សហមេធាវីមួយរូបរបស់អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេ្យបាននិយាយ នៅថ្ងៃព្រស្បត្តិ៍នេះថា ខ្លួនមិនមានផែនការយាងអតីតព្រះមហាក្សត្រសម្ដេចឪនរោត្តម សីហនុ ឲ្យចូលផ្តល់សក្សីកម្មនោះទេក្នុងសវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។
កាលពីថ្ងៃពុធ ខៀវ សំផន បានចោទសួរទៅកាន់សហព្រះរាជអាជ្ញា នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនប្រឆាំងនឹងការចោទប្រកាន់ថា ហេតុដូចម្ដេចបានជាអតីតព្រះមហាក្សត្រ នរោត្តម សីហនុ មិនត្រូវបានយាងចូលរួមសវនាការ ខណៈដែលការកាត់ក្ដីក្នុងសំណុំរឿង០០២ ចាប់ផ្ដើមនោះ ដោយហេតុថាអតីតព្រះមហាក្សត្រក៏ធ្លាប់គង់ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមផងដែរ។
មេធាវីរបស់ខៀវ សំផន លោក គង់ សំអុន មានប្រសាសន៍ថា ការស្នើសុំយាងអតីតព្រះមហាក្សត្រនៅពេលនេះហួសពេលទៅហើយ ដោយសារតែតុលាការបិទបញ្ជីទទួលពាក្យស្នើសុំសាក្សីរួចទៅហើយ។
«ខ្ញុំគិតថា នឹងមិនមានសំណើនោះទេ។ ហើយចំណោទគឺមិនមែនស្ថិតនៅលើយើងជាអ្នកស្នើសុំទេ គឺស្ថិតលើសហព្រះរាជអាជ្ញា សហចៅក្រមស៊ើបអង្កេត។ ដូច្នេះបើសិនជាគាត់យល់ថា សម្ដេចឱមានប្រយោជន៍ ហើយត្រូវយាងព្រះអង្គមកស្រាយបំភ្លឺ អាហ្នឹងគាត់ធ្វើទៅ»។
សំណួររបស់អតីតប្រមុខរដ្ឋសម័យខ្មែរក្រហមរូបនេះធ្វើឡើងបន្ទាប់ពីសហព្រះរាជអាជ្ញាទាំងពីររូបគឺលោកស្រី ជា លាង និងលោកអេនឌ្រូ ខេលី ចោទប្រកាន់ថា លោកជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទនួន ជា និងអៀង សារី ដែលទទួលខុសត្រូវចំពោះការស្លាប់ និងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់នៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ដូចគ្នាដែរថា នៅពេលនេះភាគីនានា មិនអាចសុំសាក្សី ឬក៏ស្នើសុំឲ្យមានការកោះហៅបុគ្គលណាម្នាក់បន្ថែមទៀតនោះឡើយ ដោយសារតែបញ្ជីសាក្សី និងអ្នកជំនាញត្រូវបានបិទរួចទៅហើយ។
«ចំពោះការស្នើសុំសាក្សីបន្ថែមឬយ៉ាងណានោះ អាស្រ័យលើអង្គជំនុំជម្រះសាលាដំបូងដែលមានឆន្ទានុសិទ្ធិក្នុងការសម្រេច»។
មានសាក្សី និងអ្នកជំនាញសរុបចំនួន១.០៩២ រូបនៅក្នុងសំណុំរឿង០០២នេះ ក្នុងនោះបើយោងតាមលោកនេត្រ ភក្ដ្រា សាក្សីរបស់នួន ជា មានរហូតទៅដល់ជាង៥០០នាក់។
សូមបញ្ជាក់ថា មេធាវីរបស់ជនជាប់ចោទ អៀង សារី និងនួន ជា ក៏ធ្លាប់បានស្នើឲ្យមានការយាងអតីតព្រះមហាក្សត្រ រួមបំភ្លឺក្នុងតុលាការខ្មែរក្រហមដែរ ក៏ប៉ុន្ដែសំណើនោះមិនបានជោគជ័យទេ៕