ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ពីរ​នឹង​ដាក់​ញ្ញត្តិ​សុំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​វិធាន​ការ​រឿង​គុណភាព​និង​សុវត្ថិភាព​កម្មករ​សំណង់


សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។
សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។

សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​និង ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ បាន​ប្រកាស​ព្រមគ្នា​ថានឹង​ជួប​ប្រជុំ គ្នា​ដាក់​ពាតិ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ធានា​គុណភាព ​និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់​ នៅ​ក្រសួង​ចំនួន​ពីរ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមមួយ​ដែល ​VOA ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។​

ក្រសួង​ទាំង​ពីរ​នោះ​គឺ​មាន​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​ក្រុម​អង្គការ​ទាំង​ពីរ​ក្រុម​គ្រោង​នឹង​ដាក់​ញ្ញត្តិ​ជូន​នៅម៉ោង​៩ព្រឹក​ ហើយ​នឹង ​ដាក់​ញ្ញត្តិ​នៅ ម៉ោង​១១​ព្រឹក​ នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់។​

ការ​ដាក់​ញ្ញត្តិ​នេះ​ត្រូវគេ​ដឹងថា​កើត​ឡើង​ក្រោយ​ពេល​ដែលមាន​កម្មករ​សំណង់​រាប់​សិប​នាក់​ត្រូវ​ស្លាប់​និង​របួស​ដោយ​សារ​ការ​បាក់​រលំ​អគារ​ ៦ជាន់​នៅ​ខេត្ត​កែប ​ដែល​មាន​មនុស្ស ស្លាប់​ចំនួន​៣៦​នាក់​ និង​២៣​នាក់​រងរបួស​កាល​ពីថ្ងៃ៣ ​ខែមករា​ និង ​មួយលើក​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​នេះ​បាន​បាក់​រលំ និង​បាន​សង្កត់​សម្លាប់​កម្មករ​សំណង់​ដែល​ស្នាក់​នៅ​ទី​នោះ​ចំនួន​២៨​នាក់​ និង​កម្មករ​រង​របួស​២៦​នាក់។

នៅ​ចុង​ឆ្នាំ​២០១៩ ​លោក​ ជា​ សុផារ៉ា ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ ​ថ្លែង​ថា ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​បន្ទាយមានជ័យ​ មាន​សំណង់​ឥត​ច្បាប់​ច្រើន​ជាង​សំណង់​មាន​ច្បាប់។​ លោក​មិន​បាន​បញ្ជាក់​ថា​សំណង់​ទាំង​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ​តែ​លោក​បាន​ប្រកាស​ថានឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ម្ចាស់​សំណង់​ឥត​ច្បាប់​ទាំង​នោះ៕

XS
SM
MD
LG