ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន៖ នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ការផ្តល់​មតិ​ប្រកប​ដោយ​ការស្ថាបនា ​គួរ​ឱ្យ​ជឿជាក់​បាន​ និង​ប្រកប​ដោយ​ការ​គាំ​ទ្រ អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យរដ្ឋាភិបាលដោះ ស្រាយ​បញ្ហា​ធំៗមួយ​ចំនួន​ដែល​ប្រទេស​នេះ​កំពុងជួប​ប្រទះ​ដែល​ក្នុង​នោះ​មាន​ដូច​ជា​បញ្ហា​រឹបអូស​ដីធ្លី​ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ការរុករក​រ៉ែ​និងបញ្ហា​បោះឆ្នោត​ជាដើម។

វេទិការ​ដៃ​គូ​អភិវឌ្ឍន៍​និង​រដ្ឋាភិបាលដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦​ខែ​កញ្ញាខាង​មុខ​នេះជា​ឱកាស​ដែល​រដ្ឋាភិបាល​បង្ហាញ​នូវ​អ្វី​ដែល​ជា​សមិទ្ធិផល​របស់​ខ្លួន​និង​ផែន​ការ​សម្រាប់​អនុវត្ត​ក្នុង​ពេល​ខាងមុខ​ហើយ​វា​ជា​ឱកាស​ដែល​ដៃ​គូ​អភិវឌ្ឍ​ន៍​ដែលមាន​ដូច​ជា​ម្ចាស់​ជំនួយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ពួកគេ។​

នៅ​ក្នុង​សេចក្តី​ព្រាងឯកសារ​គោលជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ថ្ងៃទី​២៥​ខែ​កញ្ញាមុន​នឹង​ដាក់​ជូន​វេទិការ​នោះបានផ្តោត​លើ​ការ​ចូលរួម​ចំណែក​របស់​គេ​លើ​ផ្នែក​សេវាសង្គម​ចាប់​តាំង​ពី​បញ្ហា​កំណែ​ទម្រង់​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធតុលាការ​និង​យុត្តិធម៌ កំណែទម្រង់​ដីធ្លី​និង​ព្រៃ​ឈើ​ រហូត​ដល់​ការព្រួយ​បារម្ភ​ពី​ស្ថានភាព​ការងារ ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី និង​ផលប៉ះពាល់​ផ្នែក​សង្គម​និង​បរិស្ថាន​នៃ​ឧស្សាហកម្ម​រុករក​រ៉ែ​នៅ កម្ពុជា។​

ឯកសារគោលជំហរ​មាន​ចំនួន​១៧៧​ទំព័រ​ដែល​វីអូអេ​ទទួលបាន​នោះ​បញ្ជាក់​ថា​ការទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី ផ្តល់​ជូន​សាធារណជន​ជា​ការ​សំខាន់​ណាស់ដូច​ជា​ទាក់​ទង​នឹង​ការប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​ ការធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​រុករក​រ៉ែជាដើមប៉ុន្តែ​ការទទួល​បាន​ព័ត៌មាន​កន្លង​មក​នៅ មាន​កម្រិត​ទាប​នៅ​ឡើយ ហើយពួកគេ​ស្នើ​ឡើង​ថា​រដ្ឋាភិបាល​អាណត្តិ​នេះ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ចេញ​ច្បាប់​នេះ​ឱ្យ​បាន។​

នៅលើ​ជ្រុង​នៃ​បញ្ហា​ដីធ្លី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា​សហគមន៍​ក្រីក្រ​នៅ ទីក្រុង​និង​ជន​បទ​នៅ​បន្ត​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ហើយមានការប្រើ​ប្រាស់កងកម្លាំង​ប្រដាប់​អាវុធ​ កាន់​តែ​ច្រើន​ឡើង ប្រឆាំង​នឹង​បាតុករ​អហិង្សា​ដែល​ខំ​ប្រឹងប្រែង​ការពារ​ដីធ្លីនិង​ធនធាន​ធម្មជាតិ។ ជន​រងគ្រោះ​ខ្លះ​ត្រូវបាន​អាជ្ញា​ធរ​ចោទ​ប្រកាន់​ថា​បាន​មករស់​នៅ លើ​ដី​របស់​រដ្ឋ។​
របាយការណ៍​នោះ បញ្ជាក់​ថា៖

«ឧប្បទ្ទវហេតុ​ទាំងនេះ​ជា​ការ​រំខាន​ខ្លាំង​ណាស់​ដោយសារ​តែ​វា​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​របស់កងកម្លាំង​សន្តិសុខ​និង​យោធា​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​ដែល​អាច​សម្លាប់​មនុស្ស​បាន​មក​ប្រឆាំង​នឹង​ជន​ស៊ីវិល»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​ផ្តល់​ជា​អនុសាសន៍ឱ្យ​មាន​ការវាស់​វែង​កំណត់​ព្រំដី​រដ្ឋ​ឱ្យ​បាន​
ច្បាស់​លាស់​និង​ប្រកប​ដោយ​តម្លាភាព។ អនុសាសន៍​នោះ​បន្ត​ថា៖

«យើង​សូម​ផ្តល់​អនុសាសន៍​យ៉ាង​ខ្លាំង​ក្លា​ដល់​រាជ​រដ្ឋាភិបាលសូម​ឱ្យ​រៀបចំ​ឯកសារ​និង​បង្ហាញ ជា​សាធារណៈ​ថា​ការកំណត់​ដីធ្លី​គឺ​ជា​អាទិភាព​ទីមួយ​និង​បន្ទាន់​បំផុត»។

ក្នុង​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ឈប់​ផ្តល់​ដីសម្បទាន​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ប៉ុន្តែ​ ចំនួន​ដី​ដែល​បាន​ប្រគល់​រួច​ហើយ​ស្ថិត​ក្នុង​កម្រិតមួយគួរ​ឱ្យ​ព្រួយ​បារម្ភ។ តួរលេខ​បាន​បង្ហាញ​ថា​ដីសម្បទាន​សម្រាប់​សេដ្ឋកិច្ច​និង​ជីករក​រ៉ែ​មាន​សរុប​រហូត​ដល់​៣,៩៣៦,៤៨១ ហិកតា​ដែល​ត្រូវ​ជា​២២​ភាគរយ​នៃ​ដី​ទាំង​អស់​ក្នុង​ប្រទេស។ នេះ​បើ​តាម​ឯកសារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ដក​ស្រង់​តាម​ប្រភពនានា។ ​

ការផ្តល់​ដី​សម្បទានសេដ្ឋកិច្ចទាំង​នោះ​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លា​ភាព​ហើយ​មាន​ព័ត៌មាន​តិច​តួច​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។​

របាយការណ៍​នេះ​សង្កេត​ឃើញ​ថា​ដីសម្បទានសេដ្ឋកិច្ច​ទាំងនោះ​ផ្តល់​ផល​អវិជ្ជ​មាន​ទាំង​លើ​ផ្នែក​បរិស្ថាន​និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​ដែល​រស់​នៅ​ពឹង​ពាក់​លើ​ព្រៃ​ឈើ​ជាពិសេ​ស​ក្រុម​ជន​ជាតិ​ដើម។

លោក​ ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជាបាន​បញ្ជាក់​បន្ថែម​ថា៖

«បញ្ហា​ព្រៃឈើ​នេះ​យើង​បាន​ដឹង​ថា​រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​មួយ​ចំនួន​ធំ​ហើយ​ដូច​ជា​ការ​ចេញ​នូវ​សារាចរ​ដើម្បី​បញ្ឈប់​នូវ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ដី សម្បទាន​សេដ្ឋ​កិច្ច​ដែល​មាន​ស្រាប់​អញ្ចឹង​គឺ​សង្គម​ស៊ីវិល​ចង់​ឱ្យ​មាន​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដែរ​គឺ​ការ​ពង្រឹង​សហគមន៍ មូលដ្ឋាន​ សហគមន៍​ព្រៃ​ឈើ​ដើម្បី ធ្វើ​ម៉េច​ឱ្យ​គាត់​អាច​គ្រប់​គ្រង​ព្រៃ​ឈើ​គាត់​បាន​ដោយសេរី​»។

សម្រាប់​ផ្នែកឧស្សាហកម្ម​រុករក​រ៉ែ​ដែល​មាន​ក្រុម​ហ៊ុន​ចំនួនជាង៦០ទទួល​បាន​អាជ្ញា​បណ្ណ​បាន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ខាង​ផ្នែក​សង្គម​និង​បរិស្ថាន​ដែល​វា​នឹង​បង្ក​ឡើង​បើ​ទោះ​បី​ជានៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រុក​រក​សម្រាប់​រ៉ែ​ប្រេង​និង​រ៉ែ​ផ្សេងៗ​ទៀត​នៅ​លើ​ដី​ក៏​ដោយ។

លោក​ ម៉ម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ទោះ​បី​ជា​ក្នុង​ដំណាក់​កាល​នេះ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​រុករក​ក៏ដោយ​ប៉ុន្តែ​យើង​តាម​ការ​សង្កេត​ដែល​បណ្តាញ​ផលប៉ះពាល់​បរិស្ថាន​សង្គម​ដែលមាន​សមាជិក​ទាំង​អស់​៥៦​នោះ​បាន​ដឹង​ថា​មាន​ផល​ប៉ះពាល់​ទាក់​ទឹន​នឹង​បរិស្ថាន​ទាក់​ទង​នឹង​សង្គម​បាន​កើត​ឡើង​ជា​បណ្តើរៗ​ហើយ​ទោះ បី​ជា​ផល​ប៉ះពាល់​នោះ​វា​មិន​ទាន់​គំហុក​ខ្លាំង​ក៏ ដោយ​ក៏ ប៉ុន្តែ​វា​ជា​កង្វល់​មួយ​នៅ​ក្នុង​ដំណាក់​កាលដំបូង​នៃ​ការរុករក»។

អ្វី​ជា​កង្វល់​ដែល​លោក​សម្បត្តិ​បាន​លើក​ឡើង​រួមមានដូច​ជាផលប៉ះពាល់​លើ​ប្រជា​ពលរដ្ឋ​ដើម​ភាគតិច​នៅ​ឃុំ​ប៊ូស្រា​ ខេត្ត​មណ្ឌល​គីរីដែល​នៅ​ទីនោះ​មាន​ក្រុម​ហ៊ុន​ឯកជន​មួយ​កំពុង​ជីក​យក​រ៉ែ​ដោយ​គ្មាន​ការយល់​ព្រម​ពី​ពលរដ្ឋ​សហគមន៍​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​វប្បធម៌និង​ជំនឿ​របស់​ជន​ជាតិ​ដើម។ និង​កង្វល់​ពី​បទពិសោធ​ក្មេង​ខ្ចី​ព្រម​ទាំង​ច្បាប់​ធូររលុង​ក្នុង​ឧស្សាហកម្ម​ប្រេងកាត​ជាដើម។​ បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ដំណក់​ប្រេងកម្ពុជា​ដំបូង​នឹងចាប់​ហូរ​នៅ​ឆ្នាំ​២០១៦។​

បញ្ហា​ដ៏​រសើប​មួយ​ទៀត​ហើយ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​កម្រិត​អន្តរជាតិ​នោះ គឺ​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំបន់​វារី​អគ្គិសនី​សាយ៉ាបូរី​នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​ផ្តល់​ការ​សរសើរ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​បញ្ចេញ​មតិ​លើ​ផល​ប៉ះពាល់​ដែល​ទំនប់​នេះ​អាច​នឹង​មាន​មក​លើ​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​ការ​ទុក​ពេល​ឱ្យ​ពួកគេ​ផ្តល់​យោបល់​ត្រឡប់​វិញ​តិច​តួច​ក៏ដោយ។

លោក​ មាជ មាន អ្នក​សម្រប​សម្រួល នៃ​បណ្តាញ​ការពារ​ទន្លេ​សេសាន​ ស្រែពក​ សេកុង​បាន​ចូល​រួម​ធ្វើ​យុទ្ធ​នា​ការ​ជាច្រើន​ប្រឆាំង​នឹង​ការសាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​បញ្ជាក់​ថា៖​
«ចង់​ឱ្យ​រដ្ឋាភិបាល​ផ្តោ​ត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទាក់​ទង​នឹង​ធន​ធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ទន្លេមេគង្គ ប្រសើរ​ជាង​ការ​ធ្វើ​ថាម​ពល​ដោយ​សាងសង់​ទំបន់​វារី​អគ្គិសនី​ហ្នុង​ព្រោះ បច្ចុប្បន្ន​យើង​ឃើញ​ថា​ការផលិត​ឡើង​នូវ​ឋាម​ពល​អគ្គិសនី​វាមិន​មែន​មាន​តែ មួយ​ច្រក​ទេ​គឺ​មិន​មែន​ទាល់​តែ​សាងសង់​ទំបន់​វារី​អគ្គិសនី​បាន​វា​មាន​ភ្លើង​នោះ ទេ»។

ការព្រួយ​បារម្ភ​នានា​បន្ត​រហូត​ដល់​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ជាមួយ​នឹង​ប្រទេស​ខាងក្រៅ។ សហភាព​ការងារ​កម្ពុជា​ដែល​ជា​អ្នក​ផ្តល់​ឯកសារ​មួយ​ចំណែក​ដល់​របាយការណ៍​នៃ​គោល​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​បញ្ហា​ក្នុង​វិស័យ​ការ​ងារ​កម្ពុជា​មាន​ដូច​ជា​និយោជិត​ទទួលបាន​ប្រាក់​ខែ​ទាប​ សុវត្ថិភាព​សង្គម​ទាប ជាពិសេស​ក្នុង​ចំណោម​កម្មករ​ចំណាក​ស្រុក និង​ស្រ្តី​បម្រើ​តាម​គេហដ្ឋាន កង្វះ​ខាត​ការងារ​ទៀងទាត់​ និង​ស្ថាន​ភាព​ការងារ​អាក្រក់​ជាដើម។

លោក​អាត់​ ធន​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ៖

«បើយើង​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ​ទៅ​វិញ​គឺ​យើង​ឃើញ​ថា​វា​ហាក់​ដូច​ជា​មិន​ទាន់​ល្អ​នៅឡើយ​ព្រោះ នៅ​មាន​បញ្ហា​ច្រើន​។ យើង​ឃើញ​ថា​ប្រាក់​បៀវត្ស​រ៍​គឺ​ជា​វិធាន​ការ​មួយ​ដែល​មាន​ការ​លំបាក​យ៉ាងខ្លាំង​សម្រាប់​កម្មករ​ព្រោះ ថា​ប្រាក់​ខែ​អប្បបរិមា​៦១​ដុល្លារ​សម្រាប់​កម្មករ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាល់​តែ​១០០​ដុល្លារ​ដែរ​បាន​អាច​រស់​បាន​។ អីចឹង​កម្មករ​ខំប្រឹង​ធ្វើ​ការ​ខំ​ប្រឹង​ហូប​តិចតួច​ ខំប្រឹង​ជួល​ផ្ទះ​ជុំ​គ្នា​ដើម្បី​សន្សំ​លុយហ្នឹង​ហើយ​ពេល​ថ្មីៗ​នេះ​យើង​ឃើញ កម្មករ​ស្លេកស្លាំង​ច្រើន​មាន​បញ្ហា​សុខភាព»។

អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ចំណែក​ផ្តល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ពី​២,៨​ដល់​៤,៥ លាននាក់​ដែល​ត្រូវ​ជា​ចន្លោះ​ពី​២០​ដល់​៣០​ភាគរយ​នៃ​ពលរដ្ឋ​ទាំង​អស់៕
XS
SM
MD
LG