ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​រីកចម្រើន​តិចតួច​ក្នុង​ការ​រកយុត្តិធម៌​រឿង​​ឃាតកម្ម​លោក​ ឈុត វុទ្ធី


លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង​។
លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង​។

មន្ដ្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​បានឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការស៊ើបអង្កេត​របស់​តុលាការ​ខេត្តកោះកុង​លើ​ឃាតកម្ម​លោក​ឈុត ​វុទ្ធី ​សកម្មជន​ការពារបរិស្ថាន​កម្ពុជា ​មាន​ការរីកចម្រើន​ខ្លះ​ៗ ​ក៏ប៉ុន្ដែ​នៅ​តែ​មិនទាន់​មាន​ពន្លឺ​ពី​អាថ៌កំបាំង​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ពុធ​ព្រះរាជអជ្ញារង​តុលាការ​ជាប់ដែន​សមុទ្រ​មួយ​នេះ​ បាន​កោះហៅ​សាក្សី​ទីប្រាំ ​លោក​ប៊ូ អ៊ន ​មក​សាកសួរ។

លោក​អ៊ីន ​គង់ជិត ​អ្នកសម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​ដែល​បានព្យាយាម​ជួប​សាក្សី​ទាំងនោះ​មាន​ប្រសាសន៍​ថា ​ពុំ​មាន​សាក្សី​ណា​ម្នាក់​បង្ហាញ​ថា​ខ្លួន​បាន​ឃើញ​ពិតប្រាកដ​នៅ​ក្នុង​ឆាក​ឈុត​ឃាតកម្ម​នោះ​ទេ។

«ចំណាត់ការ​របស់​តុលាការ​យើង​ឃើញ​ថា ​មាន​ការវិវត្ត​ ប៉ុន្តែ​ការសាកសួរ​កន្លងមក​មិនទាន់​មាន​ពន្លឺ​ ឬ​តម្រុយ​ណា​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​រឿង​នេះ​ទេ​។ សាក្សី​ដែល​ខ្ញុំ​បាន​ជួបផ្ទាល់​គ្រាន់តែ​បាន​ដឹង​ហេតុការណ៍​ដែល​បាន​កើត​ពី​ដំបូង។ ​ប៉ុន្តែ​ទាក់ទង​នឹង​ការបាញ់​នោះ ​ពួកគាត់​មិន​បាន​ឃើញ​ថា ​អ្នកណា​បាញ់​អ្នក​ណា​ទេ​។​ វា​នៅ​តែ​ជា​អាថ៌កំបាំង​ច្រើន​នៅ​ឡើយ»។

លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង​។ ​ឃាតកម្ម​កើតឡើង​ក្នុង​ពេល​ដែល​លោក​បាន​អម​ដំណើរ​ជាមួយ​អ្នកយកព័ត៌មាន​ចំនួន​ពីរនាក់​ទៅ​ពិនិត្យ​ការកាប់បំផ្លាញ​ព្រៃឈើ​ ក្នុង​ក្រុមហ៊ុន​មិន​ល្បី​ឈ្មោះ​មួយ​ឈ្មោះ ​ធីមប៊ឺគ្រីន​ នៅ​កន្លែង​ដាច់ស្រយាល​មួយ​ក្នុង​ស្រុក​នេះ​។ ​លោក​អ៊ីន​ រតនា ​មន្ដ្រី​កង​រាជអាវុធ​ហត្ថ​ម្នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ។

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នេះ​ហើយ​បន្ទាប់​មក​បាន​បិទ​ការស៊ើបអង្កេត​របស់​ខ្លួន​ទៅ​វិញ ​ដោយ​សន្និដ្ឋាន​ថា ​លោក​ឈុត ​វុទ្ធី ​បាន​ទទួលរង​ការបាញ់សម្លាប់​ពី​លោក​ អ៊ីន ​រតនា។ ​រីឯ​លោក​អ៊ីន ​រតនា ​បានទទួលរងគ្រោះ​ដល់​អាយុជីវិត​ដោយសារ​មាន​ការ​ឃាត់​ពី​ភ្នាក់ងារ​សន្តិសុខ​ក្រុមហ៊ុន​រ៉ាន់ ​ប៊ុនរ័ត្ន ​ហើយ​កាំភ្លើង​បានរាលកៃ​ទៅ​បាញ់​សម្លាប់​មន្រ្តី​កងរាជអាវុធ​ហត្ថ​រូប​នេះ​។ ​ តុលាការ​ចោទ​ប្រកាន់​លោក​រ៉ាន់ ​ប៊ុនរ័ត្នពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។​ បទចោទ​នេះ​ដែល​អាច​ឲ្យ​គាត់​ទទួលរង​ការផ្តន្ទាទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​។​ ប៉ុន្តែ​ក្រុមមន្ដ្រី​អង្គការ​សិទ្ធិមនុស្ស​បាន​សង្ស័យ​លើ​ការចាប់ខ្លួន​នេះ​ បន្ទាប់​ពី​បាន​មើលឃើញ​ការ​សន្និដ្ឋាន​របស់​ក្រុម​សមត្ថកិច្ច​ដោយ​មិនពេញ​លេញ​ និង​មាន​ភាពច្របូក​ច្របល់។

លោក​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​កោះកុង​ ស្រី ​មុន្នី ​មិនអាច​ទាក់ទង​បានទេ​ដោយសារ​តែ​អ្នក​លើក​ទូរសព្ទ​របស់​លោក​អះអាង​ថា ​លោក​កំពុងជាប់​សវនាការ​បន្ទាប់​មក​រូប​លោក​បាន​អះអាង​ថា ​លោក​ស្តាប់​មិន​ឮ។

ដោយឡែក​ចៅក្រម​ស៊ើបសួរ ​លោក ​មីន ​មករា ​មាន​ប្រសាសន៍​ថា ​ដំណើរការ​ស៊ើបអង្កេត​កំពុង​បន្ត​នៅ​ឡើយ​។ ​ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​ពី​សវនាការ​លើ​សំណុំរឿង​លោក​ឈុត​ វុទ្ធី​ នេះ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ណា​នោះ​ទេ។

«គឺ​កំពុង​បន្ត​ស៊ើបអង្កេត​ទៅ​មុខ​រហូត»។

រហូតមក​ដល់​ពេល​នេះ​តុលាការ​កោះកុង​បាន​បំបែក​សំណុំរឿង​ជុំវិញ​ឃាតកម្ម​លោក​ឈុត ​វុទ្ធី ​ជា​ពីរ​ផ្នែក​។​ គឺ​ផ្នែក​ដែល​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ថា ​មន្ដ្រី​កងរាជអាវុធហត្ថ​ លោក​អ៊ីន ​រតនា ​បាញ់​សម្លាប់​លោក ​ឈុត ​វុទ្ធី​ និង​ផ្នែក​មួយទៀត​ទាក់ទង​នឹង​ការចោទប្រកាន់​ដែល​ថា​ភ្នាក់ងារ​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ើហ្គ្រីន ​រ៉ាន់ ​បូរត្ន័ ​សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ​ដោយ​អចេតនា។

កាល​ពី​ដើម​ខែ​ឧសភា​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អ៊ឺរ៉ុប​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​ការ​ស៊ើបអង្គេត​ឲ្យ​បាន​ពេញលេញ​ ប្រកបដោយតម្លាភាព​ព្រមទាំងគួរឲ្យជឿទុកចិត្ត​បាន​ទៅ​លើ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​លោក​ឈុត ​វុទ្ធី នេះ៕

XS
SM
MD
LG