ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាក្នុងទីក្រុងភ្នំពេញអះអាងថា អាជ្ញាធរក្រុង ការពារផលប្រយោជន៍ក្រុមហ៊ុនឯកជន ជាជាងបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។ ក្រុមអ្នកភូមិនិយាយថា ការណ៍នេះបានញ៉ាំងឲ្យពួកគេអស់ជំនឿទៅលើអាជ្ញាធរក្នុងការជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។
ក្រុមអ្នកភូមិបឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស៊ូកាគូ និយាយថា ពេលនេះជម្លោះរបស់ពួកគេ ហាក់ដូចជាមិនមែនជាមួយក្រុមហ៊ុនទៀតទេ តែបែរជាក្លាយទៅជាជម្លោះជាមួយអាជ្ញាធរទៅវិញ។
អ្នកស្រីទេព វណ្ណនីគឺជាតំណាងម្នាក់របស់អ្នកភូមិនៅទីនេះ។
«បច្ចុប្បន្ននេះ ប្រៀបដូចជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលរងគ្រោះនេះ ទៅជាមានជម្លោះជាមួយអាជ្ញាធរវិញ មិនមែនមានជម្លោះជាមួយក្រុមហ៊ុនទេ ឥឡូវហ្នឹង ព្រោះអីក្រុមហ៊ុន គេចែកដាច់បាត់ហើយឥឡូវហ្នឹង គេស្ងាត់ហើយ។ ទោះបីពួកខ្ញុំទៅតវ៉ា ក៏គេមិនមាត់មិនក។ គេមិនឲ្យយើងឃើញទេ តែមានតែអាជ្ញាធរចេញមុខជំនួសគេ ហើយការពារគេតែម្តង ហើយប្តឹងពួកខ្ញុំជាបន្តបន្ទាប់គឺអាជ្ញាធរអ្នកប្តឹងទៀត»។
ក្រុមអ្នកភូមិបឹងកក់បានក្រោកឡើងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ូកាគូរបស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាម្នាក់ឈ្មោះឡាវ ម៉េងឃីន អស់រយៈពេលជិត៦ឆ្នាំមកហើយចំពោះការបណ្តេញពួកគេចេញពីលំនៅដ្ឋានដោយបង្ខំ។
ជាញឹកញាប់ ក្រុមអ្នកភូមិទាំងនេះ តែងតែដើរដង្ហែរក្បួនបាតុកម្មដើម្បីទាមទារសិទ្ធិលំនៅដ្ឋាននិងទាមទារឲ្យមានការដោះលែងអ្នកតំណាង ឬសមាជិករបស់ពួកគេចេញពីពន្ធនាគារវិញ នៅពេលមានការចាប់ខ្លួនពួកគេម្តងៗ។ តួយ៉ាង ដូចជាការចាប់ខ្លួនអ្នកស្រីយ៉ោម បុប្ផា ដែលជាសកម្មជនតវ៉ាទាមទារសិទ្ធិលំនៅដ្ឋានដ៏សកម្មម្នាក់នៅតំបន់បឹងកក់កាលពីដើមខែនេះជាដើម។
ប៉ុន្តែការទាមទាររបស់អ្នកភូមិទាំងនេះ ជារឿយៗ ជួបនឹងការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយពេលខ្លះឈានទៅដល់ការប៉ះទង្គិចគ្នាដោយហិង្សាថែមទៀតផង។
លោកលួស សាខនគឺជាប្តីរបស់អ្នកស្រីយ៉ោម បុប្ផាដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ។
«ធម្មតា អាជ្ញាធរក្តី រដ្ឋាភិបាលក្តី ប្រជាជនជាអ្នកបោះឆ្នោតឲ្យគឺអាជ្ញាធរជាអ្នកបម្រើប្រជាជន។ ប៉ុន្តែចាប់តាំងពីខ្ញុំមកនៅតំបន់បឹងកក់មក អាជ្ញាធរមិនបានបម្រើអីដល់ប្រជាជននៅតំបន់នេះទេ មានតែការមករារាំងនិងបង្រ្កាបប្រជាជនដែលតវ៉ាដីធ្លីនិងសិទ្ធិលំនៅដ្ឋាន»។
ដូចគ្នានេះដែរ ប្រជាសហគមន៍បុរីកីឡា ដែលមានជម្លោះដីធ្លីដ៏រាំរ៉ៃជាមួយក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រីស៊ុយ សុផាន ក៏បានចោទជាសំណួរអំពីតួនាទីរបស់អាជ្ញាធរនៅក្នុងជម្លោះនេះដែរ។
ក្រុមអ្នកភូមិនេះក៏បានដើរហែរក្បួនជាញឹកញាប់ដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនដែរ។ ហើយថ្មីៗនេះ ពួកគេក៏បានចូលរួមជាមួយអ្នកភូមិបឹងកក់ ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេម្នាក់គឺអ្នកស្រីទឹម សាក់មុនី ដែលត្រូវបានតុលាការចាប់ឃុំខ្លួនចាប់តាំងពីដើមខែនេះ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន។
អ្នកស្រីឆាយ គឹមហ៊នគឺជាតំណាងអ្នកភូមិបុរីកីឡាម្នាក់។
«រាល់ថ្ងៃនេះ ដូចខ្ញុំទៅសាលាខណ្ឌអញ្ចឹងដែរ ខ្ញុំសូមសួរលោកអភិបាលខណ្ឌថា តើពួកគាត់បម្រើប្រជាពលរដ្ឋ ឬក៏បម្រើក្រុមហ៊ុន ព្រោះពួកខ្ញុំឈឺចាប់ខ្លាំងណាស់ អស់ទាំងផ្ទះ អស់ទាំងទ្រព្យសម្បត្តិ បាត់បង់ការសិក្សារបស់កូន។ ខ្ញុំជាស្ត្រីទៅជាដើរប្រឈមមុខនឹងសមត្ថកិច្ច ទាមទារសិទ្ធិលំនៅដ្ឋាន។ បើឲ្យប្តីចេញ គេចាប់ប្តី»។
វីអូអេមិនអាចទាក់ទងលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំការអត្ថាធិប្បាយណាមួយជុំវិញការលើកឡើងរបស់ក្រុមអ្នកភូមិទាំងពីរនេះបានទេ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ។
តែទោះជាយ៉ាងនេះក្តី លោកទូច ណារ៉ុថ ស្នងការនគរបាល រាជធានីភ្នំពេញ បានបដិសេធការលើកឡើងរបស់ក្រុមអ្នកភូមិទាំងពីរនេះដែលថា អាជ្ញាធរការពារក្រុមហ៊ុន ឬបុគ្គលណាមួយនោះ។
«តាមពិត មិនមែនអាជ្ញាធរ ឬសមត្ថកិច្ចទៅការពារនរណាមួយដោយខុសច្បាប់នោះបានទេ ព្រោះស្រុកយើងឥឡូវ ស្រុកមានច្បាប់។ ដូច្នេះ យើងមិនអាចបំពានច្បាប់ទេ ក៏ប៉ុន្តែ បើនរណាអនុវត្តខុសច្បាប់ អាហ្នឹងត្រូវទទួលទោសទៅតាមច្បាប់ដែលបានកំណត់»។
លោកស្នងការនគរបាលក្រុងដដែលអះអាងបន្តថា អាជ្ញាធរមានសមត្ថកិច្ចរបស់លោកក៏មិនបានរារាំងសិទ្ធិតវ៉ារបស់ក្រុមអ្នកភូមិទាំងនេះដែរ។
«យើងផ្តល់ឲ្យគាត់តវ៉ាទៅតាមសិទ្ធិរបស់គាត់ ក៏ប៉ុន្តែប៉ូលិសក៏មានសិទ្ធិដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមមួយដែរ។ យើងមិនបណ្តោយឲ្យប៉ុន្មាននាក់ហ្នឹងបិទផ្លូវ ឧទាហរណ៍ផ្លូវសហព័ន្ធ ឬផ្លូវណាមួយបិទ វាស្ទះចរាចរណ៍ ប្រជាពលរដ្ឋនៅភ្នំពេញជាង១លានឬ២លាននាក់។ ដូច្នេះ គេនឹងថ្កោលទោសសមត្ថកិច្ចថា បណ្តោយឲ្យប៉ុន្មាននាក់ហ្នឹង បិទផ្លូវរំខានដល់ការធ្វើដំណើរតាមដងផ្លូវសាធារណៈ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិទាំងនេះនិយាយថា បើមិនបានបម្រើប្រជាពលរដ្ឋទេនោះ អាជ្ញាធរគួរតែដើរតួនាទីជាអាជ្ញាកណ្តាលនៅក្នុងជម្លោះនេះ ជាជាងទៅការពារផលប្រយោជន៍ក្រុមហ៊ុនឯកជនដើម្បីលាបសក្ការៈផ្ទាល់ខ្លួន៕