ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល​ចង់​ឃើញ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​មន្រ្តី​សិទ្ធិ​មនុស្ស


លោក ​អំ សំអាត​ ប្រធាន​អ្នកឃ្លាំ​មើល​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ​
លោក ​អំ សំអាត​ ប្រធាន​អ្នកឃ្លាំ​មើល​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ​
ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ប្រទេស​កម្ពុជា​បាន​សាទរ​យ៉ាង​ប្រយត្ន​ប្រយែង​ចំពោះការ​សម្រេច​របស់​តុលាការ​ដែល​មិន​ឃុំ​ខ្លួន​លោក ​ចាន់ សុវ៉េត ទាក់ទង​នឹង​អបគមន៍ ដីធ្លី។

លោក​ចាន់ សុវ៉េត ​មន្ត្រី​សិទ្ធិ​មនុស្ស​លេចធ្លោ​នៃ​អង្គការ​អាដហុក ត្រូវ​បាន​ចៅក្រម ស៊ើប​អង្កេត​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក​ឆែ វីរៈ ​កោះហៅ​ទៅ​សាកសួរ​កាល​ពី​ថ្ងៃ​ចន្ទ​ពីបទ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ក្រុមជន​ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា​បាន​ប៉ុន ប៉ង​ធ្វើ​អបគមន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្នុង​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ។

ទោះជា ចៅក្រម​បាន​សម្រច​មិន​ឃុំ​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​របស់ព្រះរាជ​អាជ្ញា​មែន តែ លោក​ចាន់ សុវ៉េត​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ឬ​មាន​ន័យ​ថា​ជា​ការ​មិន​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ជា​នីតិវិធី​ដែល​ធ្វើឲ្យ លោក ចាន់ សុវ៉េត ស្ថិត​នៅ​ក្រោម​សម្ពាធ​ និង​ការ​រិតត្បិត​សមត្ថភាព​បំពេញ​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​របស់​លោក។

លោក ​អំ សំអាត​ ប្រធាន​អ្នកឃ្លាំ​មើល​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ​បាន​សាទរ​នឹង​ចំណាត់ការ​របស់​តុលាការ​ តែ​លោក​ថ្លែង​ថា កិច្ចការ​ការពារ​សិទ្ធិពលរដ្ឋ​ ជនរងគ្រោះ​នានា​របស់​លោក​ ចាន់ សុវ៉េត​នឹង​ប៉ះពាល់​ដោយ សារ​បណ្តឹង​មួយ​នៅ​តុលាការ​នេះ។

«ខ្ញុំ​គិត​ថា នេះ​វា​ជា​សម្ពាធ​មួយ​ដែល​បើ​សិន​ជា​មិន​មាន​ការ​លើកលែង​ការ​ចោទ ប្រកាន់​ទេ​ វា​ជា​សម្ពាធ​មួយ​ដាក់​បន្ទុក​ដល់​គាត់​ក្នុង​ការ​បំពេញការងារ​វិជ្ជាជីវៈ​ជា អ្នកការពារ​សិទ្ធិមនុស្ស»។

លោក ​សួន ប៊ុនស័ក្តិ​ ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែល​មាន អង្គការ ​សមាគម​២០​រួមគ្នា​តែ​មួយ​ អះអាងថា​ ការបំពេញ​កិច្ចការ​របស់​តុលាការ ជា​រឿង​ដ៏​គួរ​ឲ្យ​សារទរ​ និង​ធូរស្បើយ​មួយ​រយៈពេល​តែ​បាន​បញ្ជាក់​ថា វា​នាំ​ឲ្យ​មាន​ការ​លំបាក​ដក់​ការ​ការពារ​សិទ្ធិមនុស្ស​របស់លោក​ ចាន់ សាវ៉េត។

«ប្រសិន​បើ​គាត់​បំពេញ​តួនាទី​ជា​អ្នក​ការពា​សិទ្ធិ​មនុស្ស​ ហើយ​បើសិន​ជា​គាត់ មាន​យោបល់​ ហើយ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ហើយ​បើ​សិន​ជា គាត់​មាន​ការ​រិះគន់​រដ្ឋាភិបាល​ឬក៏គាត់​ធ្វើ​អ្វី​មួយ​លេច​ធ្លោ​នៅ​ក្នុង​សង្គម តុលាការ​អាច​រិត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​របស់​គាត់​ដែរ។ អាហ្នឹង​ខ្ញុំ​មើល ឃើញ​ថា​ចង់​មិន​ចង់​លោក ចាន់ សុវ៉េត អាច​នៅ​ក្រោម​ការរិតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​របស់​គាត់​ហើយ»។

ចំណាត់ការ​របស់​តុលាការ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​រិះគន់ ជា​អន្តរជាតិ​ថា មាន​កំណត់​ត្រា​សិទ្ធិមនុស្ស​អន់ថយ​ រួមទាំងក្តី​បារម្ភ​របស់​លោក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​ដែល​បាន​លើក​រឿង​សិទ្ធិ​មនុស្ស​ទៅ​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ខែ​វិច្ឆិកា​ពេល​លោក​ អូបាម៉ា អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា។

លោក ​សុខ សំអឿន នាយក​អង្គការ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​អះអាង ថា​ការ​សម្រេច​របស់​តុលាការ​មិន​ឃុំ​ខ្លួន​លោក​ ចាន់ សុវ៉េត ជា​ការ​បន្ធូរ​បរិយាកាស​ចំពោះ​អ្នក​ឃ្លាំ​មើល​ជាតិ និង​អន្តរជាតិ។

«ខ្ញុំ​ថា​ដូចជា​មាន​ការ​បន្ទន់​ដែរ ​ព្រោះ​និយាយ​រួម​ទៅ​បើសិន​ជា​មាន​ការ​បន្ថែម​រឿង លោក​ចាន់ សុវ៉េត​មួយទៀត​ វា​មិន​សូវ​ល្អ»។

លោក ​ចាន់ សុវ៉េត អនុ​ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ខែ​សីហា​ថា បាន​ជួយ​ក្រុម​លោក​ ប៊ុន រដ្ឋា ឲ្យ​គេច​ខ្លួន​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ ពាក់ព័ន្ធ​នឹងការ​តវ៉ា​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ដែល​ក្នុង​ព្រឹត្តិការណ៍​នោះ​អាជ្ញាធរ​បាន​បាញ់​សម្លាប់​កុមារី​ជន​រង​គ្រោះ​អាយុ​១៤ឆ្នាំ​ម្នាក់​កាល​ពី​ដើមឆ្នាំ ​និង​ចំពេល​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ​ត្រូវ​គេ រាយការណ៍​ថា ខក​ខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី។

ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល គ្រាន់​តែ​បំពេញ​កាតព្វកិច្ច​ជួយ​ជន​រង​គ្រោះ​ស្រ្តី កុមារ និង​ជន​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នានា​តាម​ច្បាប់​ប៉ណ្ណោះ។

ពួក​គេ​អះអាង​ថា បើ​គេ​ដឹង​ថា ជនណា​ម្នាក់​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី អង្គការ​សង្គម​ស៊ីវិល​នឹង​ផ្តល់​យោបល់​ផ្លូវ​ច្បាប់​ឲ្យ​ជន​ទាំង​នោះ​ ទៅ​រក​មេធាវី​លើក​ទឹក​ចិត្ត​ឲ្យ​ហ៊ាន​តតាំង​នៅ​តុលាការ​គឺ​មិន​បាន​ជួយ​ដល់​ឧក្រិដ្ឋ​ជន​ណា​មួយ​ទេ។ នោះជា​គោលការណ៍​សិទ្ធិមនុស្ស​ជា​សាកល​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ប្រតិបត្តិ​ និង​យល់​ច្បាស់​ពី​រឿង​នេះ។

លោក អំ សំអាត បាន​បន្ថែម​ថា​ លោក ចាន់ សុវ៉េត ពុំ​គួរ​ត្រូវ​ជាប់​ទោស​ដោយសារ​តែ​បំពេញ​កិច្ចការ​តាម​ច្បាប់​និង​គោលការណ៍​សិទ្ធិ​មនុស្ស​ទេ។

«យើងជា​សង្គមស៊ីវិល​យើង​ចង់​ឲ្យ​មានការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ លោក​ចាន់ សុវ៉េត​ពេល​នេះ​តែម្តង ​ក្នុង​រយៈ​ពេល​នេះ​មិន​ទាន់​ សូម​ឲ្យ​លើក​លែង ការ​ចោទ​ប្រកាន់​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​ ដើម្បី​ឲ្យ​លោក​ចាន់ សុវ៉េត​ហ្នឹង​បាន ប្រកប​វិជ្ជាជីវៈ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដោយ​ពេញលេញ​ឡើង​វិញ​ ដោយ​គ្មាន ការ​ភ័យខ្លាច​ ដោយ​គ្មាន​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សកម្មភាព​ការងារ​ការពារ​សិទ្ធិ មនុស្ស​របស់​ពួកគាត់​ហ្នឹង​បាទ»។

ក្នុង​រឿង​ដីធ្លី​នេះ​ដែរ​ លោក​ ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ ក៏​ត្រូវ ជាប់​ចោទ​ពីបទ​អបគមន៍​នេះ​ដែរ​ ហើយ​លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់ ឃុំ​ឃាំង​២០ឆ្នាំ។​

ការ​កាត់​ទោស​នេះ​ទទួល​រងការ​រិះគន់​ថា ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ហើយ​ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បដិសេធ​ការ​ជាប់ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ដោយ​បាន អះអាង​ថា ការ​កោះ​ហៅ​ ឬ​ការ​ឃុំ​ខ្លួន​នេះ​គឺ​ជា​ដំណើរការ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​ពល​រដ្ឋ​ត្រូវ​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង តុលាការ។
ទោះជា​យ៉ាង​ណា​ក៏ដោយ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា ក្នុង​ឆ្នាំ​២០១២ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​ ដោយសារ​តែ​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​បាញ់​សម្លាប់ ត្រូវ​បាន​ចាប់​ដាក់​គុក គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​សង្ស័យ សកម្មជន​ព្រៃ​ឈើ​ត្រូវ​គេ​បាញ់​សម្លាប់ ការ​រំលោភ​បំពាន​ដីធ្លី​ ការ​បាញ់​កម្មករ​រោង​ចក្រ និង​ការ​រារាំង​មេ​ដឹកនាំ​គណបក្ស​ជំទាស់ លោក​សម រង្ស៉ី​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ជាដើម។
XS
SM
MD
LG