ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គជប​ចាប់ផ្តើម​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា


វ៉ាស៊ីនតោន៖ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​និង​ក្រុម​អ្នកសង្កេតការណ៍​ថ្លែង​ថា​ក្រុម​អ្នកបោះឆ្នោត​អាច​ចាប់ផ្តើម​ទៅចុះឈ្មោះ​អ្នក​បោះឆ្នោត​និង​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​តាម​ឃុំសង្កាត់​ដែល​ពួកគេ​រស់នៅ​ នៅដើម​ខែ​កញ្ញា​ខាងមុខ​ដើម្បី ​ទទួលបាន​សិទ្ធិ​ពេញលេញ​សម្រាប់​ការបោះឆ្នោត​ជា​សកល​ឆ្នាំ​២០១៣​ខាងមុខ។

ក្រុមមន្ត្រី​អះអាង​ថា​ពលរដ្ឋ​គ្រប់​អាយុ១៨ឆ្នាំ​ និង​អ្នកផ្លាស់​ទីលំនៅ​មាន​ចំនួន​ ជាង​៦០​ម៉ឺន​នាក់​ នឹង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ហើយ​មាន​ឈ្មោះ​ប្រជា​ពលរដ្ឋ​ជាង១៤ ម៉ឺននាក់​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នកបោះឆ្នោត​ដោយសារ​មាន​ឈ្មោះ ​ស្ទួន​ មរណភាព​និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក ទេព នីថា​ អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប)​បាន​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ដំណើរការ​ចុះឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ពលរដ្ឋ​ទើប​គ្រប់​អាយុ១៨ឆ្នាំ​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់ ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ឬ​អ្នកដែល​ចុះ​ឈ្មោះ​រួច​ហើយ​នោះ​គឺធ្វើតែ​ក្នុង​រយៈពេល ​៤២​ថ្ងៃ​ប៉ុណ្ណោះ​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​គឺ​ចាប់ពី​ថ្ងៃទី​១ ខែ​កញ្ញា​ដល់​ថ្ងៃទី​១២ ​ខែ​តុលា។

«គជប​បាន​អំពាវនាវ​សុំ​អញ្ជើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ជាពិសេស​ យុវជន ​យុវនារី​ដែលទើប​គ្រប់​អាយុ​បោះឆ្នោត​ហ្នឹង​ឲ្យ​អញ្ជើញ​ទៅចុះឈ្មោះ​បោះឆ្នោត។ ហើយ​អំពី​ឯកសារ​ដូចខ្ញុំ​បានជម្រាប​អញ្ចឹងទី១​ក្នុង​ករណី​ដែលគាត់​នៅក្នុង​គ្រួសារ​គាត់អាច​មានប័ណ្ណ​គ្រួសារ​ មាន​សៀវភៅ​គ្រួសារអី​គាត់អាច​សុំរក​ឯកសារ​បញ្ជាក់ ​បន្ថែម​ដើម្បី​បំពេញ​លក្ខខណ្ឌ​នេះ»។

លោក ទេព នីថា​បាន​បន្ថែម​ថា៖

«ទី២​ប្រជា​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​សូម​មេត្តា​យកចិត្ត​ទុកដាក់​ ក្នុង​ការ​ទៅ​ពិនិត្យមើល​ក្នុងករណី​ដែលគាត់​ចាកចេញ​ទៅធ្វើការ​នៅឆ្ងាយ​ រយៈពេល​យូរ ​ដូច​ករណី​គាត់​ផ្លាស់ប្តូរ​ទីលំនៅ​អីហ្នឹង​គឺ​សូម​ទៅ​ពិនិត្យ​មើល ​ហើយ​ក្នុង​ករណី​មិនឃើញ​ឈ្មោះ​គឺ​សូម​ចុះ​ឈ្មោះ​ជា​ថ្មី»។

លោក​បាន​សង្កត់ធ្ងន់​ថា៖

«ទី៣​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ច្រើន​ជាង​មួយ​កន្លែង ​អាច​និយាយ​ថា​ឈ្មោះ​ស្ទួន​ ឬឈ្មោះ​លើស​ពីមួយអី ​ក៏​សូមមេត្តា​ទៅជួប​ស្មៀន ឃុំសង្កាត់​ដើម្បីរាយការណ៍​សុំលុបឈ្មោះ​ដែលស្ទួនលើសនេះ​ចេញពីបញ្ជី ​បោះឆ្នោត​ដើម្បីរក្សាទុក​ឈ្មោះតែ​មួយ​ក្នុង​បញ្ជី​បោះឆ្នោត។​ នេះជាការណ៍​សំខាន់​ណាស់​សម្រាប់ធ្វើ​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​គុណភាព​ល្អ​សម្រាប់​បំរើការ​បោះឆ្នោត ​នៅពេល​ខាងមុខ»។

លោកបណ្ឌិត​ ពុទ្ធា ហង្ស​នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើលការ​បោះឆ្នោត ​មួយហៅ​កាត់ថា​និកហ្វិក​បានទទួលស្គាល់​ការខិតខំប្រឹង​ប្រែង​របស់​គជប ​សម្រាប់ការ​ចុះឈ្មោះ​បោះឆ្នោត​ដូចជា​ការហ្វឹកហ្វឺន​ ការប្រជុំ​ការ​ផ្សព្វផ្សាយ​និង​សកម្មភាព​ផ្សេង​ទៀត​មែន​តែ​បញ្ហា​ត្រង់ថា​ស្ថិត​នៅ​លើ​ភាពអសកម្ម​លើ​ការអនុវត្ត​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​ដំណើរការ​ចុះឈ្មោះ​និង​ពិនិត្យ​បញ្ជី ​ឈ្មោះ​បោះឆ្នោត។

«គជប​បាន​ខិតខំ​ពង្រឹង​ដើម្បីជំរុញឲ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជីឈ្មោះ​និង​ចុះឈ្មោះ​ហើយ​បាន​ផ្តាំផ្ញើ​ទៅដល់​ស្ថាប័ន​ដែល​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​កិច្ចការហ្នឹង ​ឯង​ឲ្យ​ពង្រឹង​ ជំរុញ​ខ្លាំងក្លា​មែនទែន។ ​ប៉ុន្តែ​យើងឃើញថា​អាជ្ញាធរឬ​ក៏​កន្លែង​ខ្លះ​ ហ្នុង​ មិនសូវជា​បានយកចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​នៅ​ឡើយ​ទេ។​ អញ្ចឹង​សម្រាប់ ​ឆ្នាំ​នេះ​ខ្ញុំ​គិត​ថា​គជប​អាច​នឹង​មាន​វិធានការ​ថ្មី​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យសុក្រិតភាព​នៃ​បញ្ជីឈ្មោះ​បោះឆ្នោត​ហ្នឹង​បាន​ល្អ​ប្រសើរ​ហើយអ្នក​ចុះ​ឈ្មោះ​ហ្នឹង​បានកើន​ទៅតាម​ការគ្រោងទុក»។

លោកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​និង​កែឈ្មោះ​ជាមួយ​ស្មៀន​ឃុំ​សង្កាត់​បើ​រកឃើញ​ថា​មាន​កំហុស។​ លោក ពុទ្ធា ហង្ស​ បាន​អះអាង​ថា​ឯកសារ​ជាច្រើន​ដែលអាច​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ​បាន​គឺរួម ​ទាំង​អត្តសញ្ញាញបណ្ណ​ ទោះបីផុត​សុពលភាព​ក្តី​ សៀវភៅ​គ្រួសារ​ លិខិត​ឆ្លងដែន ​បណ្ណសំគាល់​ខ្លួន​មន្ត្រី​រាជការ​ និង​លិខិត​ស្នាម​ផ្លូវការ​ផ្សេងៗ​ទៀត។​ លោក ពុទ្ធា ហង្ស​បានឲ្យតម្លៃ​ដ៏​មាន​សារៈសំខាន់​ទៅលើ​ការ​អនុវត្ត​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ត្រឹមត្រូវ។

«ការពិនិត្យ​បញ្ជីឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​មាន​សារៈ​សំខាន់​ណាស់​ដោយសារ​បើ​បាន​ពិនិត្យ​ និង​បានចុះឈ្មោះ​គឺមាន​ឈ្មោះ​នៅក្នុង​បញ្ជី។​ហើយ ​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ​មាន​ន័យ​ថា​មានសិទ្ធិ​ទៅបោះឆ្នោត​បានបំពេញ​ តួនាទី បោះឆ្នោត​សម្រាប់ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅឆ្នាំខាងមុខ​នេះ»។

ការបោះឆ្នោត​ជា​សាកល​ជ្រើសរើស​តំណារាស្ត្រ​គឺ​ត្រូវ​កំណត់​ធ្វើនៅ​ថ្ងៃអាទិត្យ​ទី​២៨​ខែកក្កដា​ឆ្នាំ២០១៣​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​រយៈពេល​៥ឆ្នាំ​ម្តង​របស់​មេដឹកនាំ ​គណបក្ស​នយោបាយ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមអ្នកបោះឆ្នោត​និង​មន្ត្រី​គណបក្ស​នយោបាយ​តែង​រអ៊ូរទាំ​ថា​ការបាត់ឈ្មោះ​ លុបឈ្មោះ​ ខុសអក្ខរាវិរុទ្ធ​ ច្រើនតែ​កើត​មាន​នៅពេលថ្ងៃ​បោះឆ្នោត​ម្តងៗ។

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើលការ​បោះឆ្នោត​មួយទៀត ​ឈ្មោះថា​ខុមហ្រ្វែល​បានហៅ​ប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោត​និង​ត្រួតពិនិត្យ​បញ្ជី ​ឈ្មោះ​បោះឆ្នោតថា​មាន​លក្ខណៈ​ស្មុគស្មាញ​ ខ្វះការជឿ​ទុកចិត្ត​នៅឡើយ។

«បញ្ហា​ត្រង់ថា​ការទុកចិត្តលើ​បញ្ជី​បោះឆ្នោត​សព្វថ្ងៃនេះ​នៅតិច។​ អញ្ចឹងហើយ ​ចេះតែ​ អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅមើល​ឈ្មោះ​ខ្លួនឯង​ជារៀងរាល់​ពេលរដូវ​បោះឆ្នោត។​ ដូចឆ្នាំនេះ​ ឆ្នាំ​បោះឆ្នោត​អញ្ចឹង​ជាឆ្នាំ​សំខាន់​ណាស់​ដែល​ត្រូវទៅ​មើល​ទៅ។ ​គេធ្វើចុះឈ្មោះ​បោះឆ្នោត​រៀងរាល់​ឆ្នាំ​អញ្ចឹងទេ​វាធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ធុញទ្រាន់​ដែរ។​តាមពិត​បើគេធ្លាប់​បាន​ចុះឈ្មោះ​ហើយបើ​ប្រព័ន្ធហ្នឹង​វាធានា​បាន​គុណភាព​ត្រឹមត្រូវ​ហ្នឹង​គឺបានន័យថា​ឈ្មោះ​គេដាក់​ក្នុងបញ្ជី​ហើយ​គ្មានត្រូវ​បានកែ​ប្រែ​អ្វី​ទេ»។

លោកថ្លែង​យ៉ាងដូច្នេះ​ដោយយោងថា​ប្រជាពលរដ្ឋ​ត្រូវទៅមើល​ឈ្មោះ​ជារៀងរាល់​ឆ្នាំ​ដោយសារតែ​គ្មាន​ការធានា​ពី​ភាពត្រឹមត្រូវ​និង​គ្មានការ​ប្រែប្រួល។

ប្រជាពលរដ្ឋ​ខ្មែរ​ជាង៩លាន​នាក់​ក្នុង​ចំណោម​ជាង​១៤លាន​នាក់​ដែលត្រូវ​គេដឹង​ថា​មានសិទ្ធិ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​គណបក្ស​ដែលមាន​គោល​នយោបាយ​ល្អ ​ហើយ​ដែល​ពួកគេ​ពេញចិត្ត​ថា​អាចដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍ​បែប​ទំនើប។

លោក គុល បញ្ញា​នៃអង្គការ​ខុមហ្រែ្វល​បាន​អះអាង​ថា ​ការបោះឆ្នោត​ជា​សកល ​នេះ​ មាន​សារៈសំខាន់​ដោយសារ​ថា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​ ម្ចាស់ឆ្នោត ​ត្រូវរើស​តំណាងរាស្ត្រ​ល្អ​ដើម្បី​ឲ្យ​ តំណាងរាស្ត្រ​ហ្នឹង​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី ​ដឹកនាំ​ប្រទេស។

«នីតិប្បញ្ញតិ​ហ្នឹង​ រដ្ឋសភា​ហ្នឹង​ តាមរយៈ​តំណាង​រាស្ត្រហ្នឹង​គេនឹង​ពិនិត្យ​មើល​ក្នុងការ​បោះ​ឆ្នោត​ទុកចិត្ត​ បង្កើត​រដ្ឋាភិបាល​ថ្មី​ចំពោះ​គណបក្សណា​ដែល​បាន​ឈ្នះឆ្នោត​ច្រើន​ជាង​គេ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។​ អញ្ចឹង​រដ្ឋាភិបាល​ហ្នឹង​គឺ​នឹង​បាន​ការទុកចិត្ត​ពី​សភា​ ពី​អ្នកតំណាងរាស្ត្រ​ដែល​យើង​(ពលរដ្ឋ)​បោះឆ្នោត​ឲ្យ ​ហ្នឹងទៅ​…អញ្ចឹង​សំខាន់»។

ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ត្រឹមតែ​ប្រមាណ​៦០​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ បាន​ចេញ​ទៅ​បោះឆ្នោត​សឹងតែ​គ្រប់​ពេលបោះឆ្នោត​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​គិតថា​អាចផ្ញើ​វាសនា​បាន។​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែលកាន់អំណាច​ជាង៣០ឆ្នាំ​បានឈ្នះ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ២០០៨ ​មាន​អាសនៈ​ ក្នុងរដ្ឋសភា ​ចំនួន៩០​ក្នុង​ចំណោម​អាសនៈ១២៣​ ដែល​មិន​ចាំបាច់​ ត្រូវការ​សំឡេង​ គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី​ដែល​ជាប់លេខ២​និង ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា​ដើម្បី​រៀបចំ​រដ្ឋាភិបាល​នោះ​ទេ។ គណបក្ស​នេះ​ គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​តែម្នាក់ឯង​ ទាំងស្ថាប័ន​នីតិប្បញ្ញតិ ​នីតិ​ប្រតិបត្តិ ​តុលាការ​ ដែល​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ និង​គណបក្ស​ជំទាស់​ចាត់ទុកថា​គ្មាន ​ប្រព័ន្ធ​មួយ​ ដែល​អាច​ឆែកឆេ​ពី​ការដឹកនាំ​របស់​គណបក្ស​កាន់អំណាច​មួយ ​នេះ​ថា​ត្រឹមត្រូវ​ឬ​ទេ៕
XS
SM
MD
LG