ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បុរស​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា​សុវត្ថិភាព​ក្រោយ​ពី​ធ្លាយ​ទំនប់​អគ្គិសនី

  • គង់ សុឋានរិទ្ធ

កម្មករ​ចំនួន​បី​នាក់​ដែល​កំពុង​ធ្វើការ​ និង​កម្មករ​ម្នាក់​ទៀត​កំពុង​នេសាទ​ត្រី​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​បាន​រងរបួស។
ភ្នំពេញ៖ កម្មករ​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ម្នាក់​ក្នុង​ចំណោមក​ម្មករ​ចំនួន​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​វិញ​ដោយ​សុវត្ថិភាព។ នេះ​បើ​យោង​តាម​មន្ត្រី​អាជ្ញាធរ​នៅ​ថ្ងៃ​ចន្ទ​នេះ។​
​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១ ខែ​ធ្នូ បំពង់​បង្ហូរ​ទឹក​សម្រាប់​បង្វិល​ឌីណាម៉ូ​ផលិត​អគ្គិសនី​នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ដែល​ស្ថិត​ក្នុង​ស្រុក​វាល​វែង ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់​បាន​បែក​ហើយ​ធ្វើ​ឲ្យ​ធ្លាយ​ទឹក​ពី​អាង​ស្តុក​ទឹក​យ៉ាង​គំហុក។​
កម្មករ​ចំនួន​បី​នាក់​ដែល​កំពុង​ធ្វើការ​ និង​កម្មករ​ម្នាក់​ទៀត​កំពុង​នេសាទ​ត្រី​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​បាន​រងរបួស។
លោក ធាង ឡេង អធិការ​នគរ​បាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​តាម​ទូរស​ព្ទ​ថា បុរស​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ​បាន​វិល​មក​ដល់​ផ្ទះ​របស់​គាត់​វិញ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​បាន​បាត់​ខ្លួន​មួយ​ថ្ងៃ​មួយ​យប់។
«អ្នក​ដែល​ត្រូវ​រក​ឃើញ​គឺ​អត់​មាន​គ្រោះថ្នាក់​អី​ទេ។ នៅសល់​បី​នាក់​ទៀត​បាត់​ខ្លួន»។​
​មន្ដ្រី​នគរបាល​ដដែល​បញ្ជាក់​ថា កម្មករ​ដែល​រក​ឃើញ​នេះ​គឺជា​កម្មករ​ដែល​បាន​ចេញ​ទៅ​នេសាទ​នៅ​ពេល​ហេតុការណ៍​ធ្លាយ​ទំនប់​ទឹក​កើតឡើង។​
ដោយឡែក​ព័ត៌មាន​នានា​បាន​ស្រង់​សម្តី​អភិបាល​ខេត្ត​ពោធិ៍សាត់​លោក​ខូយ សុខា ថា​កម្មករ​ទាំង​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​វិញ​ហើយ​រហូត​មក​ទល់​ថ្ងៃ​នេះ។ ពួកគេ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ។ ប៉ុន្តែ​មន្ដ្រី​មូលដ្ឋាន​ផ្សេងទៀត​អះអាង​ផ្ទុយ​ពីនេះ។​
​ទំនប់​វារីអគ្គិសនី​ស្ទឺង​អាតៃមាន​កម្លាំង​ថាមពល​១២០​ម៉េហ្គាវ៉ាត់ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន China Datang Corp ដោយ​មាន​ទឹកប្រាក់​វិនិយោគ​ចំនួន​២៥៥​លាន​ដុល្លារ​អាមេរិក។​
​លោក​ម៉ៅ សាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ពោធិ៍សាត់​មានប្រសាសន៍​ថា​បច្ចុប្បន្ន​ទឹក​ក្នុង​អាង​ស្តុក​បាន​ហូរ​ស្ទើរ​អស់​ទៅហើយ។ ដូច្នេះ​ការផលិត​អគ្គិសនី​អាច​នឹង​ត្រូវ​ពន្យារ​ពេល។​
«យើង​មាន​ការបារម្ភ​ថា នៅ​ពេល​ដែល​ជួសជុល​បំពង់​(បង្ហូរទឹក) រួច​ហើយ​នឹង​ប្រឈម​នឹង​ការខ្វះ​ទឹក​គ្រប់​ផែនការ​ពី​ព្រោះ​ចុងឆ្នាំ​នេះ​នឹង​ដំណើរ​ការ​ម៉ាស៊ីន​មួយ។ ប៉ុន្តែ​ពេល​នេះ​មាន​បញ្ហា​ប្រហែល​មិន​អាច​ដំណើរ​ការ​បាន​ភ្លាមៗ​ទេ​ពីព្រោះ​ក្រោយពី​ជួសជុល​រួចហើយ​វា​នឹង​អស់​ទឹក»។​
កម្ពុជា​ខ្វះ​ថាមពល​អគ្គិសនី​ជា​ច្រើន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ផង​ដែរ។​
ក៏​ប៉ុន្តែ​កម្ពុជា​មាន​គម្រោង​ដាក់​ឲ្យ​ដំណើរការ​នូវ​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​ដែល​មាន​ថាមពល​២៤៦​ម៉េហ្គាវ៉ាត់​នៅ​ឆ្នាំ​២០១៤ និង​មួយ​ឆ្នាំ​បន្ទាប់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឬស្សី​ជ្រុំ​ដែល​មាន​កម្លាំង​៣៣៨​ម៉េ​ហ្គាវ៉ាត់​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បន្ថែម​មួយទៀត៕
XS
SM
MD
LG