ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ដ្រី​ថៃ វៀតណាម ឡាវ ចូល​គោរព​វិញ្ញាខន្ធ​អតីត​ព្រះ​មហាវីរក្សត្រ


ភ្នំពេញ៖ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បី​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០​បាន​ចូល​សម្ដែង​មរណទុក្ខ​ដោយផ្ទាល់​នៅ​ចំពោះ​ព្រះ​បរម​សព​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​ព្រះ​បរមរាជ​វាំង​ នារាជធានី​ភ្នំពេញ​កាល​រសៀល​ថ្ងៃ​សុក្រ​នេះ។
ក្បួន​រថយន្ត​នៃ​គណៈប្រតិភូ​របស់​ប្រទេស​វៀតណាម​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ង្វៀន តាន់ យុង (Nguyeng Tan Dung)បាន​ចូល​សម្ដែង​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​អតីត​ព្រះ​មហាវីរក្សត្រ​មុន​គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ថង​ស៊ី​ង ថាំ​ម៉ា​វង់(Thangsing Thammavong) និង​គណៈប្រតិភូ​បន្ទាប់​មកពី​ប្រទេស​ថៃ​ដឹកនាំ​ដោយ​លោកស្រី​នាយក​រដ្ឋ​មន្ដ្រី​យីង ឡាក់ ស៊ីណាវ៉ាត់(Yingluck Sinawatra)។
នាយក​រដ្ឋ​មន្ដ្រី​នីមួយៗ​ចំណាយពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​មិនមាន​សេចក្ដីថ្លែងការណ៍​ណាមួយ​ត្រូវ​បាន​ធ្វើ​ទៅ​កាន់​អ្នកយក​ព័ត៌មាន​នោះ​ទេ។
ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ លេខាធិការ​ផ្ទាល់​របស់​សម្តេចឪ​នរោត្តម សីហនុ បាន​មាន​បន្ទូល​បញ្ជាក់​បន្ថែម​ពី​ការ​ចូល​គោរព​វិញ្ញាណ​ខន្ធ​នេះ។
«មាន​ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​ព្រះរាជាណាចក្រ​ថៃ។ ខាង​ថៃ​គឺ​លោក​ជំទាវ​យី​ង​ឡាក់ តែ​ម្តង»។
ក្រោយ​ពី​ពិធី​គោរពវិញ្ញាណ​ខន្ធ​នេះ នាយករដ្ឋមន្ដ្រី​ថៃ​លោកស្រី​យី​ង​ឡាក់ លោក​ង្វៀន តាន់​យុង និង​លោក​ថង​ស៊ីង ថាំម៉ាវង់ បាន​ជួប​សន្ទនា​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ផងដែរ។
លោក​អ៊ាង សុផល្លែត ជំនួយ​ការ​លោកនាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ក្រោយពី​ជំនួប​ទាំង​បី​ថា មេដឹកនាំ​ប្រទេស​ជិត​ខាង​កម្ពុជា​ទាំង​នោះ​បាន​សម្ដែង​ការ​សោកស្តាយ​ ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​បាន​សោយ​ទិវង្គត។ រីឯ​លោក​ហ៊ុន សែន​ក៏បាន​ថ្លែង​អំណរគុណ​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំងបី​នោះ​ដែរ។ នេះ​បើតាម​លោក​អ៊ាង សុផល្លែត។
អតីត​ព្រះ​មហាវីរក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ច​ន្ទ​ទី​១៥​តុលា។ រដ្ឋាភិបាល​នឹង​តម្កល់​ព្រះ​សព​រយៈពេល​បី​ខែ ហើយ​នៅពេលនេះ​ក្រុម​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ចូលមក​គោរព​វិញ្ញាណ​ខន្ធ​របស់​ព្រះអង្គ​នៅលើ​ចិញ្ចើមផ្លូវ​ក្រៅរបង​ព្រះបរមរាជវាំង​ជាច្រើន​រយ​នាក់​ក្នុង​មួយ​ថ្ងៃ៕
XS
SM
MD
LG