កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២១ ត្រូវបានព្យាករថាកើនត្រឹម២,២ភាគរយ ហើយការជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះងើបឡើងបន្ថែមទៀតបាននោះ គឺអាស្រ័យលើការបង្កើនផលិតភាព ពិពិធកម្ម(ភាពចម្រុះ) និងការដាក់ទុនវិនិយោគក្នុងស្រុក។ នេះបើតាមការប្រកាសរបស់ធនាគារពិភពលោកដែលបានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពស្តីពីសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃចន្ទ។
បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកដែលវីអូអេបានទទួលកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែប្រទេសនេះ អាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ ពង្រីកពិពិធភាព ឬភាពចម្រុះនៃផលិតកម្មសម្រាប់ផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញ ការវិនិយោគក្នុងស្រុកថែមទៀត។
ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា អ្នកស្រីម៉ារីយ៉ាម សាលីម (Maryam Salim) ត្រូវបានគេស្រង់សម្តីក្នុងន័យដើមថា៖ «ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចីរភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនពលករ និងក្រុមគ្រួសារនៅកម្ពុជា ពង្រឹងបទបញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃ លើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព»។
អ្នកស្រីបន្ថែមថា៖ «ចំណាត់ការគោលនយោបាយរយៈពេលខ្លីនិងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះ វានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀត នៅក្រោយសម័យមានវិបត្តិកូវីដ១៩»។
បន្ថែមលើនេះរបាយការណ៍របស់ធនាគារពិភពលោកដែលមានចំណងជើងថា៖«ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ច» បានកត់សម្គាល់ថាជំងឺរាតត្បាតជាដើមចមធំធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យប្រទេសកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច។
ការចេញផ្សាយរបាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោក កើតមានឡើងក្រោយរដ្ឋាភិបាល កាលពីចុងខែធ្នូ ឆ្នាំ២០២១ បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ«ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។
បើតាមបទបង្ហាញរបស់អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកហួត ពុំ ធ្វើឡើងក្នុងពេលប្រកាសឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រខាងលើនោះ សសរស្តម្ភសំខាន់ៗបីត្រូវបានរំលេចឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលរួមមានការស្តារឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ដើម្បីទប់ទល់នឹងជំងឺកាចសាហាវ ឬវិបត្តិស្រដៀងគ្នានឹងកូវីដ១៩ ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត។
លោក ហួត ពុំ បានផ្តល់ការពន្យល់បន្ថែមថា៖ «ដើម្បីឱ្យសេដ្ឋកិច្ចយើងមានភាពរឹងមាំ យើងត្រូវកសាង គឺភាពធន់នៃសេដ្ឋកិច្ចរបស់យើងទប់ទល់ជាមួយនឹងជំងឺកាចសាហាវនានាដែលអាចមាន។យើងមិនដឹងថាតើមានកូវីដ១៩ ហើយបន្ទាប់មកមានជំងឺកាចសាហាវដទៃផ្សេងទៀត ឬក៏មានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិស្អីៗ ដែលកើតឡើង។ ប៉ុន្តែសួរថាតើយើងអាចមានសេដ្ឋកិច្ចមួយរឹងមាំ លុះត្រាតែយើងមានភាពធន់។ អ៊ីចឹងដើម្បីឱ្យមានភាពធន់បានទប់ទល់ជាមួយនឹងកត្តាដែលមានឥទ្ធិពលមកលើសេដ្ឋកិច្ចយើង លុះត្រាតែយើងអាចពង្រឹងនូវការត្រៀមខ្លួន...ហើយនឹងការឆ្លើយតប។ សំខាន់គឺថា យើងត្រៀមខ្លួនបានប៉ុនណា ហើយថា តើយើងមានយន្តការសម្រាប់ឆ្លើយតបទៅនឹងជំងឺកាចសាហាវក៏ដូចជាវិបត្តិផ្សេងៗក្នុងកម្រិតណា»។
នៅក្នុងការចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍមានភាពធន់កាលពីដំណាច់ខែមករា ឆ្នាំ២០២២ ធនាគារពិភពលោកបានលើកឡើងថា កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ចំនួន១០,១ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក៣,១ភាគរយក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗ រហូតបានកំណើន២,២ភាគរយនាដំណាច់ឆ្នាំកន្លងទៅ។
ធនាគារពិភពលោកបានមើលឃើញពីកង្វះពិពិធកម្មក្នុងសេដ្ឋកិច្ចកម្ពុជាផងដែរ ស្របពេលសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមរើបឡើងវិញ។ ធនាគារបានពន្យល់បន្ថែមថាការវិនិយោគទៅលើធនធានមនុស្ស ការធ្វើឱ្យមានការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។
សម្រាប់ការនាំចេញរបស់កម្ពុជាធនាគារពិភពលោកបានរកឃើញថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរស្បែកជើង អង្ករ ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ៕