ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សុខភាពរបស់​បងធំ​ទី២​នៃ​ខ្មែរ​ក្រហម​បាន​គ្រាន់​បើ​ឡើង​វិញ​បន្តិច​


«បងធំទី​២​»​របស់​ខ្មែរ​ក្រហម នួន ជា ចូល​រួម​ក្នុង​សវនាការ​សាធារណៈ​មួយ​នៅ​សាលាក្តី​ខ្មែរ​ក្រហម នៅ​ជាយក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១។ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ​មេធាវី​​លោក​ នួន​ ជា ​​​​បាន​ដាក់​បណ្ដឹង​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​និង​ម
គង់ សុ​ឋាន​រិ​ទ្ធ រាជធានី​ភ្នំពេញ​
ស្ថានភាព​សុខភាព​របស់​ជន​ជាប់ចោទ​នួន ជា​ទំនង​ជា​ប្រសើរ​ឡើងវិញ​បាន​បន្តិច។ ​នេះ​បើ​យោងតាម​របាយ​ការណ៍​របស់​ក្រុម​គ្រូពេទ្យ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ក៏​ប៉ុន្តែ​មេធាវី​ការពារ​ជន​ជាប់ចោទ​អះអាង​ថា​ កូនក្តី​របស់​ខ្លួន​មិន​បង្ហាញ​ភាព​ប្រសើរ​នោះ​ទេ។​

លោក​សុន អា​រុណ ​សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឲ្យ​នួន ជា​ មាន​ប្រសាសន៍​ថា​ ជន​ជាប់ចោទ​នៅ​មាន​សុខភាព​ខ្សោយ។​

«របាយ​ការណ៍​ពេទ្យ​មក​តុលាការ​ថា​ គាត់​ធូរ​ ជា​ម្សិលមិញ​បន្តិច​ ប៉ុន្តែ​បើ​តាម​ខ្ញុំ​មើល​ឃើញ​ គាត់​ដូចជា​មិន​ធូរ​ទេ។ ​នៅពេល​ដែល​ខ្ញុំ​សួរ​គាត់​ និយាយ​ជាមួយ​គាត់​អញ្ចឹង​ទៅ ​ខ្ញុំ​ឃើញ​ដូចជា​ខុស​ជាង​ពី​ម្សិល​ ខ្សោយ​ជាង​ពី​ម្សិល​ គឺ​គាត់​ពិសារ​មិនបាន​ សម្រាន្ត​មិន​លក់។ ​ខ្ញុំ​មិនមែន​ពេទ្យ ​ប៉ុន្តែ​ខ្ញុំ​ថា ​អញ្ចឹង​ ព្រោះ​ខ្ញុំ​ឃើញ​នឹង​ភ្នែក»។​

លោក​សុន អា​រុណ​លើក​ឡើង​ថា ​របាយ​ការណ៍​គ្រូពេទ្យ​មិន​បាន​បង្ហាញ​ពី​ការ​ត្រួត​ពិនិត្យ​ជំងឺ​រលាក​ទងសួត​រប​ស់ជន​ជាប់ចោទ​ទេ។​

«រាយ​ការណ៍​ហ្នឹង​និយាយ​ពី​ចង្កេះ​គាត់ ​និយាយ​ពី​រឿង​ខ្លួន​គាត់​ហ្នឹង​ នៅ​ពេល​ដែល​គាត់​អុកគូថ​ហ្នឹង​មិន​បាន​ប៉ះពាល់​ទៅដល់​ឆ្អឹង​អីហ្នឹង​ទេ។ ​ប៉ុន្តែ​គេ​មិន​និយាយ​ពី​រឿង​សួត​របស់​គាត់​ទេ»។​

អតីត​ប្រធាន​សភា​ខ្មែរក្រហម​ អាយុ​៨៦​ឆ្នាំ​រូបនេះ​ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​កាលពី​ថ្ងៃ​អាទិត្យ​ដោយសារ​ជំងឺ​រលាក​ទងសួត​ស្រួច​ស្រាវ។ ​ហើយ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​សម្រេច​ផ្អាក​ការ​កាត់​ទោស​កាលពី​ថ្ងៃ​ច័ន្ទ​ដោយសារ​តែ​អវត្ត​មាន​របស់​នួន ជា។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូពេទ្យ​កំពុង​បន្ត​ព្យាបាល​ជំងឺ​រលាក​ទងសួត​និង​ភាព​ហេវ​ហត់​របស់​នួន ជា។​ ហើយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​បន្ត​ផ្អាក​សវនាការ​នៅ​ថ្ងៃ​ពុធ​ទី១៦​ខែ​មករា​ស្អែក​នេះ។​

«អាការៈ​ជំងឺ​របស់គាត់​ហ្នឹង​នៅ​ថេរ ​ហើយ​ចំពោះ​សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​គឺ​មិន​មាន​ទេ។ ​ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ​គឺ​ពេញ​មួយ​សប្តាហ៍​គឺ​មិនមាន​សវនាការ​អ្វី​ទេ​ ដោយ​សារ​តែ​អវត្តមាន​របស់​ជន​ជាប់ចោទ​នួន ជា​ តែ​លោក​នួន ជា​មិនបាន​លះបង់​សិទ្ធិ​នៅ​ក្នុង​សវនាការ»។​

នួន ជា​ត្រូវគេ​ស្គាល់​ថា ​ជា​មេ​មនោគម​វិជ្ជា​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម​ដែល​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់យ៉ាងតិច​១​លាន​៧​សែន​នាក់ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ​ក្នុង​សំណុំ​រឿង​០០២ គាត់​គឺ​ជា​ជន​ជាប់ចោទ​ចាស់​ជរា​ទី២​បន្ទាប់ពី​អៀង សារី​ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​នាំ​ឲ្យ​ផ្អាក​ដំណើរការ​កាត់ទោស​មួយ​រយៈ។​

តាម​ប្រភព​ស្និទ្ធ​នឹង​តុលាការ​បាន​ឲ្យ​ដឹង​ថា ​សវនាការ​ក្នុង​សំណុំ​រឿង​០០២​ទំនង​ជា​អាច​ចាប់​ផ្តើម​ឡើងវិញ​ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ​ ប៉ុន្តែ​គឺជា​សវនាការ​ដែល​នឹង​ពិភាក្សា​ឯកសារ​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​០០២៕​
XS
SM
MD
LG