ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ រៀងរាល់ថ្ងៃសំឡេងរបស់យុវជនយុវនារីដែលពិភាក្សាគ្នាពីរបៀបស្វែងរកការងារធ្វើ ត្រូវបានឮនៅឯទីភ្នាក់ងារជាតិមុខរបរនិងការងារដែលហៅកាត់ថាអិនអ៊ីអេ (NEA) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយមានទីតាំងស្ថិតក្នុងបរិវេណ វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស ហៅកាត់ថា សាលាកុសមៈ។
លោក ហុង ជឿន ប្រធានទីភ្នាក់ងារនេះឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១០ ស្ថាប័នរបស់លោកបានប្រមូលនិងផ្សព្វផ្សាយព័ត៌មានស្តីពីការរកការងារប្រហែលចំនួន៨ម៉ឺនកន្លែង ហើយមានអ្នកចុះឈ្មោះស្វែងរកការងារបានប្រហែល១៦.០០០នាក់ ក្នុងនោះអ្នកទទួលបានការងារធ្វើ ចំនួនជិត៣.០០០នាក់មកហើយ។
«ខិតខំយកសេវានេះឲ្យកៀកទៅនឹងយុវជន ឬក៏អ្នកប្រើប្រាស់សេវា។ លើសពីនេះ យើងបានរៀបចំជាវគ្គបណ្ដុះបណ្តាលណែនាំដល់អ្នកស្វែងរកការងារធ្វើ មុននឹងគាត់ចូលទៅកាន់ទីផ្សារការងារ ដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិល្អប្រសើរជាងមុន ងាយស្រួលក្នុងការទទួលបានការងារ»។លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ
មជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរនិងការងារទទួលខុសត្រូវក្នុងការប្រមូលនិងចែកចាយព័ត៌មានអំពីការងារ។
ស្រ្តីអ្នកទទួលភ្ញៀវម្នាក់រង់ចាំនៅផ្លូវចូលនៃមជ្ឈមណ្ឌលនេះដើម្បីផ្តល់ពត៌មានតាមតម្រូវការរបស់អ្នកស្វែងរកការងារធ្វើជាលើកដំបូង។ នៅចំកណ្តាលបន្ទប់នៃមជ្ឈមណ្ឌលការងារមានតុធំវែងមួយដែលក្រុមនិស្សិត ឬអ្នកស្វែងរកការងារអាចស្វែងរកប្រឹក្សាយោបល់ពីរបៀបនៃការរកការងារធ្វើ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ពេលចូលសម្ភាសន៍ការងារផងដែរ។
អ្នកស្វែងរកការងារអាចធ្វើការស្រាវជ្រាវតាមរយៈឯកសារនានានិងតាមកុំព្យូទ័រចំនួនប្រាំគ្រឿងនៅក្នុងមជ្ឈមណ្ឌលនេះ។ ទោះជាមានភាពងាយស្រួលបែបនេះក៏ដោយមជ្ឈមណ្ឌលនេះហាក់ដូចជាមិនទាន់មមាញឹកនៅឡើយ។
កំពុងអង្គុយវាយកុំព្យូទ័រនៅជ្រុងម្ខាង ឆាត ភាគ មកពីខេត្តតាកែវ ប្រាប់ថា គាត់ជានិស្សិតឆ្នាំទី៣ សិក្សាធនាគារនិងហិរញ្ញវត្ថុ។ មានរាងស្គមស្តើងសក់បាសៗ គាត់ប្រាប់ថា គាត់មកដាក់ពាក្យស្វែងរកការងារធ្វើនៅទីភ្នាក់ងារជាតិ មុខរបរ និងការងារនេះ ដោយចង់ដឹងពីរបៀបរកការងារ។
«ចង់បានបទពិសោធន៍ល្អៗ របៀបស្វែងរកការងារធ្វើ ហើយបើអាចត្រូវបានគេជ្រើសរើសមែននោះ សង្ឃឹមថា នឹងបានប្រាក់កម្រៃខ្លះ»។
អង្គុយនៅតុក្បែរគ្នា តែខណ្ឌដាច់ដោយបន្ទះឈើ យុវជនឈ្មោះ ជា ស្រី មិត្តភក្តិរបស់ ភាគ ក៏មិនឲ្យខ្លួនគាត់នៅទំនេរដែរ។ ស្រី មើលទៅហាក់ដូចជាកំពុងរវល់ខ្លាំងក្នុងការបំពេញបែបបទ និងជីវៈប្រវត្តិរបស់ខ្លួនទៅក្នុងប្រព័ន្ធទិន្នន័យរបស់ អេន អ៊ី អេ។ យុវជន អាយុ២២ឆ្នាំ មកពីខេត្តកណ្តាលរូបនេះ ប្រាប់ថា ការមកដាក់ពាក្យរកការងារនៅទីនេះ ដោយសារថា វាជាសេវាកម្មរបស់រដ្ឋ ហើយមិនតម្រូវឲ្យបង់ប្រាក់។
«ដោយហេតុថានៅទីនេះ មានផ្តល់ភាពងាយស្រួយច្រើន។ ទី១ឆាប់ទទួលបានការងារធ្វើ ហើយបុគ្គលិកក៏មានភាពរួសរាយរាក់ទាក់ និងមួយទៀតនោះគឺមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ»។
គួរបញ្ជាក់ដែរថា ការចុះឈ្មោះរកការងារធ្វើនៅក្នុងទីភ្នាក់ងារជាតិមួយនេះ មានទម្រង់ពីរយ៉ាងសំខាន់ៗ។ ទី១គឺ ការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណេត។ រាល់ឯកសារទាំងអស់នោះ នឹងត្រូវតម្កល់ទុកក្នុងប្រព័ន្ធផ្ទុកឯកសាររបស់អិនអ៊ីអេជាស្វ័យប្រវត្តិ។ ទី២គឺការចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលការងារក្នុងអាគារទីភ្នាក់ងារជាតិមុខរបរ និងការងារតែម្តង។
លោក ហុង ជឿន ពន្យល់បន្ថែមដូច្នេះថា៖
«ក្រុមហ៊ុនដែលត្រូវការបុគ្គលិក ហើយគេចាប់ផ្តើមផ្ទៀងផ្ទាត់តាមកុំព្យូទ័រ។ បើមានអ្នកមានសមត្ថភាពគ្រប់គ្រាន់ គេក៏ហៅឲ្យទៅធ្វើការសម្ភាសន៍ ឬក៏ពេលខ្លះកុ្រមហ៊ុនគេមកទាក់ទងផ្ទាល់ ជាមួយកន្លែងរបស់យើងតែម្តង»។
មានយុវជនកម្ពុជាប្រមាណ៣សែននាក់ត្រូវការការងារថ្មីជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រមួយនេះ អនុញ្ញាតិឲ្យមានការបង្កើតការងារថ្មីៗត្រឹមតែ ២ម៉ឺនទៅ ៣ម៉ឺនការងារតែប៉ុណ្ណោះ។
របាយការណ៍របស់គ្រិះស្ថានឧត្តមសិក្សាឲ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សា ចន្លោះឆ្នាំ ២០១០-២០១១ គិតពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិតវិញ មានចំនួន៤៥,៦៥០នាក់។
ទោះជាយ៉ាងណា ទិន្និន័យដែលវីអូអេទទួលបានពីវិទ្យាស្ថានជាតិសេដ្ឋកិច្ចកម្ពុជា បង្ហាញថា នៅឆ្នាំ ២០១០ ចំនួនអ្នកមានការងារធ្វើបានកើនដល់៧.៦៧៥.០០០នាក់។
ដើម្បីពង្រីកឱកាសការងារឲ្យមានកាន់តែច្រើនអិនអ៊ីអេ បានចាប់ផ្តើមគម្រោងទំនាក់ទនង ភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនផ្សេងៗ ហើយដែលភាគច្រើនជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក។ មកដល់ពេលនេះ មានក្រុមហ៊ុនជាង៥០០ ដែលទីភ្នាក់ងារជាតិមួយនេះបាននិងកំពុងសហការជាមួយ។
លោក អែម សីហា ប្រធានក្រុមការងារជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន អង្គរ មីក្រូហិរញ្ញវត្ថុ កម្ពុជា បានប្រាប់អោយដឹងថាក្រុមហ៊ុនរបស់គាត់ បានសម្រេចចិត្តជ្រើសរើសបុគ្គលិក ដែលបានចុះឈ្មោះស្វែងរកការងារធ្វើនៅ អេន អ៊ី អេ ច្រើនលើកមកហើយដោយហេតុថានៅទីនេះ ផ្តល់ភាពងារស្រួយច្រើនសម្រាប់ការជ្រើសរើសបុគ្គលិក ដោយចំណេញបានទាំងពេលវេលានិងថវិកា។
«បើសិនជាប្អូនស្គាល់អឺអឹមឃេ ប៉ុន្តែអ្នកដទៃទៀតគាត់មិនប្រាដកស្គាល់ទេ។ ប៉ុន្តែអ្នកដទៃទៀតគាត់អាចស្គាល់ នា (NEA)។ ហើយអ្នកដទៃទៀតដែលគាត់ចេញពីសាកលវិទ្យាល័យ គាត់អាចយកស៊ីវីទៅដាក់។ អញ្ចឹងយើងគ្រាន់តែយកស៊ីវីពីគាត់យកមកប្រើ វាមិនចំណេញ។ យើងមានបេក្ខជននៅក្នុងហ្នឹងស្រាប់ យើងមានប្រភពច្រើន។ ខាងក្រៅក៏យើងរើស ហើយនា (NEA) ក៏យើងផ្តល់ឱកាសឲ្យ»។
ក្រៅពីស្នាក់ការនៅទីក្រុងភ្នំពេញ ទីភ្នាក់ងារជាតិមុខរបរនិងការងារ មានសាខាចំនួនប្រាំផ្សេងទៀតនៅតាមបណ្តាខេត្ត ដូចជានៅខេត្ត សៀមរាប កំពត បាត់ដំបង តាកែវ និងស្វាយរៀង។ ប៉ុន្តែ លោក ហុង ជឿន និយាយថា លោកនៅពុំទាន់អាចផ្តល់ព័ត៌មានឲ្យបានច្បាស់ពីចំនួនពិតប្រាកដរបស់អ្នកដែលមកពីតាមបណ្តាខេត្តនៅឡើយទេ។
ជិតប្រាំពីរខែហើយដែល ស៊ាម ចាន់ម៉ាលី ធ្វើការជាបុគ្គលិកផ្នែកគណនេយ្យ ឲ្យក្រុមហ៊ុនNature Only។ ក្នុងទឹកមុខរីករាយ យុវតីដែលបានបញ្ចប់ការសិក្សាកាលពីដើមឆ្នាំ២០១២ បញ្ជាក់ដែរថា ការចុះឈ្មោះរកការងារធ្វើនៅអិនអ៊ីអេ ធ្វើឲ្យគាត់ឆាប់ទទួលបានការងារធ្វើ។
«គ្រាន់តែផ្ញើស៊ីវីនៅកន្លែងគាត់ទៅ។ នៅពេលដែលមានការងារដែលត្រូវនឹងមុខតំណែងរបស់ខ្ញុំ គឺគេកាត់ឈ្មោះខ្ញុំឲ្យទៅខាងក្រុមហ៊ុនគេ។ គឺងាយស្រួល ហើយព៏ត៌មានការងារគឺ អឹន អ៊ី អេ មានទាំងអស់»។
លោកបណ្ឌិត កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថានអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជានិយាយថា ការបង្កើតឲ្យមានជាស្ថាប័នជួយស្វែងរកការងារឲ្យប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ដោយហេតុថា ពេលខ្លះប្រទេសយើងមានកម្លាំងពលកម្មហើយមានអ្នកធ្វើការហើយ ប៉ុន្តែអ្នកទាំងនោះបែរជាមិនដឹងថាខ្លួនត្រូវទៅធ្វើការនៅកន្លែងណា ឲ្យសមស្របទៅហ្នឹងជំនាញរបស់ខ្លួន។
«ការបង្កើតភ្នាក់ងារបែបនេះមានសារៈសំខាន់ណាស់ ដោយហេតុថា វាជួយឲ្យកម្លាំងពលកម្មរបស់ប្រទេសកម្ពុជាយើងហ្នឹងមានការងារត្រឹមត្រូវពិតប្រាកដមួយហើយវាជួយឲ្យយើងមានឱកាសក្នុងការអភិវឌ្ឈធនធានមនុស្សទៅថ្ងៃក្រោយទៀត»។
ក្រៅពីទីភ្នាក់ងារជាតិមុខរបរនិងការងារ ក៏នៅមានក្រុមហ៊ុនឯកជនផ្សេងៗទៀតដែរសម្រាប់បម្រើសេវាកម្មតម្រូវការការងារ។ ក៏អ្នកស្វែងរកការងារតាមរយៈក្រុមហ៊ុនឯកជននឹងត្រូវបង់ថ្លៃសេវាកម្ម៕