ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​រំពឹង​ថា​ សន្លឹក​ឆ្នោត​របស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​


ពួកគេ​រំពឹង​ថា ​សន្លឹក​ឆ្នោត​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ស្ថាន​ភាព​គ្រប់​គ្រង​ឃុំ​សង្កាត់​បច្ចុប្បន្ន។​
ពួកគេ​រំពឹង​ថា ​សន្លឹក​ឆ្នោត​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ស្ថាន​ភាព​គ្រប់​គ្រង​ឃុំ​សង្កាត់​បច្ចុប្បន្ន។​

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​ទី​៣​ អ្នក​បោះ​ឆ្នោត​មួយ​ចំនួន ​ជា​ពិសេស​អ្នក​បោះឆ្នោត​វ័យ​ក្មេង​នៅក្នុង​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ និយាយថា ​ពួកគេ​រំពឹង​ថា ​សន្លឹក​ឆ្នោត​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ស្ថាន​ភាព​គ្រប់​គ្រង​ឃុំ​សង្កាត់​បច្ចុប្បន្ន។​

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​អាណត្តិ​ទី​៣​បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ទី​៣ ខែ​មិថុនា​នេះ។​

អ្នក​បោះឆ្នោត​ជាច្រើន ជា​ពិសេស​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង និយាយ​ថា ​ពួកគេ​រំពឹង​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​និង​ជីវភាព​រស់នៅ​របស់​ពួកគេ​ប្រសើរ​ជាងមុន។ ​

កញ្ញា ​ឃួន មុន្នី គឺ​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ និង​ជា​អ្នក​លក់ដូរ​ម្នាក់​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ រាជ​ធានី​ភ្នំពេញ​នេះ។

នាង​និង​សមាជិក​គ្រួសារ​បាន​មក​ដល់​ស្ថានីយ៍​បោះ​ឆ្នោត​ក្នុង​វត្ត​ទួល​សន្តិវ័ន​ ក្នុង​សង្កាត់​នេះ​តាំង​ពី​ព្រឹក​ព្រលឹម​ដើម្បី​បោះ​ឆ្នោត។​

«ចង់​ឲ្យ​កែប្រែ ​ឲ្យ​ជឿនលឿន​ ហើយ​អ្នក​ធ្វើ​ការ​ចង់​ឲ្យ​បាន​ប្រាក់​ខែ​ឲ្យ​បាន​ច្រើនៗ​ដូច​អ្នក​ធ្វើការ​រោង​ចក្រ​ជាដើម»។​

លោក​រស់ ប៊ុនធឿន​គឺជា​បុគ្គលិក​នៃ​សាលា​ឯកជន​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។​ លោក​និយាយ​ថា​ លោក​ក៏​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ប្រសើរ​មួយ​ដែរ​នៅក្នុង​សង្កាត់​របស់​លោក​ តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ។​

«ចង់​ផ្លាស់​ប្តូរ​ផ្នែក​សន្តិសុខ​ទី​១។ ទី​២ អា​ផ្នែក​សេវា​សាធារណៈ​ហ្នឹង​គឺ​ឲ្យ​បាន​ឆាប់​រហ័ស​និង​កុំ​យក​កម្រៃ​ខាង​ក្រៅ»។​

នៅក្នុង​ការ​បោះឆ្នោត​នេះ​ ក្រុម​អ្នក​បោះ​ឆ្នោត​ ជា​ពិសេស​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ រំពឹង​ថា​ សន្លឹក​ឆ្នោត​របស់​ពួកគេ​នឹង​នាំ​មក​នូវ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​មួយ​ដែល​គិតគូរ​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ​ ហើយ​នឹង​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព​និង​គ្មាន​ការ​ជម្រិត​ទារ​ប្រាក់​ពី​ពួក​គេ។​

គណបក្ស​នយោបាយ​ចំនួន​៤​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សម រង្ស៊ី គណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​ដាក់​បេក្ខជន​ប្រកួតប្រជែង​ដណ្តើម​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ចំនួន​ជាង​១ម៉ឺន​១ពាន់​នាក់​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​នេះ។​ នេះ​បើ​យោង​តាម​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​សង្កាត់​នេះ។​

អ្នក​ស្រី​ប៉ុល ណាវី ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រចាំ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​នេះ​ និយាយ​ថា​ ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ទៅលើ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​ខ្លាំង​ជាង​អាណត្តិ​មុន។​

«ប្រជាជន​ដូច​ជា​រហ័ស​រហួន​ ដូចថា ​ព្រលឹម​ឡើង​គាត់​មក​តម្រង់​ជួរ​បោះ​ឆ្នោត​មុខ​គេ​តែ​ម្តង។​ ដូច​ថា​ គាត់​ចង់​បោះឆ្នោត​តែ​ម្តង​ ដូចជា​គាត់​បាត់​ឈ្មោះ​បាត់​អី ​គាត់​ស្ទុះ​ស្ទារ​រក។ អ្នក​ខ្លះ​អត់​ព្រម​ចេញ​តែ​ម្តង។​ គាត់​ថា​ គាត់​ចង់​បោះ​ឆ្នោត​ដើម្បី​រើស​តំណាង​របស់​គាត់​ប្រចាំ​សង្កាត់​គាត់​ហ្នឹង»។​

អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​ទី​នេះ​ និយាយ​ថា ​ពួកគេ​ពិត​ជា​ចង់​ឃើញ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ថ្មី​មួយ​ដែល​អាច​ធ្វើ​ការ​ងារ​បាន​ល្អ​ប្រសើរ​ជាង​មុន។ ​

​លោក​សៅ វីរៈ គឺ​ជា​អ្នក​រត់​រឺម៉ក់​កង់​បី ​និង​ជា​ឪពុក​នៃ​កូន​បីនាក់។​

«ថ្នាក់​ដឹកនាំ​ថ្មី​នៅក្នុង​ភូមិ​ ឃុំ​សង្កាត់​ហ្នឹង​ ធ្វើ​យ៉ាង​ម៉ិច​ឲ្យ​មាន​ការ​កែប្រែ​ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ ដូច​ថា​ ធ្វើ​ក្រដាស​ស្នាម​ ដូចជា​លិខិត​ផ្លាស់​ប្តូរ​ទី​លំនៅ​ ឬ​សំបុត្រ​កំណើត​ក្មេង កុំ​ឲ្យ​យក​លុយ​យក​កាក់​ ហើយ​ដូច​ថា​ ការ​ជួសជុល​ផ្លូវ​ក្នុង​ភូមិ​ឃុំ​សង្កាត់​ កុំ​រៃ​អង្គាស​ពី​ប្រជាជន​ច្រើនៗ​ពេក​ ព្រោះ​អី​ប្រជាជន​មាន​ការ​ខ្វះ​ខាត»។

គេ​នៅ​មិន​ទាន់​ដឹង​ទេ ​ថាតើ​សេចក្តី​ប្រាថ្នា​ចង់​បាន​របស់​ក្រុម​អ្នក​បោះ​ឆ្នោត​ទាំង​នេះ​អាច​នឹង​លេច​ចេញ​ជា​រូបរាង​បាន​ដែរ​ឬ​យ៉ាង​ណា​នោះ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ពួកគេ​និយាយ​ថា ​យ៉ាង​ហោច​ណាស់​ពួកគេ​ក៏​បាន​បំពេញ​កាតព្វកិច្ច​ និង​សិទ្ធិ​ជា​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​តំណាង​ដែល​ពួកគេ​ជឿ​ថា​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ដែរ៕​

XS
SM
MD
LG