ភ្នំពេញ៖ ខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសន្យាថានឹងចេញប្លង់កាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ក្រុមអ្នកភូមិបូរីកីឡា និងបឹងកក់ដែលរងគ្រោះដោយសារការរំលោភយកដីធ្លីយ៉ាងលេចធ្លោមួយក្នុងប្រទេសកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ឋិដល់ពួកគេ និងកំណត់ព្រំប្រទល់ដីឲ្យបានច្បាស់លាស់។ បន្ទាប់ពីជម្លោះដ៏រ៉ាំរ៉ៃនេះបានអូសបន្លាយជាច្រើនឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីសប្តាហ៍មុនបានធានាអះអាងថាក្រុមនិសិ្សតយុវជនស្ម័គ្រចិត្តនឹងបន្តការងារវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋហើយលោកបានសន្យាថានឹងមិនឲ្យប្រជាពលរដ្ឋគ្មានប្លង់កម្មសិទ្ឋិដីស្របច្បាប់នោះទេ។
ខណៈដែលក្រុមនិសិ្សតចុះវាស់វែងកំណត់ព្រំប្រទល់ដីជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗនោះ ដោយឡែកនៅតំបន់បឹងកក់ និងតំបន់បូរីកីឡាដែលនៅមិនឆ្លាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះបានមើលរំលងទៅវិញ។
ដោយសារតែគ្មានព្រំប្រទល់ដីចំនួនជាង១២ហិកតាដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើប្រទានកម្មដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ និងពុំទាន់មានប្លង់កម្មសិទ្ឋិត្រឹមត្រូវ ក្រុមប្រជាពលរដ្ឋនៅក្នុងសហគមន៍បូរីកីឡា និងតំបន់បឹងកក់នៅតែបន្តការទាមទាររបស់ខ្លួនដើម្បីរកដំណោះស្រាយ។
នៅពីមុខអគាររដ្ឋសភាកុមារតូចៗនិងប្រជាពលរដ្ឋមកពីសហគមន៍ទាំងពីរបានមកបន្តការទាមទាររបស់ខ្លួនក្នុងពេលដែលសមាជិករដ្ឋសភាបានឈប់សម្រាកក្នុងពេលបុណ្យរដ្ឋធម្មនុញ្ញនៅថ្ងៃចន្ទនេះ។ គោលបំណងនៃការទាមទារនេះគឺដើម្បីឲ្យតំណាងរបស់ពួកគេចំនួនពីរនាក់គឺអ្នកស្រីយោម បុប្ជា និងអ្នកស្រីទឹម សាក់មុន្នីត្រូវបានដោះលែងចេញពីពន្ឋនាគារនិងទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ឋិដីធ្លីដល់ពួកគេ។
អ្នកស្រី កង ជឺ អាយុ៧៥ឆ្នាំ ជនរងគ្រោះដោយសារការបាត់បង់ដីធ្លីនៅតំបន់បឹងកក់ដែលបានមកចូលរួមតវ៉ានៅពីមុខអគាររដ្ឋសភានៅថ្ងៃចន្ទនេះបាននិយាយថា អ្នកស្រីបានឮប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ ក៏ប៉ុន្តែព្រំប្រទល់ដីរបស់អ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ។
«បើប្រគល់មកខ្ញុំលែងមកតវ៉ាហើយ លែងរវល់ហើយ។ មិនមែនចង់ដើរទេហត់ចង់ងាប់ ចាំជារៀលរាល់ល្ងាច»។អ្នកស្រី កង ជឺ អាយុ៧៥ឆ្នាំ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើប្រទានកម្មដីទំហំ១២,៤៤ហិកតាកាលពីខែសីហាឆ្នា២០១១ដល់ប្រជាពលរដ្ឋដែលនៅសេសល់ពីការបណ្តេញចេញដោយបង្ខំចំនួនជាង៧០០គ្រួសារនៅតំបន់បឹងកក់ក៏ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋទាំងនោះមានប្រជាពលរដ្ឋប្រមាណ៦៤គ្រួសារមិនទាន់បានប្លង់កម្មសិទ្ឋិស្របច្បាប់ទេ។ មិនតែប៉ុណ្ណោះ ពួកគេកំពុងប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំជាលើកទីពីរទៀត។
ចំណែកឯនៅបូរីកីឡាវិញ ក្រោយពីការបណ្តេញចេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ មានប្រជាពលរដ្ឋប្រមាណ១១២គ្រួសារបានបាត់បង់ផ្ទះសម្បែងដោយសារតែក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រីស៊ុយ ស៊ីផានមិនបានសាងសង់ពីរអគារបន្តែមតាមកិច្ចសន្យា។
អ្នកស្រីឆាយ គឹមហ៊នអាយុ៣៤ឆ្នាំតំណាងអ្នកតវ៉ាមកពីសហគមន៍បូរីកីឡាបាននិយាយថា ក្រោយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនទាន់មានអាជ្ញាធរណាម្នាក់មកធ្វើប្លង់កាន់កាប់កម្មសិទ្ឋិដល់ពួកគេទេ។ អ្នកស្រីបាននិយាយថាពួកគេគ្មានជំនឿថានឹងបានប្លង់កម្មសិទ្ឋិទេ បើទោះបីលោកនាយករដ្ឋមន្ត្រីបានសន្យាក៏ដោយ។
«អ្វីដែលខ្ញុំធ្លាប់ឮគឺបានឮច្រើនដងណាស់មកហើយតែដំណោះស្រាយនៅតំបន់បឹងកក់និងបូរីកីឡាមិនដែលមានដំណោះស្រាយអ្វីពិតប្រាកដនោះទេ។ ហើយអ្វីដែលគាត់និយាយខ្ញុំអត់មានការជឿជាក់អត់មានទំនុកចិត្តពិតប្រាកដទេ»។
យ៉ាងតិចមានអ្នកភូមិបូរីកីឡានិងតំបន់បឹងកក់ប្រមាណជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ឋនាគារ ហើយចុងក្រោយនេះតំណាងពួកគេពីរនាក់គឺអ្នកស្រីទឹម សាក់មុន្នី និងអ្នកស្រីយោម បុប្ជា កំពុងជាប់ឃុំនៅឡើយ។
ក្រុមប្រជាពលរដ្ឋអ្នករងគ្រោះមកពីសហគមន៏ទាំងពីរបានបន្តដាក់ញាត្តិទៅរដ្ឋសភា ស្ថានទូតអាឡឺម៉ង់ ស្ថានទូតដាណឺម៉ាក និង ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិមនុស្សប្រចាំកម្ពុជាដើម្បីទាមទារឲ្យដោះលែងតំណាងពួកគេឲ្យមានសេរីភាពវិញ៕