ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ដ្រី​ធនធានទឹក​កម្ពុជា​គ្រោង​ធ្វើ​ទស្សនកិច្ច​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ​ដ៏​ចម្រូង​ចម្រាស

  • គង់ សុឋានរិទ្ធ

ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី

លោក​លឹម គានហោ រដ្ឋមន្ដ្រី​ធនធាន​ទឹក និង​ជា​ប្រធាន​គណៈកម្មា​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួវ​ពិនិត្យ​ការដ្ឋាន​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នេះ​មុន​ដំណាច់​ឆ្នាំ​២០១២។

ស្របពេល​ដែល​ក្រុមហ៊ុនថៃ​ដ៏​ធំមួយ​បាន​ប្រកាស​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដ៏​ចម្រូងចម្រាស​លើ​ដង​ទន្លេមេគង្គ​ក្នុង​ប្រទេសឡាវ លោក​លឹម គានហោ រដ្ឋមន្ដ្រី​ធនធាន​ទឹក និង​ជា​ប្រធាន​គណៈកម្មា​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួវ​ពិនិត្យ​ការដ្ឋាន​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នេះ​មុន​ដំណាច់​ឆ្នាំ​២០១២។

«ត្រួតពិនិត្យ​នេះ​ចង់​ដឹង​ឲ្យ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​តែម្តង​ថា​តើ​ខាង​ភាគី​ឡាវ​ធ្វើ​អ្វីខ្លះ»។

ការ​សង់​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី នឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន៣.៥០០​លានដុល្លារ​អាមេរិក។ វា​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​សរុប​ចំនួន​១១ នៅ​តាម​ដង​ទន្លេ​មេគ្គង​ដែល​ហូរកាត់​ប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ ទំនប់​វារី​អគ្គិសនី​នេះ​អាច​នឹង​ផ្តល់​ថាមពល​ចំនួន​១.២៨៥ ម៉េហ្គាវ៉ាត់។ ក៏ប៉ុន្តែ​កម្ពុជា និង​វៀតណាម​បានប្រឆាំង​នឹង​ការ​សង់​ទំនប់​នេះ​ដោយ​ខ្លាច​ទទួលរង​ផលប៉ះពាល់​ជា​ច្រើន​មក​លើ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គនៅ​ក្នុង​ប្រទេស​ទាំងពីរ។

ដោយឡែក​ក្រុម​អ្នក​ការពារ​បរិដ្ឋាន​បានវាយ​តម្លៃ​ថា សំណង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នេះ​នឹង​បំផ្លាញ​ដល់​បម្លាស់ទី​របស់​ត្រី បម្រែ​បម្រួល​ប្រព័ន្ធ​បរិដ្ឋាន (អេកូឡូស៊ី) រួមទាំង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ខ្សែទឹក​ខាង​ក្រោម​ទំនប់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​កន្លងទៅ​កម្ពុជា វៀតណាម ឡាវ និងថៃ បាន​ព្រមព្រៀង​គ្នា​ឲ្យ​ប្រទេសជប៉ុន និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ជួយ​ធ្វើ​ការសិក្សា​លើ​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​នេះ​មុន​នឹង​ធ្វើការ​សាងសង់។

ក៏ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​លោកភ្លូ ទ្រីស្វីស្វាវ៉េត (Plew Trisvisvavet) ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កានឆាង (Ch, Karnchang Plc) របស់​ថៃ​ដែល​វិនិយោគ​រួម​ជាមួយ​រដ្ឋាភិបាល​ឡាវ ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​នានា​ថា ការស់ង​ទំនប់​វារី​អគ្គីសនីសាយ៉ាប៊ូរី លើ​ដងទន្លេ​មេគង្គ​បាន​ចាប់​ផ្តើម​ហើយ។ សេចក្ដីអះអាង​នេះ​ធ្វើឡើង​បញ្ច្រាស់​គ្នា​នឹង​ការ​ប្រកាស​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​វៀងចន្ទ ដែល​ថា​សំណង់​ទំនប់​នេះ​ត្រូវ​បានផ្អាក។

លោក លឹម គានហោ មានប្រសាសន៍​ថា លោក​បាន​តាមដាន​ព័ត៌មាន​ទាំងនេះ​ហើយ​លោក​ជឿ​ថា គួរតែ​មាន​ការដោះស្រាយ​នៅ​កម្រិត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់។

«ក្នុង​នាមខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ខ្ញុំ​រាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ពី​បញ្ហា​ហ្នឹង​ដើម្បី​លោក​មាន​វិធានការ​។ ពីព្រោះ​វិធានការ​ថ្នាក់​ក្រុម​បច្ចេកទេស យើង​បានធ្វើ​ជា​បន្ត​បន្ទាប់​ហើយ​នៅសល់​តែ​ថ្នាក់​ជាន់​ខ្ពស់​សម្រេច​គ្នា»។

ទោះជា​យ៉ាងណា​ក៏ដោយ​ការចុះ​ទៅ​ពិនិត្យ​មើល​ការសាងសង់​នោះ​របស់​រដ្ឋមន្ដ្រី​ធនធានទឹក​កម្ពុជា លឹម គានហោ អាច​ជា​ការ​លំបាក​ក្នុង​រដូវ​វស្សា​ដែល​ទឹក​កំពុងឡើង​បែប​នេះ។

«ខ្ញុំ​ពន្យារ​ពេល​បន្តិចទៀត​ មិន​ដល់​ចុង​ឆ្នាំ​ពេក​ទេ ពីព្រោះ​ឥឡូវ​នេះទឹក​កំពុងឡើង​យើង​ទៅ​មើល​អត់​ឃើញ​អី​ទេ។ រង់ចាំ​ឱកាស​ទឹក​ស្រក​បន្តិច​យើង​អាច​ទៅ​មើល​ឃើញ»។

លោកភ្លូ ទ្រីស្វីស្វាវ៉េត នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កានឆាង និង​មន្ត្រី​តំណាង​គណៈកម្មការ​មេគង្គ​នៅ​ប្រទេស​ឡាវ​មិនអាចទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ស្ដ្រី​បុគ្គលិក​នៃ​ស្ថាប័ន​ទាំងពីរ​បានឲ្យដឹង​ថា មន្ដ្រី​ទទួលខុសត្រូវ​ទាំង​ពីរ​ផ្នែក​មិនអាច​ផ្តល់​ចម្លើយ​បាន​មុន​សប្តាហ៍​ក្រោយ​នេះ​ទេ។

លោកស្រី អាម ត្រានដឹម(Ame Trandem) នាយិការ​គម្រោង​ប្រចាំ​តំបន់​អាស៊ីអគ្នេយ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​បាន​លើក​ពី​ផលប៉ះពាល់​ជា​ច្រើន​ដល់​ធនធាន​ក្នុង​ទឹក​មាន​ត្រី រួមទាំង​និរន្តភាព​នៃ​ប្រព័ន្ធ​បរិដ្ឋាន​ជា​ដើម។

«ការសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី ត្រូវតែ​ផ្អាក​ជា​បន្ទាន់​រហូត​ដល់​មានការសិក្សា​ចាំបាច់​ត្រូវ​ធ្វើឡើង និង​មានកិច្ចព្រមព្រៀង​របស់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ការ​សង់​ទំនប់​នេះ»។

លោកស្រី អាម មាន​ប្រសាសន៍​ថា មិនមាន​មូលដ្ឋាន​សម្រាប់​ការសង់​ទំនប់​វារីអគ្គិសនី​នេះ​ទេ៕
XS
SM
MD
LG