ក្រុមមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ី និងលោកកឹម សុខា បានបដិសេដរួមគ្នានៅថ្ងៃអាទិត្យចំពោះព័ត៌មានដែលថា ពួកអស់លោកបានបែកបាក់គ្នា ឬបោះបង់ចោលគម្រោងការបង្កើតគណបក្សថ្មីដើម្បីតតាំងជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់វីអូអេពីប្រទេសបារាំងនៅថ្ងៃអាទិត្យ លោកសម រង្ស៉ីអះអាងថា ក្នុងលិខិតដែលគេក្លែងបន្លំហត្ថលេខារបស់លោកនោះជាការបញ្ជាក់ពីការ«ភ័យស្លន់ស្លោរនៃគូប្រជែងនយោបាយ»របស់លោកដែលមិនចង់ឲ្យលោកនិងលោកកឹម សុខារួមគ្នាបាន។ លោកសម រង្ស៉ីអះអាងថា៖
« ខ្ញុំសូមបដិសេធទាំងស្រុងពីព័ត៌មាននេះ»។
លិខិតនៅថ្ងៃអាទិត្យនេះក្លែងបន្លំក្រោមឈ្មោះលោកសម រង្ស៉ី ផ្ញើរទៅលោកកឹម សុខា ហើយត្រូវផ្សាយតាមប្រព័ន្ធអេឡិចត្រូនិចដោយជនអានាមិក។ លិខិត ដែលនាំឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកនយោបាយក្នុងប្រទេសកម្ពុជានោះ បានអះអាងថា លោកសម រង្ស៉ីបានសុខចិត្តបោះបង់ចោលការង្កើតគណបក្សថ្មី ឬចលនាប្រជាធិបតេយ្យថ្មី ដោយសារ
លោកជាប់មានទោស មិនអាចឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីបាន។
ក៏ប៉ុន្តែថ្លែងប្រាប់វីអូអេពីរដ្ឋម៉ាសជូសេត សរអា លោកកឹម សុខាបានបដិសេដថាលិខិតដែលគេចែកផ្សាយនោះជាលិខិតក្លែងក្លាយរបស់ជនទីបីដែលចង់បំបែកបំបាក់លោកពីលោកសម រង្ស៉ី។ លោកនិងគណបក្សសិទ្ធិមនុស្សពុំបានទទួលលិខិតអ្វីទាំងអស់។
«នេះជាល្បិចកលបំបែកបំបាក់សម្ព័ន្ធភាពគណបក្សថ្មី»។
ការចែកផ្សាយព័ត៌មានពីលិខិតក្លែងក្លាយប្រើលោកសម រង្ស៉ី ប្រធានគណបក្សសម រង្ស៉ីនេះគឺកើតឡើងចំពេលដែលលោកសម រង្ស៉ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានរួមគ្នាបង្កើតគណបក្សថ្មីមួយដាក់ឈ្មោះថា«គណបក្សសង្គ្រោះជាតិ»ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំមកហើយនោះ។
សប្តាហ៍ថ្មីៗនេះមានការចែកផ្សាយព័ត៌មានមិនពិតអំពីមរណភាពរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា និងការក្លែងបន្លំលិខិតលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
លោកសម រង្ស៊ី និងលោកកឹម សុខា ដែលនឹងក្លាយជាប្រធានគណបក្ស និងអនុប្រធានគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខ ទើបបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីប្រាប់ពីគម្រោងការនយោបាយរបស់ពួកអស់លោកដល់មន្ត្រីអាមេរិក និងអ.ស.ប.អំពីការប៉ុនប៉ងផ្លាស់ប្តូរការដឹកនាំក្នុងប្រទេសកម្ពុជា។
លោកសម រង្ស៉ីបានអះអាងថា លោកនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ ដើម្បីតទល់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តែតាមច្បាប់ប្រទេសកម្ពុជា ជនជាប់ពាក់ព័ន្ធនឹងបទល្មើសសម្រេចដោយតុលាការគឺមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតជូនបានទេ។ លោកសម រង្ស៉ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញមុនការបោះឆ្នោត ព្រោះរឿងរបស់លោកដែល ដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមដែលតុលាការកាត់ទោសឲ្យលោក ជាប់គុក១០ឆ្នាំនោះជារឿងនយោបាយដែលត្រូវមានការដោះស្រាយតាមនយោបាយ៕