុងពន្ធនាគារនោះទេ។ ដូច្នេះលោកថា តុលាការគួរតែអនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ដើម្បីឱ្យគាត់អាចព្យាបាលជំងឺបេះដូង។
បើតាមលោក កែត ឃី ការឃុំខ្លួនជនជាប់ចោទក្នុងពន្ធនាគារ គឺដើម្បីបញ្ចៀសការប្រព្រឹត្តបទល្មើស មិនឱ្យកើតឡើងសាជាថ្មី។ ប៉ុន្តែលោកថា លោក ថាច់ សេដ្ឋា គឺជាអនុប្រធានគណបក្សជំទាស់មួយ និងជាប្រធានសមាគមខ្មែរកម្ពុជាក្រោម ដូច្នេះលោកជឿថា លោក ថាច់ សេដ្ឋា មិនអាចធ្វើឱ្យមានបទល្មើសសាជាថ្មីនោះទេ។
លោកថ្លែងថា៖ «រឿងបទល្មើសមជ្ឈិម ហើយអ្វីដែលជាបទល្មើសកើតឡើងនេះ វាបទស្រាលមិនមែនជាធ្ងន់ទេ។ ហើយគួរណាស់តែអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំ។ ហើយការឃុំខ្លួនមនុស្ស បិទសិទ្ធិសេរីភាពមនុស្ស គឺចៀសវាងបទល្មើសជាថ្មីកើតឡើង។ ហើយចំពោះគាត់មិនអាចឱ្យមានបទល្មើសជាថ្មីកើតឡើងទេ ពីព្រោះគាត់ជាអនុប្រធានគណបក្ស គាត់ជាប្រធានសមាគមខ្មែរកម្ពុជាក្រោម ដែលហៅថាមានតួនាទីក្នុងសង្គមមួយដែរ»។
លោកបន្ថែមថា៖ «អ៊ីចឹង គាត់មានជំងឺបេះដូងដែលត្រូវព្យាបាលនៅមន្ទីរពេទ្យជាចាំបាច់ផងដែរ។ ហើយការឃុំខ្លួនគាត់នេះ ធ្វើឱ្យសុខភាពគាត់កាន់តែធ្ងន់ធ្ងរថែមទៅទៀត។ អ៊ីចឹងយើងសុំនេះ សុំដើម្បីឱ្យគាត់បាននៅក្រៅឃុំ ហើយការទាមទារប្រាក់របស់ដើមបណ្ដឹងគឺចំនួន ៣ ម៉ឺន[ដុល្លារអាមេរិក]ជាងបន្តិចបន្តួច យើងសុខចិត្តតម្កល់ប្រាក់ដើម្បីឱ្យបានមនុស្សចេញ ប៉ុន្តែតុលាការនៅតែ មិនព្រមអនុញ្ញាតឱ្យគាត់នៅក្រៅឃុំ គឺជារឿងអយុត្តិធម៌ចំពោះគាត់»។
លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។ សាលាដំបូងរាជធានីភ្នំពេញ បានដាក់លោក ថាច់ សេដ្ឋា ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ជុំវិញរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន ៥ សន្លឹក ដែលលោកចេញឱ្យក្រុមហ៊ុន រិនឆាយ ផនសប។ តុលាការបញ្ជាក់ថា លោក ថាច់ សេដ្ឋា មិនបានចូលខ្លួនបំភ្លឺតាមដីកាចំនួនពីរលើក ដោយពុំមានមូលហេតុ ក្រោយការប្តឹងផ្តល់របស់ក្រុមហ៊ុន រិនឆាយ ផនសប។
ក្នុងសវនាការតុលាការកំពូលកាលពីសប្តាហ៍មុន លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា លោកមិនដែលទទួលបានដីកាកោះឱ្យចូលបំភ្លឺម្តងណាឡើយ ស្រាប់តែមានការចាប់ខ្លួនតែម្តង។ ហើយមេធាវីរបស់លោកមួយរូបគឺលោក សំ សុគង់ បានប្រាប់ចៅក្រមថា កូនក្តីរបស់លោកបានដាក់ប្លង់បញ្ចាំចំនួន ៦ នៅក្រុមហ៊ុន រិនឆាយ ផនសប។ ដូច្នេះបើកូនក្តីរបស់លោកមិនសងប្រាក់ គួរណាស់តែក្រុមហ៊ុនប្តឹងទៅតុលាការក្នុងសំណុំរឿងរដ្ឋប្បវេណី ដើម្បីទាមទាររឹបអូស ជំនួសការចាប់ឃុំខ្លួន។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភិរិទ្ធ យល់ថា ការឃុំខ្លួន និងចោទប្រកាន់លើលោក ថាច់ សេដ្ឋា គឺជា «រឿងនយោបាយ» ព្រោះការខិតខំរបស់ក្រុមមេធាវីសុំឱ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំ គឺស្របតាមនីតិវិធី និងអាចធ្វើទៅបាន។ លោកបន្តថា តុលាការកំពូលមិនសម្រេចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ហើយសាលាដំបូងរាជធានីភ្នំពេញថែមទាំងបន្ថែមការចោទប្រកាន់លើលោក ថាច់ សេដ្ឋា ពីរផ្សេងទៀត គឺបទញុះញង់ និងរើសអើង។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ករណី[រឿង]ជំពាក់ប្រាក់ទេ តែចូលទៅករណីនយោបាយហើយ ព្រោះអីយើងបានធ្វើគ្រប់វីធីទាំងអស់ ដើម្បីធ្វើម៉េចធានាឱ្យគាត់នៅក្រៅឃុំ។ ទន្ទឹមហ្នឹងគេចោទករណីពីរទៀត រឿងញុះញង់ អី[ពាក់ព័ន្ធ]នៅកូរ៉េ។ អ៊ីចឹងទៅវាធ្វើឱ្យបញ្ហាហ្នឹងកើតមានបន្ត [និង]ស្តែងចេញបន្ថែមទៀត [ដែល]ថាវាជារឿងនយោបាយ»។
លោក គីមសួរ ភិរិទ្ធ បន្ថែមថា ការឃុំខ្លួនមេដឹកនាំគណបក្សភ្លើងទៀន បង្ហាញឱ្យឃើញថា បរិយាកាសនយោបាយនៅកម្ពុជាមានសភាពអាប់អួ និងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តអ្នកគាំទ្រ និងអ្នកបោះឆ្នោត។ លោកស្នើទៅអ្នកនយោបាយទាំងអស់គួរតែចាត់ទុកអ្នកនយោបាយដែលមកពីគណបក្សមាននិន្នាការនយោបាយផ្សេងគ្នា ថាជាគូប្រកួតប្រជែង ដោយកុំចាត់ទុកជាគូសត្រូវក្នុងការធ្វើនយោបាយបម្រើជាតិ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លើកឡើងថា បើតាមការសង្កេតលើសំណុំរឿងលោក ថាច់ សេដ្ឋា អនុប្រធានបក្សភ្លើងទៀននេះ សំណុំរឿងនេះមានចរិតនយោបាយ និងជាការគាបសង្កត់ផ្នែកនយោបាយ។
លោកប្រាប់វីអូអេថា៖ «បើសិនជាមិនមានលក្ខណៈចរិតនយោបាយ ឬជាការគាបសង្កត់ផ្នែកនយោបាយ គឺថាគ្រាន់តែជំពាក់លុយ ជំពាក់កាក់ប៉ុណ្ណឹង គេអាចដោះស្រាយបានហើយ។ គេអាចផាកពិន័យ គេអាចសងជំងឺចិត្តទៅលើម្ចាស់បំណុលគឺគ្រប់គ្រាន់ហើយ ប៉ុន្តែយើងមើលឃើញហាក់ដូចជាម្ចាស់បំណុលមិនទាមទារឱ្យដាក់ទោសទណ្ឌអីខ្លាំងក្លាទេ បើតាមមើល តែវាទៅជាតុលាការលោកអ្នកវិនិច្ឆ័យវិញ»។
លោកបន្ថែមថា៖ «ធម្មតាម្ចាស់បំណុល នៅពេលដែលកូនបំណុលយកលុយទៅសង ទាំងគេទាំងខ្ញុំ គឺអរណាស់ឱ្យតែបានលុយ ប៉ុន្តែហេតុអ្វីបានជាករណីមួយនេះ ហាក់ដូចជាមិនសូវជាសប្បាយចិត្តទៅនឹងកូនបំណុល នៅពេលគេយកលុយទៅសង»។
លោក យី សុខសាន្ត យល់ថា តុលាការគួរតែសម្រេចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ដើម្បីបញ្ចៀសកម្តៅនយោបាយ កុំឱ្យកើនកាន់តែឡើងខ្លាំង និងបង្កការបែកបាក់ជាតិ។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ចង់ឱ្យអាជ្ញាធររៀបចំការបោះឆ្នោត និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ សម្របសម្រួលស្ថានភាពនយោបាយ ដើម្បីធ្វើឱ្យលម្ហនៃការចូលរួមរបស់ពលរដ្ឋ និងភាគីពាក់ព័ន្ធមានភាពល្អប្រសើរ និងអាចធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
លោកថ្លែងថា៖ «ជាគោលការណ៍ មានន័យថា ទាំងសមត្ថកិច្ច ទាំងអាជ្ញាធររៀបចំការបោះឆ្នោតហ្នឹង ត្រូវសម្របសម្រួល ឬត្រូវម៉េចពិនិត្យមើលទៅលើច្បាប់ ព្រមទាំងសម្របសម្រួលនូវស្ថានភាពធ្វើម៉េចឱ្យលម្ហនៃការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាក់ទងដំណើរការបោះឆ្នោត ក៏ដូចជារឿងនយោបាយហ្នឹង ធ្វើម៉េចឱ្យមានការប្រសើរ។ ជាពិសេសរឿងភ័យខ្លាច ការព្រួយបារម្ភហ្នឹង គឺគេប្រយ័ត្នប្រយែងណាស់ ក្នុងដំណើរការហ្នឹងគឺគេបើកលម្ហឱ្យមានការចូលរួម»។
លោកបន្ថែមថា អ្នកគាំទ្រ សកម្មជន និងមន្ត្រីគណបក្សភ្លើងទៀន នៅតែបង្ហាញការព្រួយបារម្ភរបស់ពួកគេក្នុងការចូលរួមសកម្មភាពនយោបាយ ដោយហេតុថា ពួកគេខ្លះរងការធ្វើទុក្ខបុកម្នេញ និងពេលខ្លះអាជ្ញាធរមូលដ្ឋានស្លៀកពាក់ជាជនស៊ីវិលទៅថតរូប និងបញ្ជីឈ្មោះនៃការជួបជុំរបស់គណបក្សជាដើម៕