ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ចាន់ សុវ៉េត​ត្រូវ​តុលាការ​កោះហៅ​ជាថ្មី​ក្នុង​ករណី​ដីធ្លី​នៅ​ក្រចេះ


លោក​ ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) ​នាយករង​នៃ​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​
លោក​ ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) ​នាយករង​នៃ​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​
វ៉ាស៊ីនតោន៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​គឺ​ លោក ​ចាន់ សុវ៉េត​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ កោះហៅ​ឲ្យ​ចូល​ខ្លួន​ជា​លើក​ទីពីរ​នៅថ្ងៃទី​២៤​ខែធ្នូ​ខាងមុខ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ជួយដល់​ក្រុមមួយ​ដែលប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ ប៉ុន្តែ​ក្រុមមន្ត្រី​សិទ្ធិជាតិ​និង​អន្តរជាតិ​ចាត់ទុកថា​ការកោះហៅ​នេះ​គឺជា​ការគំរាមកំហែង​ដល់​ក្រុម​សង្គម​ស៊ីវិល​ហើយ​ពួកគេ​បានទទូច​ឱ្យ​តុលាការ​ទម្លាក់ចោល​បទចោទប្រកាន់។

ចៅក្រម​ស៊ើបអង្កេត​ ឆែ វីរៈ​ នឹង​សាកសួរ​លោក ​ចាន់ សុវ៉េត​អនុប្រធាន​ក្រុមអ្នក​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ទាក់​ទង​នឹង​បទ​ចោទប្រកាន់​កាលពី​ខែសីហា​ថាបានជួយ​ក្រុមលោក​ ប៊ុន រដ្ឋា​ឲ្យគេចខ្លួន ចេញពីការ​តាមចាប់ខ្លួន​របស់អាជ្ញាធរក្នុង​ករណី​តវ៉ា​រឿង​ដីធ្លី​នៅ​ខេត្តក្រចេះ​ដែល​អាជ្ញាធរ​បានបាញ់​សម្លាប់​កុមារី​អាយុ​១៤ឆ្នាំ​ម្នាក់​ ស្លាប់​នៅពេល​មាន​ការ​បង្រ្កាប​កាល​ពីដើមឆ្នាំ ​និង​ចំពេល​ដែល​អាជ្ញាធរ​ខេត្តក្រចេះ​ត្រូវគេ​រាយការណ៍​មកថា​ខកខាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហាដីធ្លី​ពេល​នោះ។​ តែ​ក្រុម ​មន្ត្រី​សង្គម​ស៊ីវិល​បានអះអាងថា​អង្គការ​សង្គម​ស៊ីវិល​ គ្រាន់តែ​ បំពេញ​កាតព្វកិច្ច ​ជួយជន​រងគ្រោះស្រ្តី​ និង​កុមារ ​និង​ជនរងគ្រោះ​ ដោយសារ​ បញ្ហា​ដីធ្លី​ បញ្ហា​ រំលោភ​សិទ្ធិមនុស្ស​នានា​ទៅ​តាម​ច្បាប់​។

ពួកគេ​អះអាងថាបើគេ​ដឹងថា​ជនណា មួយ​មានការ​ពាក់ព័ន្ធ​នឹងរឿង​ក្តីក្តាំ ​តុលាការ​ អង្គការសង្គម​ស៊ីវិល​នឹងផ្តល់​យោបល់​ផ្លូវច្បាប់ឲ្យ​ជនទាំងនោះ​ ទៅរកមេធាវី​ លើកទឹកចិត្ត​ឲ្យហ៊ាន​តតាំងនៅ ​តុលាការ ​គឺ​មិន​បានជួយ​ដល់ឧក្រិដ្ឋ​ជនណាមួយ​ទេ។​ នោះជា​គោលការណ៍ ​សិទ្ធិមនុស្ស​ជាសាកល​ដែលក្រុម​អង្គការ​សិទ្ធិមនុស្ស​ប្រតិបត្តិ។

លោក​ ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) ​នាយករង​នៃ​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​មក​ថា​ លោក​មាន​ការភ្ញាក់ផ្អើល​ ហើយ​នឹង​បារម្ភ​ប្រសិនបើ​លោក​ ចាន់ សុវ៉េត​ត្រូវចោទ​ប្រកាន់​ដោយសារ​តែ​គ្មាន​កំហុស​អ្វី​ ក្រៅតែ​ពីបំពេញ​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​ គាំទ្រ ​សេរីភាព​ជួបប្រជុំ ​សេរីភាព​បញ្ចេញ​មតិ​នោះ។

«អង្គការHuman Rights Watch​មាន​ក្តីបារម្ភ​ណាស់​ដែល​ បទចោទ​ប្រកាន់​នេះ​មាន​លក្ខណៈ​នយោបាយ។​ ហើយ​ខ្ញុំ​គិតថា​លោក ចាន់ សុវ៉េត​ពុំគួ​រង​ការ​ចោទប្រកាន់​ និង​ត្រូវគេ​នាំទៅ​តុលាការ​ដោយសា​រប្រភេទ​បទចោទ​ទាំងនេះ​ទេ»។

លោក​អំ សំអាត ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​បាន​អះអាង​ថា​កិច្ចការ​របស់​លោក​ ចាន់ សុវ៉េត​ធ្វើគឺស្រប​ទៅ​តាម​ច្បាប់​និង​គោលការណ៍ ​សិទ្ធិមនុស្ស ​និង​ធ្វើកិច្ចការ​ក្នុង​នាម​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស។

«ការណ៍​ដែល​កោះហៅ​លោក ​ចាន់ សុវ៉េត​ជាលើក​ទីពីរ​នេះ​ ខ្ញុំ​យល់​ឃើញ​ថា​ជា​ការណ៍​មួយ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​វិស័យ​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ក៏ដូចជា​ការគំរាមកំហែង​ បំភិតបំភ័យ​នូវ​សកម្មភាព​ការងារ​របស់​អង្គការ ​សិទ្ធិមនុស្ស»។

លោក​ អំ សំអាត​បាន​អះអាង​ថា​តុលាការ​និង​ប្រទេស​កម្ពុជា​ត្រូវ​ពិចារណា​ អំពី ​ករណី​លោក​ ចាន់ សុវ៉េត ​ដោយសារ​ថា​ប្រទេស​កម្ពុជា​មានការ​រំលោភសិទ្ធិ​ដ៏ ​ធ្ងន់ធ្ងរ​រួចទៅហើយ​ ដែល​សូម្បី​តែ​មេដឹកនាំ​ពិភពលោក​ មន្ត្រី​អសប​ រួមទាំង​លោក ប្រធានាធិបតី​សរអា​បារ៉ាក់ អូបាម៉ា​ព្រួយបារម្ភ​ពី​រឿង​នេះ​ ហើយ​ចង់ឃើញ​កំណែ​ទម្រង់។

ដោយឡែក ​លោក​ ចាន់ សុវ៉េត​វិញ​អះអាង​ថា​លោកនឹង​ទៅ​បំភ្លឺនៅ​តុលាការ​ តាម​នីតិវិធី​អំពី​ភាព​ស្អាតស្អំ​របស់​លោក​តាមការ​កោះហៅ​របស់​តុលាការ ​បន្ទាប់ពី ​ខកខាន​ចូលខ្លួនម្តង​កាលពីថ្ងៃ​២៤ ខែ​សីហា​ដោយសារ​លោកជាប់​បំពេញ​បេសកកម្ម ​នៅ​ប្រទេស​ស៊ុយអែត​រយៈពេល​៣ខែ។

«ជារួម​បើយើង​មើលឃើញ​អំពី​ដីការ​បែបនេះ​ហើយ ​គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ បំពេញ​ កាតព្វកិច្ច​នេះ​ជាពិសេស​ខ្ញុំផ្ទាល់​អ្នកដែល​ត្រូវបាន​ចោទប្រកាន់​ ត្រូវតែ​ទៅ​បង្ហាញ​ខ្លួន​ដើម្បី​បកស្រាយ​នូវអ្វី​ដែល​ជារឿង​យុត្តិធម៌​ រឿង​ដែលខ្ញុំ​មិន ​បានប្រព្រឹត្ត​អំពើ​ណាមួយ​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ច្បាប់»។

លោក​បាន​អះអាង​ថា​ការកោះហៅ​លោក​ទៅ​សាកសួរ​នេះ​គឺជា​ការ​គំរាមកំហែង ​ដោយសារ​ការចោទ​ប្រកាន់​គឺ​គ្មាន​ភស្តុតាង​ មិនមាន​ការហៅ​ទៅសាក​សួរ​មុនពេល​ចោទប្រកាន់​ហើយ​បញ្ជូន​រឿង​ទៅចៅក្រម​ស៊ើបអង្កេត។

លោក​ Phil Robertson ​ថ្លែងថា៖
«លោក ​ចាន់ សុវ៉េត​ គឺជា​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​តាមរកអ្នក​ដែល​អាចទទួល​កំហុស​ជំនួស​បាន។​ រដ្ឋាភិបាល​រកមើល​ការ​គំរាម​កំហែង​ចំពោះ​ក្រុមអង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​ធ្វើការ​ចោទប្រកាន់​តាមបែប​នយោបាយ​ប្រឆាំង​ លោក​ចាន់ សុវ៉េត ​ដែល​ការ​គំរាមកំហែង​ប្រភេទនេះ​គួរតែ​បញ្ឈប់»។

លោក ​Robertson ​បានលើក​ទឹកចិត្ត​ដល់ក្រុមអង្គការ​សង្គមស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​និង​អង្គការ​សិទ្ធិមនុស្ស​ត្រូវតែ​តស៊ូ​ទៅមុខ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន​និង ​ដើម្បីសិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា។

ក្នុង​រឿង​ដីធ្លីនេះដែរ​ លោក​ ម៉ម សូណង់ដូ​ប្រធាន​ស្ថានីយ​វិទ្យុសំបុកឃ្មុំ​ ក៏ត្រូវ​ជាប់ចោទ​ពីបទ​ធ្វើ​អបគមន៍​នេះ​ដែរ​ ហើយ​លោក​ត្រូវតុលាការ​កាត់ទោស​ឲ្យជាប់ ​ឃុំឃាំង​២០ឆ្នាំ។​ ការកាត់ទោស​នេះ​រងការ​រិះគន់ថា​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ហើយពួកគេ​ទាមទារឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង។

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់បដិសេធ​ពីការ​ជាប់ពាក់ព័ន្ធ​នឹងរឿង​នយោបាយ​ក្រៅពី​បាន អះអាងថា​ការកោះហៅ​ ការឃុំខ្លួន​នេះ​ជា​ដំណើរការ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​ពលរដ្ឋ​ត្រូវ​តតាំងគ្នា​តាមផ្លូវច្បាប់​នៅក្នុង​តុលាការ។
ក្រុមមន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា​ក្នុង​ឆ្នាំ២០១២​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ ដោយសារតែ​អ្នកសារ​ព័ត៌មាន​ត្រូវគេបាញ់​សម្លាប់​ ចាប់ដាក់គុក ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​សង្ស័យ​ សកម្មជន​ព្រៃឈើ​ត្រូវគេ​បាញ់​សម្លាប់ ​ការរំលោភ​បំពានដីធ្លី​ ការបាញ់​កម្មករ​រោងចក្រ​និង​ការ​រារាំង​មេដឹកនាំ​គណបក្ស ​ជំទាស់ ​លោកសម រង្ស៉ី​មិនឲ្យ​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២០១៣​ជាដើម៕
XS
SM
MD
LG