ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិដែលបានបង្កើតឡើងដោយគណបក្សប្រឆាំងចំនួនពីរគឺគណបក្សសិទ្ធិមនុស្សនិង គណបក្សសម រង្ស៊ី នៅថ្ងៃច័ន្ទនេះបានដាក់ពាក្យដើម្បីស្នើសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការសម្រាប់ការចូលរួមប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ។
គណបក្សសង្រ្គោះជាតិមានរូបសញ្ញាព្រះអាទិត្យរះនិងមានពន្លឺចំនួន២៤ដែលតំណាងឱ្យទូទាំង២៤ខេត្តក្រុងនៅទូទាំងប្រទេសនៅលើផ្ទៃបួនជ្រុងស្មើ នៃផ្ទៃមេឃពណ៌ខៀវ និងមានបាវចនា សង្គ្រោះ បម្រើ និងការពារ។
លោកប៉ុល ហំម អនុប្រធានគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិបានប្រាប់អង្គសន្និសីទការសែតថាការស្នើសុំចុះបញ្ជីគណបក្សនយោបាយរបស់គណបក្សសង្គ្រោះជាតិមិនមានការរាំងស្ទះណាមួយពីក្រសួងមហាផ្ទៃទេ។លោកបានបញ្ជាក់ថាយោងទៅតាមច្បាប់ស្តីពីគណបក្សនយោបាយបានឱ្យដឹងថាក្នុងរយៈពេល១៥ថ្ងៃប្រសិនបើក្រសួងមហាផ្ទៃមិនមានការឆ្លើយតបទេមានន័យថាក្រសួងបានយល់ព្រមទទួលសេចក្តីជូនដំណឹងជាផ្លួវការហើយ។
«បើហួសរយៈពេល១៥ថ្ងៃគេមិនឆ្លើយទេយើងមានសិទ្ធិក្នុងការរៀបចំឯកសារមួយដំណាក់ទៀតដើម្បីទៅចុះបញ្ជីគណបក្សនយោបាយស្របតាមជំពូកទី៥នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
គណបក្សសង្គ្រោះជាតិមានសមាសភាពគណៈកម្មការបណ្តោះអាសន្នចំនួន៧រូប។បួនរូបមកពីគណបក្សសម រង្ស៊ី និងបីរូបមកពីគណបក្សសិទ្ធិមនុស្សដែលបានមកពីការបង្កើតដោយសមាជិកស្ថាបនិកចំនួន៨៥រូបក្រោយពីបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៦កន្លងទៅនេះនៅទីស្នាក់ការគណបក្ស។
លោកសម រង្ស៊ីត្រូវបានតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិចំណែកលោកកឹម សុខាមិនទាន់ត្រូវបានគណបក្សដាក់ឈ្មោះនៅឡើយទេហើយលោកប៉ុល ហំមត្រូវជំនួសមុខតំណែងបណ្តោះអាសន្នពីលោកកឹម សុខា។
លោកប៉ុល ហំមបានមានប្រសាសន៍ថាយោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងទីក្រុងម៉ានីលលោកកឹម សុខាត្រូវបានតែងតាំងជាអនុប្រធានក៏ប៉ុន្តែពេលវេលាមិនទាន់បានអនុញ្ញាតឱ្យលោកកឹម សុខាទទួលមុខនាទីនេះទេហើយនៅពេលដែលគណបក្សនេះលេចរូបរាងជាផ្លួវការណ៍និងមានឈ្មោះលោកសម រង្ស៊ី ជាប្រធានហើយលោកកឹម សុខាជាអនុប្រធានគណបក្ស។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។ចំណែកលោកឌី សុកផាន ប្រធាននាយកដ្នានកិច្ចការនយោបាយនៃក្រសួងមហាផ្ទៃបាននិយាយថាកំពុងជាប់រវល់ប្រជុំ។
ការសម្រេចបង្កើតគណបក្សសង្គ្រោះជាតិបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលចំនួនពីរថ្ងៃនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៦និងថ្ងៃទី១៧កន្លងទៅ។
គណបក្សសង្គ្រោះជាតិបន្ទាប់ពីបានចុះបញ្ជីនៅក្រសួងមហាផ្ទៃបានប្រកាសទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទាមទារឱ្យការបោះឆ្នោតនេះត្រូវតែមានវត្តមានរបស់មេដឹកនាំទាំងពីរគឺលោកកឹម សុខា និងលោកសម រង្ស៊ីចូលរួមទើបមានយុត្តិធម៌។
លោកយឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបាននិយាយថាគណបក្សគ្រប់គ្រងអំណាចចង់ជាប់ឆ្នោតដោយកិត្តិយសនិងយុត្តិធម៌មិនមែនចង់ជាប់ឆ្នោតទុកគូប្រជែងឱ្យនៅក្រៅសង្វៀនហើយឡើងទៅប្រដាល់ម្នាក់ឯង អាជ្ញាកណ្តាលក៏ជារបស់ខ្លួនឯងនោះទេ។
លោកបានបញ្ជាក់ថាអ្នកណាក៏ដោយឱ្យតែចង់ជាប់ឆ្នោតដោយរបៀបនេះគឺជាអ្នកឈ្នះឆ្នោតដោយពុំមានកិត្តិយស៕