ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​សង្ឃ​មួយ​អង្គ​ផ្តល់​សក្ខីកម្ម​អំពី​របប​ខ្មែរក្រហម​ប្រឆាំង​សាសនា


ព្រះសង្ឃ​មួយ​អង្គ​និមន្ត​​កាត់​ពី​មុខ​សាលសវនាការ​​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ REUTERS/Samrang Pring
ព្រះសង្ឃ​មួយ​អង្គ​និមន្ត​​កាត់​ពី​មុខ​សាលសវនាការ​​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ REUTERS/Samrang Pring

«នៅ​សម័យ​៣​ឆ្នាំ ៨​ខែ​២០​ថ្ងៃ អ្នក​បួស​ពុទ្ធសាសនា គ្មាន​អង្គ​ណា​ម្នាក់​អាច​លាក់​ខ្លួន​ពួន​អាត្មា​ជា​អ្នក​បួស​ទេ។​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​តែ​ចាក​សិក្ខាបទ» ​នេះ​ជា​សង្ឃដីកា​របស់​ព្រះ​តេជព្រះគុណឯម ភឿង​ក្នុង​ពេល​ផ្តល់​សក្ខីកម្ម​នៅ​សាលាក្តី​ខ្មែរក្រហម។ ​

ព្រះអង្គ​ជា​ព្រះ​សង្ឃ​គង់​នៅ​ខេត្ត​កំពត​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ​ជា​អ្នក​បួស។

ព្រះតេជព្រះគុណ​ឯម ភឿង​ អនុគុណ​ខេត្ត​កំពត​មាន​សង្ឃដីកា​ក្នុង​សវនាការ​សំណុំ​រឿង​០០២​ វគ្គ​ទី​២​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​មាន​ជន​ជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស។​ ជនជាប់​ចោទ​ទាំង​ពីរ​គឺ​ជា​មេដឹក​នាំ​កំពូល​តែ​ពីរ​នាក់​គត់​ដែល​ស្ថិត​ក្រោម​ការ​កាត់​ទោស។​

ព្រះតេជព្រះគុណ ឯម ភឿង ​ព្រះ​ជន្ម​៧៧​ព្រះ​វស្សា ​បាន​ស្ថិត​ក្នុង​ព្រះ​ជន្ម​ជា​បព្វជិត​ ឬ​ជាអ្នក​បួស​ពេញ​មួយ​ព្រះ​ជន្ម​របស់​ព្រះអង្គ ​លើកលែងតែ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​តែ​ប៉ុណ្ណោះ។​ ពួក​ខ្មែរក្រហម​បាន​គ្រប់​គ្រង​អំណាច​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥រយៈ​ពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ។​ ក្នុង​រយៈពេល​នោះ​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ត្រូវ​បាន​សម្លាប់ ​និង​បាន​ស្លាប់។​

ពួក​ខ្មែរក្រហម​បង្ខំ​ឲ្យ​ព្រះ​អង្គ​លាចាក​ភ្នួស​ ខណៈ​ដែល​ព្រះសង្ឃ​មួយ​ចំនួន​ទៀត​ ដែល​ព្រះអង្គ​ស្គាល់​ ហើយ​ដែល​មិន​ព្រម​សឹក​ ​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​ធ្វើ​គុត​យ៉ាង​ស្ងាត់​កំបាំង។ ​ហើយ​ពួក​ខ្មែរ​ក្រហម​បាន​បង្ខំ​ឲ្យ​ព្រះ​អង្គ​រៀប​ការ​ជាមួយ​នារី​ម្នាក់​នៅ​សម័យ​នោះ​ ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធ​បាន​សម្រេច។​

ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ ព្រះតេជព្រះគុណបាន​សាង​ភ្នួស​ឡើង​វិញ​នៅ​ទស​វត្ស​ឆ្នាំ​១៩៨០។​

ព្រះតេជព្រះគុណ​ឯម ភឿង​មាន​សង្ឃ​ដីកា​បន្ថែម​ថា ​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​ត្រូវ​ផ្សឹក​ ត្រូវ​ទៅ​ធ្វើ​ពល​កម្ម​តាម​សហករណ៍​ និង​ការដ្ឋាន​ការងារ​ ដូច​ពល​រដ្ឋ​ដទៃ​ដែរ។ ​បន្ថែម​ពី​នោះ​ទៀត ​ពួក​ខ្មែរក្រហមបាន​ដាក់​គោល​ការណ៍​លុប​បំបាត់​រាល់​ទម្រង់​សាសនា​ និង​កម្ទេច​វត្ត​អារ៉ាម។​

«គោលការណ៍​របស់​ពួក​គេ​គឺ​ព្រះ​ពុទ្ធសាសនា​អស់​មាន​ហើយ​ (ត្រូវ​បំបាត់​ចោល) ​នៅ​កម្ពុជា​ ពី​ព្រោះ​ពួក​គេ​ថា​ សាសនា​អត់​រីក​ចម្រើនទេ។​ (ព្រះ​សង្ឃ)​ ដេក​ស្ងៀម​ ឲ្យ​គេ​ចិញ្ចឹម។​ ដូច្នេះ​វប្បធម៌​នេះ​អត់​មាន​ទេ»។​

ព្រះតេជព្រះគុណ​ឯម ភឿង​គឺជា​សាក្សី​ដែល​ជា​បព្វជិតព្រះ​ពុទ្ធ​សាសានា​លើក​ដំបូង ដែលបាន​ផ្តល់​សក្ខី​កម្ម​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​ព្រះ​អង្គ។​

​ព្រះ​តេជព្រះគុណត្រូវ​ជម្លៀស​ទៅ​កាន់​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ។ ​ព្រះ​តេជព្រះគុណមាន​សង្ឃ​ដីកា​ថា​ ទីវត្ត​អារ៉ាម​ភាគ​ច្រើន​ត្រូវ​ប្រែ​ក្លាយ​ជាគុក។​ ប៉ុន្តែ​ព្រះអង្គ​មិន​ដឹង​ពីអ្វី​ដែល​បាន​កើត​ឡើង​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់ ​ឬ​គុក​ក្រាំង​តាចាន់​នោះ​ទេ។​

«ភាគ​ច្រើន​(នៃវត្ត)​ត្រូវ​ធ្វើជា​គុក​សម្រាប់​ដាក់​អ្នកទោស។ ព្រះ​វិហារ​(គេយក)​ធ្វើគុក​ ដោយ​ចោះ​ជញ្ជាំង​សងខាង ​ដាក់​ដែក​ចាក់​សោរ​ច្រវ៉ាក់​ជើង។​ មាន​(វត្ត)​តិច​ទេ ​ដែល​ធ្វើ​ទ្រុង​ជ្រូក»។​

ព្រះ​តេជព្រះគុណ​ឯម ភឿង​មាន​សង្ឃដីកា​បញ្ជាក់​ថា​ ព្រះអង្គបាន​លួច​សូត្រ​ធម៌​បន្តិច​បន្តួច​ជា​ប្រចាំ​ មុន​ចូល​សិង​ក្នុង​របប​ខ្មែរក្រហម។ ​ហើយ​ពួក​ខ្មែរក្រហម​បាន​ឲ្យ​ព្រះអង្គ​សូត្រ​ធម៌​សម្រាប់​សាក​សព ​និង​សម្រាប់​ការ​រៀប​ការ​ជាហ្វូង ​បាន​ម្តងក្នុង​អំឡុង​ឆ្នាំ​១៩៧៨៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG