គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្រមព្រៀងគ្នាមិនបញ្ជូនអ្នកអង្កេតការណ៍ទៅពិនិត្យបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះទេ ដោយគណបក្សទាំងពីរបានយល់ឃើញថា នីតិវិធីនៃការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតែមិនមានការផ្លាស់ប្តូរ និងមានភាពស្មុគស្មាញដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនឹងទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងប្រព្រឹត្តិទៅរយៈពេលជាងមួយខែចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១២ ខាងមុខនេះ សម្រាប់ការចូលរួមការបោះឆ្នោតជាសកលឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍រួមគ្នារវាងគណបក្សសិទ្ធមនុស្ស និងគណបក្សសម រង្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកល ឆ្នាំ២០១៣ប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌បានទេ។
លោក អ៊ូ ចាន់រិទ្ធ អគ្គលេខាធិការស្តីទីនៃគណបក្សសិទ្ធិមនុស្សបាននិយាយថា គណបក្សលោកទាមទារឲ្យមានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបការបោះឆ្នោតនេះអាចទទួលយកបាន។ លោកបានបញ្ជាក់ថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតែមានភាពសាំញ៉ាំនៅឡើយ ហើយនៅតែបង្កឧបសគ្គដល់ប្រជាពលរដ្ឋ។
«យើងឃើញបញ្ហាច្រើនណាស់។ បញ្ហាស្មុគស្មាញ ដូចអ្នកខ្លះខ្វះឯកសារនេះ ខ្វះឯកសារនោះ ហើយសរុបទៅ អ្វីដែលយើងឃើញការបោះឆ្នោត ការចុះឈ្មោះកន្លងមកថាជាការលំបាកដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបាន»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ការមិនចូលរួមដាក់អ្នកអង្កេតការណ៍នៃគណបក្សទាំងពីរ គឺជាសិទ្ធិរបស់ពួកគេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ពហិការនោះមិនបានជះឥទ្ធិពលដល់ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតទេ។
«ដំណើរការដែលរៀបចំដោយ គជប ហ្នឹងមិនមែនតែជាគណបក្សមួយពីរដែលគាត់ ធ្វើពហិកាមិនចូលរួមទេ វានៅមានគណបក្សផ្សេងទៀតដែលគេចូលរួម។ មានអង្គការនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតក៏បានចូលរួមដែរ។ អញ្ចឹងទេ ខ្ញុំគិតថាដូចជាមិនប៉ះពាល់អីទេ»។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាសកលនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ហើយការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយត្រូវធ្វើឡើងក្នុងអំឡុង៩០ថ្ងៃ មុនការបោះឆ្នោត។
លោក ទេព នីថា បានបញ្ជាក់ថាទំនងជាបានធ្វើនៅក្នុងខែមេសា ឆ្នាំ២០១៣។
គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានរួមបញ្ចូលគ្នាបង្កើតទៅជាគណបក្សថ្មីមួយឈ្មោះថាគណបក្សសង្គ្រោះជាតិ។ គណបក្សថ្មីនេះ គ្រោងនឹងចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃម្តង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក៏ប៉ុន្តែត្រូវបានបញ្ជូនមកវិញ ដោយសារតែមានកំហុសផ្នែកបច្ចេកទេសមួយចំនួន៕