ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងធំទី២​របស់​ខ្មែរក្រហម​ដួល ​ហើយ​ត្រូវ​ចូល​ដេក​ពេទ្យ​


Khmer Rouge "Brother Number Two" Nuon Chea attends a public hearing at the Extraordinary Chambers in the Courts of Cambodia, on the outskirts of Phnom Penh, October 19, 2011.
Khmer Rouge "Brother Number Two" Nuon Chea attends a public hearing at the Extraordinary Chambers in the Courts of Cambodia, on the outskirts of Phnom Penh, October 19, 2011.

ជន​ជាប់​ចោទ​អាយុ៨៦​ឆ្នាំ​រូបនេះ​ត្រូវ​ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​កាលពី​ម៉ោង​៣រសៀល​ថ្ងៃ​អាទិត្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់។​

ភ្នំពេញ​៖ ជន​ជាប់ចោទ​នួន​ ជា​ត្រូវ​បញ្ជូន​បាន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដោយសារ​ជំងឺ​រលាក​ទងសួត​ស្រួច​ស្រាវ។​ នេះ​បើ​យោងតាម​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ និង​មេធាវី​ជន​ជាប់ចោទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម ​បញ្ជាក់​ថា ​ជន​ជាប់​ចោទ​អាយុ៨៦​ឆ្នាំ​រូបនេះ​ត្រូវ​ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​កាលពី​ម៉ោង​៣រសៀល​ថ្ងៃ​អាទិត្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់។​

លោក​បញ្ជាក់​ថា ​ក្រៅពី​មាន​ជំងឺ​រលាក​ទងសួត ​ជនជាប់ចោទ​«មានការ​ហេវ​ហត់​ អស់​កម្លាំង​ខ្លាំង»។​

«គាត់​មានការ​រលាក​ទងសួត​ស្រួចស្រាវ​និង​មានការ​ហេវ​ហត់​អស់​កម្លាំង»។​

សហ​មេធាវី​ជាតិ​របស់​នួន ជា​គឺ​លោក​សុន អា​រុណ​ឲ្យ​ដឹង​ថា ​កូនក្តី​របស់​គាត់​បាន​ដួល​អុកគូទ​កាល​ពី​ម្សិលមិញ​នេះ​ក្នុង​បន្ទប់​ឃុំឃាំង​ ហើយ​នួន ជា​ ទល់​លាមក​ ប៉ុន្មាន​ថ្ងៃ​មក​ហើយ។​

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ផ្អាក​ការ​កាត់ទោស​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ដោយសារ​បញ្ហា​សុខភាព​របស់​ជន​ជាប់ចោទ​ ហើយ​គ្រោង​នឹង​បើក​សវនាការ​ឡើងវិញ​នៅ​ថ្ងៃ​ពុធ​ទី១៦​ខែ​មករា​ដើម្បី​ពិនិត្យ​ថា ​តើ​ត្រូវ​បន្ត​សវនាការ​ដោយ​គ្មាន​វត្តមាន​នួន ជា ​ឬ​យ៉ាងណា​ ប្រសិន​បើ​នួន ជា​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ ឬ​មួយ​ត្រូវ​ផ្អាក​ការកាត់ទោស​មួយ​រយៈ​ទៀត ​ប្រសិន​បើ​នួន​ ជា​មិន​បោះបង់​បង់​សិទ្ធិ​ចូលរួម​សវនាការ​ ហើយ​នៅតែ​ឈឺ​មិនទាន់​វិល​ត្រឡប់​មក​កាន់​បន្ទប់​កាត់ទោស​បាន​នោះ។​

លោក​សុន អា​រុណ​បញ្ជាក់​ថា​ កូនក្តី​របស់លោក​មិន​ព្រម​បោះបង់​សិទ្ធិ​ចូល​រួម​ការ​កាត់ទោស​ទេ។​

«គាត់​ធ្វើលិខិត​មួយ​ផ្តិត​មេដៃ​ឲ្យ​មក​ខ្ញុំ​ជូន​តុលាការ​ថា​ គាត់​សុំ​មិន​លះបង់​សវនាការ​ទេ»។​

នួន ជា​ត្រូវ​ដាក់​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់។ ​លោក​នេត្រ ភក្ត្រា​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​គ្រូពេទ្យ​រំពឹង​ថា ​នួន ជា​ត្រូវការ​ការ​ព្យាបាល​យ៉ាង​ហោចណាស់​ក្នុង​រង្វង់​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​អាច​វិល​ត្រឡប់​មក​កាន់​បន្ទប់​ឃុំឃាំង​វិញ​បាន។​

«គេ​អាច​ថា​ គាត់​ត្រូវការ​រយៈ​ពេល​ពី​បួន​ទៅ​ប្រាំពីរ​ថ្ងៃ​ដើម្បី​សម្រាក​ព្យាបាល។ ​តែ​យើង​មិនដឹង​ថា ​លោក​នួន ជា​ត្រូវការ​រយៈ​ពេល​ប៉ុន្មាន​ពិតប្រាកដ​ដើម្បី​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទេ»។​

នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ជា​មេ​មនោគមវិជ្ជា​នៃ​របប​នេះ​ដែល​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់យ៉ាងតិច​១​លាន៧សែននាក់ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧។​ គាត់​គឺជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​០០២​ ដែល​មាន​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បួន​នាក់។ ​ប៉ុន្តែ​អៀង ធីរិទ្ធ​ អតីត​

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​របស់​ខ្មែរក្រហម​ត្រូវ​ដោះលែង​កាលពី​ឆ្នាំមុន​ ដោយសារ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ។​
អៀង សារី​ធ្លាប់បាន​ចូល​ពេទ្យ​អស់​រយៈពេល​ជាង​មួយខែ ​កាលពី​ចុង​ឆ្នាំ​២០១២​ ដោយ​អាការៈ​ហត់​ហេវ​ខ្លាំង។​

សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​បើកសវនាការ​ស្តីពី​បញ្ហា​សុខភាព​និង​កាយ​សម្បទា​សម្រាប់​ចូលរួម​ការ​កាត់ទោស​លើ​ជន​ជាប់ចោទ​អៀង សារី ​និង​នួន ជា​ នៅ​ថ្ងៃ​ទី២០​និង​២១ខែ​មិនា​ឆ្នាំ​នេះ។
ទាំង​លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ និង​លោក​សុន អារុណ ​ស្មាក្តី​របស់​នួន ជា ​សុទ្ធតែ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ដូចគ្នា​ពី​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ៕​
XS
SM
MD
LG