វ៉ាស៊ីនតោន៖ រយៈពេលមួយខែគត់ក្រោយពីគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានសម្រេចបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនគណបក្សទាំងពីរបានឈានដល់មួយជំហានថ្មីទៀតក្នុងការបង្កើតសមាជិកស្ថាបនិករបស់គណបក្សចំនួន៨០រូបដើម្បីជ្រើសរើសគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិសម្រាប់យកទៅចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
សមាភាពគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិមានសមាសភាពចំនួន៧រូបដែលបួនរូបមកពីគណបក្សសម រង្ស៊ីនិងបីរូបផ្សេងទៀតមកពីគណបក្សសិទ្ធិមនុស្ស។ចំណែកលោកសម រង្ស៊ីត្រូវបានតែងតាំងជាប្រធានគណៈកម្មការហើយលោកប៉ុល ហំម ត្រូវបានតែងតាំងជាអនុប្រធាន។
លោកប៉ុល ហំម អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិនិងចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
«យើងចាំស្តាប់មើលថាតើមានប្រតិកម្មអីយ៉ាងណាហើយនៅវេលាម៉ោងមួយរសៀលនៅថ្ងៃច័ន្ទយើងនឹងធ្វើសន្និសីទកាសែតដោយមានវត្តមានលោកប្រធានសម រង្ស៊ីតាមVideo Confernce នោះដែរ»។
ការសម្រេចឈានដល់ការបង្កើតសមាសភាពគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិបានធ្វើឡើងនៅក្នុងទីស្នាក់ការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញហើយលោកសម រង្ស៊ីបានចូលរួមតាមរយៈVideo Conference ពីប្រទេសបារាំងដើម្បីស្នើសុំសំឡេងគាំទ្រពីសមាជិកស្ថាបនិកក្នុងការតែងតាំងលោកជាប្រធានគណៈកម្មការបណ្តោះអាសន្ននេះ។
លោកឧត្តមសេនីយឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
គណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានសម្រេចរួមគ្នាបង្កើតគណបក្សថ្មីមួយឈ្មោះគណបក្សសង្គ្រោះជាតិក៏ប៉ុន្តែមិនទាន់បានបង្ហាញពីរូបសញ្ញានៃគណបក្សថ្មីនេះនៅឡើយដើម្បីចូលរួមការប្រកួតប្រជែងជាមួយនឹងគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃបោះឆ្នោតជាសកលក្នុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
មេដឹកនាំនៃគណបក្សទាំងពីរដែលរួមមានលោកកឹម សុខានិងលោកសម រង្ស៊ីបាននិងកំពុងធ្វើយុទ្ធនាការដើម្បីឱ្យមានការគាំទ្រពីបរទេសក្នុងការដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាឱ្យលោកសម រង្ស៊ីបានវិលត្រឡប់ចូលមកកម្ពុជាវិញដើម្បីចូលរួមបោះឆ្នោត។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិងជាអនាគតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការបានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនិងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងក្លែងឯកសារសាធារណៈ។
លោកសមរង្ស៊ី ដែលពេលនេះកំពុងនិរទេសនៅក្នុងប្រទេសបារាំងត្រូវបានអ្នកវិភាគឯករាជ្យបានដាក់ក្តីបារម្មណ៍ថាទំនងជាលោកសម រង្ស៊ីមិនអាចឈរឈ្មោះជាប្រធានគណបក្សថ្មីមួយឈ្មោះថាគណបក្សសង្គ្រោះជាតិនោះបានទេដោយសារតែលោកជាទណ្ឌិតបន្ទាប់ពីតុលាការបានកាត់ទោសកំបាំងមុខរួចមក៕