ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​ស្នើ​ដាក់​មន្ទីរ​ស២១​ក្នុង​សំណុំ​រឿង​០០២


ទេសចរ​ម្នាក់​ឈរ​មើល​​រូបថត​​អតីត​មេដឹកនាំ​ខ្មែរក្រហម​​ដែល​ព្យួរ​​នៅលើជញ្ជាំង​ក្នុង​សារៈមន្ទីរ​ជាតិទួលស្លែង។​ (ឆ្វេងទី១)​អៀង សារី អាយុ ៨៤ឆ្នាំ ជា​អតីតរដ្ឋមន្រ្តី​ការបរទេស​ក្នុង​របប​ខ្មែរក្រហម​ (ទី២) ភរិយារបស់ អៀង សារី​ គឺ អៀង ធីរិទ្ធអាយុ ៧៨ឆ្នាំ​អតីតរដ្ឋមន
ទេសចរ​ម្នាក់​ឈរ​មើល​​រូបថត​​អតីត​មេដឹកនាំ​ខ្មែរក្រហម​​ដែល​ព្យួរ​​នៅលើជញ្ជាំង​ក្នុង​សារៈមន្ទីរ​ជាតិទួលស្លែង។​ (ឆ្វេងទី១)​អៀង សារី អាយុ ៨៤ឆ្នាំ ជា​អតីតរដ្ឋមន្រ្តី​ការបរទេស​ក្នុង​របប​ខ្មែរក្រហម​ (ទី២) ភរិយារបស់ អៀង សារី​ គឺ អៀង ធីរិទ្ធអាយុ ៧៨ឆ្នាំ​អតីតរដ្ឋមន
ភ្នំពេញ​៖ សហ​ព្រះរាជ​អាជ្ញា​ទទូច​ឲ្យ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដាក់​បញ្ចូល​មន្ទីរស​២១​ក្នុង​ដំណើរការ​នីតិ​វិធី​កាត់ទោស​ក្នុង​សំណុំរឿង​០០២ ​ដំណាក់កាល​ទី​មួយ​ស្របពេល​ដែល​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​គូស​បញ្ជាក់ពី​កង្វល់​លើ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ដែល​មាន​វ័យ​ចាស់ជរា។​
លោក​អេន​ឌ្រូ ខេ​លី (Andrew Cayley)​សហ​ព្រះរាជ​អា​ជ្ញា​អន្តរជាតិ​បាន​លើក​ក្នុង​សវនាការ​នៃ​អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​មន្ទីរស ២១​ឬ​គុក​ទួលស្លែង​តំណាង​ឲ្យ​ឧក្រិដ្ឋកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​
«មន្ទី​រស ២១ ​ស្ថិតនៅក្នុង​តំបន់​ភូមិសាស្ត្រ​មួយ។​ជា​ការពិត​វា​តំណាងឲ្យ​ការ​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ច្រើន​ជាង​ព្រឹត្តិការណ៍​នៃ​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ក្នុង​បទ​ចោទ​ទៅ​ទៀត​ពីព្រោះ​ថា​ជនរងគ្រោះ​ដែល​ទទួលរង​ការធ្វើ​ទារុណកម្ម​និង​សម្លាប់​ចោល​ក្នុង​មន្ទី​រស ២១ ត្រូវ​ចាប់ខ្លួន​ពី​គ្រប់​ទិសទី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ​ពី​គ្រប់​តំបន់​ទាំងអស់ ​ពី​ទិស​ខាងជើង​ប្រទេស ​ពី​ខាងត្បូង​ប្រទេស ពី​ផ្នែក​បូព៌ា​ប្រទេស​និង​ពី​ភាគ​ខាងលិច​ប្រទេស​»​។​
មាន​អ្នកទោស​យ៉ាងតិច​១២.៣៨០​នាក់​ត្រូវបាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ចោល​ក្នុង​គុក​នេះ​ក្នុងនោះ​ក៏​មាន​ជនជាតិ​បរទេស​មួយ​ចំនួន​ផងដែរ។​

សវនាការ​នៃ​របស់​អង្គជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​នេះ​ផ្តោតលើ​ការពិភាក្សា​នៃ​ការ​បំបែក​ដំណើរការ​នីតិ​វិធី​កាត់ក្តី​ក្នុង​សំណុំរឿង​០០២ ​ដើម្បី​កាត់ក្តី​ផ្តោត​លើ​វគ្គ​តូចៗ​តាម​ការបង្គាប់​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល។​

នៅក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​តុលាការ​ជាន់ខ្ពស់​នេះ​បាន​ហៅ​ការ​បំបែក​ដំណើរការ​នីតិវិធី​ក្នុង​សំណុំរឿង​០០២​ដើម្បី​កាត់ក្តី​ផ្តោត​លើ​វគ្គ​តូចៗ​ថា​មាន​ភាពមិនច្បាស់លាស់​និង​ខ្វះ​មូលហេតុ​សំអាង​គ្រប់គ្រាន់​ហើយ​បាន​ស្នើ​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​ពិចារណា​លើ​ការសម្រេច​របស់​ខ្លួន​ឡើងវិញ​និង​ឲ្យ​អនុ​ញ្ញា​ត​ឲ្យ​គ្រប់​ភាគី​មាន​ឱកាស​ដាក់​សារ​ណា​របស់​ខ្លួន​ឲ្យបាន​គ្រប់​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​គ្រប់ភាគី។​

អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ទាត់​ចោល​សេចក្តី​សម្រេច​បំបែក​នីតិវិធី​នៅ​ក្នុង​ការកាត់ទោស​ទាំង​នេះ​ប៉ុន្តែ​មិន​បាន​បង្គាប់​ឲ្យ​លុបចោល​នូវ​ដំណើរការ​នីតិវិធី​នៃ​សំណុំរឿង​ក្តី​នោះ​ទេ។​

សវនាការ​នៅ​ថ្ងៃនេះ​ធ្វើឡើង​ដោយ​ភាគី​នានា ​ជា​ពិ​សេស​ភាគី​ព្រះរាជ​អា​ជ្ញា​និង​ភាគី​មេធាវី​តំណាងឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​ឆ្លើយ​សំណួរ​ចំនួន​ប្រាំបួន​ដែល​អាន​ដោយ​លោក​ចៅក្រម​និល ណុន ​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង។​

លោកស្រី​ជា លាង ​សហ​ព្រះរាជ​អា​ជ្ញា​ជាតិ​បាន​ស្នើឲ្យ​សាលាដំបូង​ទទួលយក​ទីតាំង​ឧក្រិដ្ឋ​កម្ម​ចំនួន​ប្រាំបួន​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ដំណើរការ​ក្តី​សំណុំរឿង​ទី​២​វគ្គ​ទី​មួយ​នេះ។​
«សុំឲ្យ​អស់លោក លោកស្រី​ទាំងអស់​ធ្វើការ​ពិចារណា​ទៅលើ​ទីតាំង​ប្រតិកម្ម​មួយចំនួន ​ដែល​តំណាង​ឲ្យ​ទីតាំង​ឧក្រិដ្ឋកម្ម​នានា គឺ​មាន​ចំនួន​ប្រាំបួន​កន្លែង​ដើម្បី​បន្ថែម​ទៅ​នឹង​ដំណាក់កាល​ទី​១ ដំណាក់កាល​ទី​២ ​នៃ​ការជម្លៀស​ដោយ​បង្ខំ ​និង​បទ​ចោទ​នានា ​ដែល​បាន​បញ្ចូល​នៅក្នុងការ​លាត​សន្ធឹង​យ៉ាង​ទូលំទូលាយ​នៃ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ»។​

ជាមួយគ្នា​នេះ​លោកពេ​ជ អង្គ ​មេធាវី​នាំមុខ​តំណាងឲ្យ​មេធាវី​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​ថា​សុខភា​ព​របស់​ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២​គឺជា​«​ហានិភ័យ​ខ្ពស់»​សម្រាប់​ការកាត់ទោស។​

«យើង​បានឃើញ​អំពី​ហានិភ័យ​ជាក់ស្តែង​នៅ​ក្នុង​ការកាត់ក្តី​នេះ ​ស្ថានភាព​របស់​ជនជាប់ចោទ​ទាំង​បី​រូប​ជាពិសេស ​ជាពិសេស​ជនជាប់ចោទ​ពីរ​រូប​គឺ​លោក​អៀង សារី ​និង​លោក​នួន ជា បាន​ធ្វើឲ្យ​មាន​ការពន្យាពេល​ជា​បន្តប​ន្ទា​ប់​នៅក្នុង​សវនាការ​នេះ​។ ដូច្នេះ វា​គំរាម​ទៅ​ដល់​ថា តើ​ពេល​ណា​សវនាការ​នេះ​នឹង​អាច​កាត់​ចប់»។​

អង្គជំនុំជម្រះ​សាលាដំបូង​បានចាប់ផ្តើម​បំបែក​នីតិវិធី​សំណុំរឿង​នេះ​ជា​បី​ផ្នែក​គឺ​សំណុំរឿង​០០២/១​ដែល​ទាក់ទង​នឹង​ការជម្លៀស​ដោយ​បង្ខំ សំណុំរឿង​០០២/ ២ ទាក់ទង​នឹង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​សំណុំរឿង​០០២/៣​ទាក់ទង​នឹង​បទ​ចោទ​អំពី​អំពើ​ប្រឆាំង​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម។​

ការ​បំបែក​សំណុំរឿង​នេះ​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​បានបង្ហាញ​ហេតុផល​ថា​ដើម្បី​ឲ្យ​ជនរងគ្រោះ​ឆាប់​ទទួលបាន​យុត្តិធម៌​និង​ដោយ​សារភាព​ចាស់ជរា​នៃ​ជនជាប់ចោទ។​

សហ​ព្រះរាជ​អា​ជ្ញា​និង​មេធាវី​តំណាងឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​បញ្ជាក់ពី​ការគាំទ្រ​របស់​ខ្លួន​លើ​គោលការណ៍​នេះ។​
សវនាការ​លើ​ការ​បំបែក​នីតិ​វិធី​ក្តី​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​អង្គារ​ស្អែក​មួយ​ថ្ងៃ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG