ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះបានទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងរវាងគណបក្សប្រឆាំងពីរគឺគណបក្សសិទ្ឋិមនុស្សនិងគណបក្សសម រង្ស៊ីដើម្បីចូលរួមការបោះឆ្នោតជាសកលដែលគ្រោងធ្វើក្នុងអំឡុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្សប្រឆាំង។
ការទទួលស្គាល់ការចុះបញ្ជីរបស់គណបក្សសង្គ្រោះជាតិពីក្រសួងមហាផ្ទៃបានបង្ហាញឲ្យឃើញការវិវត្តនយោបាយថ្មីមួយរបស់គណបក្សប្រឆាំងដើម្បីចូលរួមបោះឆ្នោត។ ក៏ប៉ុន្តែភាពមិនច្បាស់លាស់របស់លោកសម រង្ស៊ីសម្រាប់ដំណែងប្រធានគណបក្សថ្មីនៅតែមិនទាន់ប្រាកដថានឹងមានអ្វីរាំងស្ទះនៅពេលខាងមុខមិនឲ្យឈរឈ្មោះជាប្រធានគណបក្សថ្មីនោះ។
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយលោកសម រង្ស៊ីអាចឈរឈ្មោះជាប្រធានគណបក្សបានក៏ប៉ុន្តែច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យលោកសម រង្ស៊ីឈរឈ្មោះជាបេក្ខភាពប្រធានគណបក្ស និងចូលរួមបោះឆ្នោតបានទេដោយសារលោកជាទណ្ឌិត។លោកសម រង្ស៊ីត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
ក្រោយមកតុលាការក្រុងភ្នំពេញក៏បានកាត់ទោសលោកសម រង្ស៊ីមួយករណីទៀតពីបទជាប់ពាក់ព័ន្ឋនិងក្លែងឯកសារសារធារណៈឲ្យជាប់ពន្ឋនាគាររយៈពេល១០ឆ្នាំ។
ទោសទាំងពីរករណីនេះជាឆ្អឹងទទឹងកដែលមិនអាចឲ្យលោកសម រង្ស៊ីចូលរួមបោះឆ្នោតបាន បើមិនមានការសម្របសម្រួលនយោបាយជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ថ្លែងប្រាប់ក្រុមអ្នកគាំទ្រតាមរយៈSkypeពីប្រទេសបារាំងនៅទីស្នាក់ការគណបក្សសិទ្ឋិមនុស្ស។ លោកសម រង្ស៊ីមិនបានបញ្ជាក់ចំៗអំពីដំណោះស្រាយនយោបាយទេ។
លោកបាននិយាយថា នេះមិនមែនជាលើកទី១ទេគឺលើកទី៣ហើយដែលរដ្ឋាភិបាលកាត់ទោសលោក ហើយគ្រប់ពេលតែងតែមានតំណោះស្រាយតាមផ្លូវនយោបាយ។
«មិនយូរមិនឆាប់នឹងមានដំណោះស្រាយពីព្រោះរឿងនេះជារឿងនយោបាយមិនមែនរឿងតុលាការទេ»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា បញ្ហាលោកសម រង្ស៊ី ស្ថិតនៅលើកណ្តាប់ដែរបស់រដ្ឋាភិបាលថាតើមានឆន្ទៈឲ្យលោកបានចូលរួមបោះឆ្នោតឬក៏យ៉ាងណា។
លោកកឹម សុខាមានជំនឿថា លោកសម រង្ស៊ីអាចនឹងវិលមកកម្ពុជាដើម្បីចូលរួមបោះឆ្នោតក្នុងពេលឆាប់ៗដោយសារកម្ពុជាមានព្រឹត្តិការណ៍សំខាន់ចុងឆ្នាំខាងមុខនេះ។
«ដោយសារសភាពការណ៍កម្ពុជាបច្ចុប្បន្ននេះកំពុងតែពាក់ព័ន្ឋជាមួយព្រិត្តិការណ៍អន្តរជាតិច្រើនណាស់ជាពិសេសការប្រជុំអាស៊ាននេះ។ អញ្ចឹងកិច្ចការទាំងអស់នេះអាចអនុគ្រោះឲ្យគាត់អញ្ជើញមកបាន»។
លោកកឹម សុខានិងលោកសម រង្ស៊ីមានគម្រោងជួបគ្នានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សើឡង់ដើម្បីឲ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ និងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេស។ នេះបើតាមលោកកឹម សុខា។