ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​អាមេរិក​ជំរុញ​លោក​អូបាម៉ា​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

  • ហេង រស្មី

​លោក​បារ៉ាក់ អូបាម៉ា មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ក្នុង​អំឡុង​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ​ខាង​មុខ​នេះ​​។

លិខិត​នេះ​បាន​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​តំណែង​អស់រយៈ​ពេល​ជាង​២៧​ឆ្នាំ​ហើយ។ ហើយ​លោក​គ្រោង​នឹង​បន្ត​កាន់​មុខតំណែង​នេះ​រហូតដល់​អាយុ​៩០ឆ្នាំ។​ ​

ភ្នំពេញ៖ សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ឋិពល​ចំនួន​១២​រូប​បាន​សរសេរ​លិខិត​មួយ​ជូន​លោក​ប្រធានាធិបតេ្យ​បារ៉ាក់ អូបាម៉ា​ ដើម្បី​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​លើក​យក​បញ្ហា​ការរំលោភ​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា​ដាក់​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​រវាង​សមា​ជិកអាស៊ាន​និង​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​នេះ។​
នៅ​ក្នុង​លិខិត​ដែល​មាន​ចុះ​ហត្ថលេខា​ពី​សមាជិក​ព្រឹទ្ឋសភា​ចំនួន​ប្រាំរូប និងសហជិក​រដ្ឋសភា​ចំនួន​ប្រាំពីរ​រូប​ក្នុង​នោះ​មាន​លោក ចន ម៉ាក់ខេន (John McCain) អតីត​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា​នៅ​ក្នុង​អណ្តត្តិ​ទី១​នោះ​បាន​បញ្ជាក់​ថា ខណៈ​ដែល​លោក​បារ៉ាក់ អូបាម៉ា មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ក្នុង​អំឡុង​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ​ខាង​មុខ​នេះ​យើង​មាន ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​រំលោភ​សិទ្ឋិមនុស្ស​កាន់តែ​អាក្រក់​ហើយ​យើង​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​លើក​យក​បញ្ហា​ព្រួយបារម្ភ​នេះ​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា។
លិខិត​នេះ​បាន​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​តំណែង​អស់រយៈ​ពេល​ជាង​២៧​ឆ្នាំ​ហើយ។ ហើយ​លោក​គ្រោង​នឹង​បន្ត​កាន់​មុខតំណែង​នេះ​រហូតដល់​អាយុ​៩០ឆ្នាំ។​ ​
ក្នុង​រយៈពេល​នៃ​ការ​កាន់​កាប់អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន មានការ​រំលោភ​សិទ្ឋិមនុស្ស​យ៉ាង​ច្រើន ដោយ​រាប់បញ្ចូល​ទាំង​ការ​បាញ់សម្លាប់​សកម្មជន​ការពារព្រៃ​ ឈើគឺ​លោក​ ឈុត វុទ្ឋី​ការ​បាញ់​សម្លាប់​កុមារី​ម្នាក់​នៅ​ភូមិ​ប្រម៉ា និងការកាត់ទោស​លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ឲ្យជាប់​ពន្ឋនាគារ​រយៈ​ពេល​២០ឆ្នាំ។​ ការចាប់​ខ្លួន​ព្រះតេជគុណលួន សុវ៉ាត​ និង​ការ​កាត់​ទោស​លោក​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ឋនាគារ​ចំនួន​១២​ឆ្នាំ ដែល​សុទ្ឋសឹង​ជា​បញ្ហា​រំលោក​ការ​សិទ្ឋិ​មនុស្ស​ហើយ​ប្រសិន​បើ​លោក​បារ៉ាក់ អូបាម៉ា មិន​លើក​យក​បញ្ហា​ទាំងនេះ​ទេ​គឺ​ជា​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​លិទ្ឋិ​ប្រជា​ធិបតេយ្យ​ក្នុង​តំបន់​អាស៊ី។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណរដ្ឋមន្ត្រី​បាន​ហៅ​ការ​លើក​ឡើង​របស់​សមាជិកសភា​របស់​សហរដ្ឋ​អា​មេរិក​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​ទេ។ លោក​បាន​បញ្ជាក់​ថា​សារ​ទាំង​នេះ​គ្មាន​តម្លៃ​អ្វី​សម្រាប់​កម្ពុជា​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​អាមេរិក។​
«គ្រាន់តែ​ជាវោហាសព្ទ​មួយ​ដើម្បី​ពង្រឹង​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ដោយសារ​ក្រុមគេ​ទាំងអស់​ហ្នឹង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​តាំង​ពី​ដើម​មក។ ហើយ​គេ​ទទួល​បរាជ័យ​ពីរ​បី​អណត្តិ​មកហើយ»។​
លោក​យឹម សុវណ្ណ​អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា ការលើក​ឡើងរបស់​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ខសភា​សហរដ្ឋ​អា​មេរិក​គឺ​ជា​រឿង​ត្រឹមត្រូវ​ដែល​អាច​នឹង​ដឹកនាំ​កម្ពុជា​ទៅរក​ស្ថិរភាព និង​សន្តិភាព​ពិតបា្រកដ។
«ជា​ការ​ពិត​ដោយគ្មាន​ការ​ក្រឡៃ​អ្វីទេ​ពីព្រោះ​សហគមន៍​អន្តរជាតិ​ អង្កការ​សហប្រជាជាតិ​ប្រទស​មហា​អំណាច​ធំៗ​អត់​មាន​ទំនាស់​ផល​ប្រយោជន៍​អ្វី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ទេ ក្រៅ​ពី​តែ​ជួយ​ធ្វើ​បំពេញ​កាតព្វ​កិច្ច​អន្តរជាតិ​ដើម្បី​ស្វែងរក​សុភមង្គល​ យុត្តិធម៌ ការគោរព​សិទ្ឋិមនុស្ស និង​សេចក្តីថ្លៃ​ថ្នូរ​របស់​មនុស្ស​ក្នុង​ពិភព​លោក​តែ​ប៉ុណ្ណោះ»។​
លោក​បណ្ឌិត ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​បាន​និយាយ​ថា លោក​ប្រធានាធិបតេយ្យ​បារ៉ាក់ អូបាម៉ា​គួរតែ​ធ្វើ​ការថ្លឹង​ថ្លែង​មើល​ថា​តើ​លិខិត​នោះ​រវាង​បញ្ហា​ក្នុង​ស្រុក​និង​ក្នុង​ប្រទេស​វាមានសារៈសំខាន់​ប៉ុណ្ណា​ក្នុង​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី។ លោក​បាន​បញ្ជាក់​តើ​វា​សំខាន់​គួរ​តែ​លើក​ឬ​ក៏​ជា​បញ្ហា​បន្ទាប់​បន្សំ។ លោក​បាន​បញ្ជាក់​ទៀត​ថា​បញ្ហា​នេះ​គួរតែ​លោកអូបាម៉ាឲ្យ​អ្នក​ថ្នាក់​ក្រោម​ជាអ្នក​និយាយ។
«លោក​អាច​ចាត់​ឲ្យ​ខាង​លំដាប់ទាប​ដូចជា​ខាង​ក្រសួង​ការបរទេស​ឬរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុកទៅ​លោក​មិន​លើក​ខ្លួន​គាត់ទេ»។​
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក អូបាម៉ា​ លោក​ស្រីហ៊ីល ឡារីគ្លីនតុន​ រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​និង​លី អូនប៉ានេតា រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​គ្រោង​នឹង​មក​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក៕
XS
SM
MD
LG