ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​ឈឺ​ជាកង្វល់មួយ​ទៀត​ដល់​ដំណើរ​ការ​យុត្តិធម៌​


អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ជា ​ដែល​មាន​វ័យ​៨៦​ឆ្នាំ​
អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ជា ​ដែល​មាន​វ័យ​៨៦​ឆ្នាំ​
វ៉ាស៊ីនតោន៖ ក្រុមអ្នក​ឃ្លាំមើល ​និង​ជន​រងគ្រោះ​ព្រួយ​បារម្ភ​ជាថ្មីទៀត ​នៅពេល​ជនជាប់​ចោទ នួន ជា​ ឬបងធំ​ទី២​នៃ​របប​ខ្មែរក្រហម​ធ្លាក់​ខ្លួន​ឈឺ​ ហើយវា​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ដល់​ដំណើរការ​កាត់ទោស។​ ​មានការ​ទទូច​ចង់ឃើញ​តុលាការ​ពន្លឿន​នីតិវីធី​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​គ្រប់​ភាគី។​

សវនាការ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ខកខាន ​កាលពី​ថ្ងៃច័ន្ទ​ហើយ​ពន្យារពេល​ដល់​ថ្ងៃពុធ ​នៅពេល​អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ជា ​ដែល​មាន​វ័យ​៨៦​ឆ្នាំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ត្រូវដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ជា​បន្ទាន់។​ ក្រុម​អ្នក​ឃ្លំាមើល​បាន​អះអាង​ថា​ ជំងឺញយៗ​និង​ភាព​ចាស់ជរា​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម​គឺ​ជា​សញ្ញា​ដែល​ថា​ សាលាក្តី​ខ្មែរក្រហម​ត្រូវតែ​ពន្លឿន​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​រក​យុត្តិធម៌​ជូនជន​រងគ្រោះ​និង​ការណ៍​ពិត​ដែល​កើត​ឡើង​ក្នុង​ទសវត្សរ៍​១៩៧០​ ដែលមាន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​១លាន​៧សែន​នាក់​ ហើយ​ដែល​ត្រូវ​គេ​ស្តីបន្ទោស​ថា ​ក្រុមខ្មែរ​ក្រហម​ជាអ្នក​កាប់​សម្លាប់​ បង្អត់​អាហារ ​និង​ធ្វើ​ទារុណកម្ម។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែលចូលរួម​ដោយ​អ.ស.ប.​បាន​ចាប់​ផ្តើម​កាត់ទោស​សំណុំ​រឿង​០០២​ កាលពី​ខែ​មិថុនា​ឆ្នាំ​២០១១​ តែ​ដំណើរការ​ជាង​មួយ​ឆ្នាំ​មក​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​មាន​លក្ខណៈ​យឺតយ៉ាវ​ ដោយសារ​ថា​សូម្បី​តែ​អង្គហេតុ​តែ​មួយ​គឺទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ដោយបង្ខំ​ក៏​មិន​ទាន់​ធ្វើ​ចប់ផង ហើយ​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​បាន​អះអាង​ថា​ គេមិន​អាច​ទស្សន៍ទាយ​បាន​ថា​ពេលណា​សាលាក្តី​នេះ​អាច​ឈាន​ចូល​ដល់ការ​កាត់ទោស​ឧក្រិដ្ឋ​កម្ម​ធំៗ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ដែល​គេ​រំពឹង​ទុក​ថា ​គួរតែ​ចាប់​ផ្តើម​យូរ​ហើយ​នោះ​ទេ។​

លោកស្រី​អាន ហេនឌែល ​(Anne Heindel)​ ទីប្រឹក្សា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​DC Cam ​បាន​ថ្លែង​ថា​ តុលាការ​ត្រូវការ​ពេល​វេលា​ច្រើន​សម្រាប់​កាត់​ទោស​ឲ្យ​មាន​យុត្តិធម៌​ ដូច្នេះ​ការ​ខកខាន​សវនាការ​ដោយសារ​ជំងឺ​របស់​នួន ជា ​និង​ភាព​ចាស់​ជរា​របស់​ជន​ជាប់ចោទ​គឺ​ជាក្តី​បារម្ភ​បន្ថែម​ទៀត​សម្រាប់​ជន​រងគ្រោះ។​

«នេះពិត​ជារឿង​ដ៏ភ័យព្រួយ​សម្រាប់អ្នក​រួច​ពី​ស្លាប់​ ដែល​ថា​ ជន​ជាប់ចោទ​ នឹង​មិន​អាច​រស់រាន​មាន​ជីវិត​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​ទេ។​ ខ្ញុំមិន​ទស្សន៍ទាយ​ពី​ស្ថានភាព​សុខភាព​របស់​នួន ជា​ទេ​ តែ​ជា​ការណ៍​ពិត​ រឿងនេះ​ជា​ការ​បាត់បង់​ដ៏ធំ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ និង​ជាការ​បាត់បង់​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​សម័យ​ខ្មែរក្រហម​ បើសិនជា​ការ​កាត់ទោស​មិន​បាន​ធ្វើចប់សព្វគ្រប់​ ​ហើយ​គេ​មិន​បាន​ឮ​អំពី​ភស្តុតាង​ប្រឆាំង​នឹង​នួន ជា​ឬ​មិន​បាន​ឮ​អំណះអំណាង​របស់​ក្រុម​មេធាវី​នួន ជា​ចំពោះ​ការ​ចោទប្រកាន់​ទាំង​នោះ»។​

លោកស្រី​បាន​អះអាង​ថា​ ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​ទាំង​បី​ ដែល​នៅ​មាន​ជីវិត​ មានតែ​ជនជាប់ចោទ​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋទេ ​ដែលមាន​សុខភាព​ប្រសើរ​ជាង​គេ។​

«ពីព្រោះ​ប្រសិន​បើ​អៀង សារី ​និង​នួន ជា​ឈឺធ្ងន់ធ្ងរ​ ហើយ​សល់តែ​ខៀវ សំផន ​នោះ​មានន័យ​ថា​ អ្នក​ដឹកនាំ​សំខាន់ៗ​នឹង​បាត់​មុខ​ពី​ដំណើរការ​កាត់ទោស។​ ហើយ​ជា​ការណ៍ពិត​ រឿងរ៉ាវ​នឹង​កាន់តែ​រួមតូច​ទៅ​ ហើយមិន​មានយុត្តិធម៌ពេញលេញ​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ដឹកនាំ​ខ្មែរក្រហម​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង»។​

ដោយឡែក ​លោកស្រី​នូស៊ីន ​សាការ៉ាទី​ (Nushin Sarkarati) ​ជំនួយ​ការ​ផ្នែក​ច្បាប់​នៃ​អង្គការ​ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌ និង​ការ​ទទួល​ខុសត្រូវ​(CJA) ​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ថា​ តុលាការ​ត្រូវដោះស្រាយ​បញ្ហា​ជំងឺ​លោក​នួន ជា​ដើម្បី​ជៀសវាង​ការ​ពន្យារពេល​នៃ​ការ​កាត់​ទោស។​

«ជំងឺ​របស់​គាត់​គឺ​ជា​ការរំឭក​មួយ​ថា​ យុត្តិធម៌​ដ៏​រស់រាន់​មួយ​គឺ​ជា​រឿង​សំខាន់​បំផុត​ គឺមិនមែន​គ្រាន់តែ​កំណត់​អំពី​ភាព​គ្មានទោស ​និង​ភាព​មានទោស​របស់​ជន​ជាប់ចោទ​ប៉ុណ្ណោះ​ទេ​ តែ​ជា​ការ​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​នៃ​សង្រ្គាម​មុន ​ពេល​មេ​ដឹកនាំ​ខ្មែរក្រហម​សំខាន់ៗ​បាន​ស្លាប់​អស់»។​

ក្រុម​អ្នក​ឃ្លាំមើល​បាន​អះអាង​ថា​ ជន​ជាប់ចោទ​អាច​ផ្ទេរសិទ្ធិ​ទៅឲ្យ​មេធាវី​របស់​ខ្លួន​ ហើយ​តុលាការ​ខ្លួនឯង​អាច​មាន​សិទ្ធិ​បន្ត​សវនាការ​បាន​ដែរ​ ឬ​ក៏​អាច​បន្ត​សវនាការ​របស់ជនជាប់ចោទ​ពីរនាក់​ផ្សេង​ទៀត​គឺ​អៀង សារី ​រដ្ឋ​មន្ត្រី​ការ​បរទេស​ខ្មែរក្រហម​ និង​ជនជាប់ចោទ​ខៀវ សំផន ​ជា​ប្រមុខ​រដ្ឋ​ ​ខ្មែរក្រហម ប្រសិនណា​បើនួន ជា​មាន​ជំងឺ។​

លោក​ឡាត់ គី​ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកប្រចាំ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​បាន​អះអាង​ថា ​បញ្ហា​ជំងឺ​របស់​ជន​ជាប់​ចោទ​ជា​សញ្ញា​បង្ហាញ​ថា​ តុលាការ​ត្រូវ​ពន្លឿន​សវនាការ។

«ខ្ញុំ​យល់​ឃើញ​ថា​ រឿងនេះ​ជា​សញ្ញា​មួយ​ដើម្បី​បញ្ជាក់​ពី​មនសិការ​របស់​ តុលាការ​នេះ​ ជា​ពិសេស​គួរតែ​ពន្លឿន​ធ្វើការ​ជំនុំជម្រះ​ ធ្វើយ៉ាង​ម៉េច​ឲ្យ​បាន​ឆាប់​ ពីព្រោះ​ថា​ ស្ថានភាព​ជន​ជាប់ចោទ​ទាំងអស់​មួយ​ណា​ក៏​ស្ទើរតែ​ដូចមួយ​ណា​ដែរ ​គឺ​ស្ថិត​នៅ​ក្នុង​ភាព​ទ្រុឌទ្រោម​មួយ​ថ្ងៃ​បន្តិចៗ»។​

លោក​ឡាត់ គី​បាន​អះអាង​ថា​ ដំណើរការ​សាលាក្តី​ខ្មែរក្រហម​អាច​មាន​ន័យ លុះត្រា​តែ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​អាច​ចូល​រួម​សវនាការ​បាន។

លោក​ស៊ុំ រិទ្ធី ​អាយុ៦០ឆ្នាំ​ ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​ជា​ជន​រងគ្រោះ​រួច​ពី​ស្លាប់​នៅ​ក្នុង​គុក​មួយ​នៅ​ខេត្ត​សៀមរាប​ បាន​អះអាង​ថា​ តុលាការ​មិនគួរ​ផ្អាក​ការ​កាត់ទោស​ទេ។ លោក​អះអាង​ថា វា​នាំ​ឲ្យ​ជនរងគ្រោះ​ទូទាំង​ ប្រទេស​ដែលកំពុង​រង់ចាំ​យុត្តិធម៌​ មាន​ការ​ខកចិត្ត។ ​ម្យ៉ាងទៀត​ដំណើរ​ការ​កាត់ទោស​នេះ​មាន​លក្ខណៈ​យឺតយ៉ាវ ​ដោយសារ​ថា​ ជិត​២​ឆ្នាំ​ហើយជន​ជាប់ចោទ​ចេះ​តែ​ឈឺ​ផ្លាស់គ្នា​ ជាបន្ត​បន្ទាប់​ក្នុង​ពេល​កាត់ទោស​លើ​អង្គហេតុ​តែ​មួយ​គឺ​ការ​ជម្លៀស​ប្រជាជន។​

«បើ​តុលាការ​ពន្លឿន​នីតិវិធី​របស់ខ្លួន​ នោះ​ខ្ញុំ​ជឿជាក់​ថា​ អាចមាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ ​តែបើ​នៅតែ​របៀប​ដូចជា​ថ្ងៃនេះទៀត​ គឺ​ខ្ញុំ​អត់​មាន​សង្ឃឹម​ទេ​ យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅទូទាំង​ប្រទេស​ និង​អ្នកស្លាប់»។​
លោក​ថ្លែង​ថា​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គួរឈាន​ដល់​ការ​កាត់ទោស​លើ​បទ​ឧក្រិដ្ឋ​ចម្បងៗ​ហើយ​ពេល​នេះ​ ខណៈ​ដែលជន​រងគ្រោះ​និង​ម្ចាស់​ជំនួយ​ចង់​ឃើញ​ដំណើរការ​នេះ​ដើរ​ទៅ​មុខ។​

សាលាក្តី​ខ្មែរក្រហម​ ដែលត្រូវ​ញ៉ាំញី​ដោយ​ការ​ចោទប្រកាន់​អំពី​អំពើ​ពុក​រលួយ​ ​និង​បញ្ហា​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ​ ​កំពុង​ខ្វះខាត​ថវិកាសម្រាប់​ការ​ចំណាយ​ឆ្នាំ​២០១៣​ ទាំងភាគីជាតិ​ និង​អន្តរជាតិ៕
XS
SM
MD
LG