ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​បញ្ជាក់​ថា​សាលាក្តីខ្មែរ​ក្រហម​ត្រូវ​ការ​ថវិកា​៩២​លាន​ដុល្លារ​សម្រាប់​ពេល​ពីរ​ឆ្នាំ


ទិដ្ឋភាពក្នុង​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយអង្គការ​សហប្រជាជាតិ។
ទិដ្ឋភាពក្នុង​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយអង្គការ​សហប្រជាជាតិ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​បានស្នើសុំ​ថវិកា​៩២ លានដុល្លារ​ពី​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​សម្រាប់​ទ្រទ្រង់​ដំណើរការ​កាត់ទោស​រយៈពេល​២ឆ្នាំ​គឺឆ្នាំ​២០១២​ និង​ឆ្នាំ២០១៣ ​ទោះបី​ជា​មន្ត្រី​សាលាក្តី​បាន​អះអាង​ថា​ខ្លួន​ស្នើ​សុំ​តែ​៨៩​លាន​ក្តី។​ នេះបើ​តាម​ឯកសារ​ជា​សំណើ​ថវិកា​ដែល​តុលាការ​ខ្មែរក្រហម​ផ្ញើ​ជូន​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ហើយ​វីអូអេ​ទទួល​បានពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ​និង​ប្រទេស​ម្ចាស់​ជំនួយ។

នៅ​ក្នុង​សំណើ​កញ្ចប់​ថវិកា​ដដែល​នោះ​បាន​រៀបរាប់​លម្អិត​ពី​គម្រោង​ចំណាយ​របស់​ខ្លួន​ហើយ​និយាយ​ឲ្យដឹងថា​កញ្ចប់​ថវិកា​ភាគច្រើន​គឺ​សម្រាប់​ផ្នែក​អន្តរជាតិ ​ឬ​អ.ស.ប​ ហើយ​កញ្ចប់​ថវិកា​ភាគី​កម្ពុជា​ត្រូវការ​តែ​២០លាន​ប៉ុណ្ណោះ​គឺ​មួយ​ឆ្នាំ ​១០​លាន​ដុល្លារ។​ ឯកសារ​ជាង​៨០​ទំព័រ​ជា​ភាសា​អង់គ្លេស​បាន​បញ្ជាក់​ថា៖

«តាម​តម្រូវការ​រំពឹងទុក​របស់​តុលាការ​សម្រាប់​រយៈពេល​ពីរឆ្នាំ​ សាលាក្តី​ខ្មែរ​ក្រហម​ ស្នើសុំ​ឲ្យ​មាន​ការ​យល់ព្រម​លើ​សំណើ​ថវិកា​សរុប​ចំនួន​៩២​លាន​ដុល្លា។​ ក្នុង​ចំនួន​នោះ​គឺ​៤៧,៥លាន​សម្រាប់​ចំណាយ​ឆ្នាំ២០១២​ និង ៤៤,៥លាន​ដុល្លារ​សម្រាប់​ចំណាយ​ឆ្នាំ២០១៣​ រួមទាំង​ចំណាយ​លើ​បញ្ហា​ចៃដន្យ​ផង​ដែរ»។

លោក ​ម៉ាទីន ណេសឺគី (Martin Nersirky)​ អ្នកនាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប​ បាន គីមូន (Ban Ki-moon) ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ប្រទេស​អ្នកផ្តល់​ជំនួយ​កំពុង​ពិចារណា​លើ​សំណើ​ថវិកា​ដែល​បាន​ទទួល​ពី​សាលាក្តី​ខ្មែរ​ក្រហម​ហើយ។

លោក Nersirky ​ពុំបាន​បញ្ជាក់​លម្អិត​អំពី​ចំនួន​ថវិកា​និង​កម្មវិធី​លម្អិត​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ដើម្បី​ពិចារណា​ចុងក្រោយ​លើ​ថវិកា​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរក្រហម​ពី​បទឧក្រិដ្ឋកម្ម​អន្តរជាតិ​នានា​ទាក់ទង​នឹង​ការស្លាប់​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ជាង១លាន​៧សែននាក់​ក្នុង​ទសវត្សរ៍​១៩៧០ ​នោះ។

អ្នកការទូត​ម្នាក់​ក្នុង​ទីក្រុង​ញូវយ៉ក​ដែលត្រូវ​ចូលរួម​ប្រជុំ​សម្រេច​អំពី​ថវិកា​នោះ​បាន​អះអាង​ថា​សំណើ​ថវិកា​សាលាក្តី​នឹង​ត្រូវ​សម្រេច​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ជាមិត្ត​នឹង​សាលាក្តី​ប្រមាណ​១៥​ប្រទេស​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ដែល​លោក​អគ្គលេខា​ធិការ​អ.ស.ប​ Ban Ki-moon​ ចូលរួម​ជា​អធិបតី។

សាលាក្តី​ខ្មែរក្រហម​កំពុង​ខ្វះខាត​ថវិកា​បើកឲ្យ​បុគ្គលិក​ជាពិសេស​បុគ្គលិក​ភាគី​កម្ពុជា​ ដែល​មិន​បាន​ទទួល​ប្រាក់​ខែ​តាំងពី​ខែ​តុលា​ម៉្លេះ។

លោក ​ហ៊ុយ វណ្ណៈ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​ គណៈប្រតិភូ​សាលាក្តី​ខ្មែរក្រហម​ដែលដឹកនាំ​ដោយលោក​ ក្រាញ់ តូនី ​(Tony Kranh) ​ ប្រធាន​ស្តីទី​នៃ​រដ្ឋបាល​សាលាក្តី​និង​អនុប្រធាន​របស់​លោក​គឺ​លោក​ Knut Rosandhaug

បានចាកចេញ​ពី​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​អាទិត្យ។​ គណប្រតិភូ​នេះ​គ្រោង​នឹង​ជួប​ ប្រជុំ​ជាមួយ​ក្រុមប្រទេស​ផ្តល់​ជំនួយ​នៅថ្ងៃទី​២៤​ខែ​កុម្ភៈ​បន្ទាប់​ពី​កិច្ចប្រជុំជា​បឋម​មួយ​ជាមួយ​ក្រុម​ប្រទេស​អចិន្ត្រៃយ៍​នៅថ្ងៃទី​២២ ​ខែ​កុម្ភៈ​ ដើម្បី​ពិភាក្សា​ពី​សំណើ​ថវិកា​ដែល​លោក​អះអាង​តែ​ចំនួន​៨៩​លាន​គឺ​តិច​ជាង​៣​លាន​ដែល​ឯកសារ​បាន​បញ្ជាក់។

«ដំណើរការ​តុលាការ​នេះ​វាអាស្រ័យ​ទៅ​លើ​ចំណុច​ពីរ​សំខាន់។​ ទី១ ​ប្រព័ន្ធ​ដែល ​មាន​ស្រាប់​នៅ​កម្ពុជា។​ ហើយ​ចំណុច​ទី​២​គឺ​ថវិកា​ដែល​ផ្តល់​ដោយ​ប្រទេស​អ្នកផ្តល់​ជំនួយ។​ ដូច្នេះ​បើខ្វះ​ចំណុច​ណា​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​នេះ​ជា​ពិសេស​បើ ​ប្រទេស​ផ្តល់​ជំនួយ​នៅ​បន្ត​ទៀត​ទើប​តុលាការ​នេះ​អាច​បញ្ចប់​បេសកកម្ម​និង ​ដំណើរការ​និង​ការងារ​របស់​ខ្លួន​បាន»។

ដោយ​ឡែក​បុគ្គលិក​អ.ស.ប​ដែល​គេរាយការណ៍​មក​ថា​ត្រូវ​ចប់​កិច្ចសន្យា​នៅ​ខែ​មេសា ​និង​ខែ​ឧសភា​នោះ​អាច​នឹង​ប៉ះទង្គិច​ផង​ដែរ​ពេល​គ្មាន​ការ​បន្ត​សន្យា​ថវិកា​ពីម្ចាស់​ជំនួយ។

ក្រុមអ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​បាន​ទទូច​ដល់​ក្រុម​ប្រទេស ​អ្នក​ផ្តល់​ជំនួយ​ដើម្បី​ជួយ​ដល់​តុលាការ​នេះ​ចប់​ដោយ​គ្មាន​បរាជ័យ។ តែក្រុម​អ្នកឃ្លាំមើល​ដដែល​បាន​ជំរុញ​ដល់​សាលាក្តី​ក៏ត្រូវពង្រឹង​ខ្លួន​ពី​ការរិះគន់​រឿង​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ អំពើ​ពុករលួយ​ បង្ហាញ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​អ.ស.ប​ ឯករាជ្យភាព​របស់​មន្ត្រី​តុលាការ​និង​ដោះស្រាយ​បញ្ហា​តែងតាំង​ចៅក្រម​បរទេស​ដើម្បី​បំពេញ​កិច្ចការ​ផងដែរ។

លោកស្រី​ Clair Duffy ​មន្ត្រី​ឃ្លាំមើល​សាលាក្តី​នៃ​អង្គការ​ច្បាប់​របស់​ស.រ.អា​មួយ ​ឈ្មោះ​ Open Society ​Justice Initiative​ ឬហៅកាត់ថា​ OSJI ​បាន​អះអាង​ថា ​កង្វះ​ថវិកា​ធ្វើឲ្យ​ខូចខាត​ដល់​មុខមាត់​តុលាការ​ទាំងមូល​ ហើយ​នឹង​បង្កើត​ឲ្យមាន ​សំណួរ​ច្រើន​សួរ​ថា​តើ​តុលាការ​ អាច​ដំណើរការ​ទៅមុខ​យ៉ាង​ម៉េច​បាន​បើ​គ្មាន​លុយនោះ?

«យោបល់​របស់​យើង​ជា​ទូទៅ​គឺថា​ក្រុមប្រទេស​អ្នកផ្តល់​ជំនួយ​ជារួម​ចាំបាច់​ផ្តល់​ថវិកា​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​តុលាការ»។

លោកស្រី​ Duffy ​បានពន្យល់​បន្ថែម​មាន​បញ្ហា​មួយ​ចំនួន​ដែល​តុលាការ​ត្រូវ​ធានា ​ចំពោះ​ម្ចាស់​ជំនួយ​គឺ​ការជម្រះ​បញ្ហា​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​និង​រឿងរ៉ាវ ​នានា​ក្នុង​តុលាការ​ដើម្បី​កុំឲ្យ​ប៉ះទង្គិច​ដល់​អារម្មណ៍​ម្ចាស់​ជំនួយ។

«ពិតប្រាកដ​ណាស់​ ខ្ញុំ​គិត​ថា​វិបត្តិ​នៃ​កេរ្តិ៍​ឈ្មោះ​តុលាការ​បច្ចុប្បន្ន​ធ្វើឲ្យ​ប៉ះទង្គិច ​ដល់​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ក្នុង​ការ​សម្រច​ថា​ពួកគេ​ ត្រូវ​បន្ត​ផ្តល់​ការ​សន្យា ​ថវិកា​ដល់​តុលាការ​ឬ​មិន​ផ្តល់។​ នេះ​ហើយ​ជាអ្វីដែល​តុលាការ​ចាំបាច់​ត្រូវការ ​គោរព​តាម​បទដ្ឋាន​ខ្ពស់​បំផុត​នៃ​ច្បាប់​អន្តរជាតិ​និង​សិទ្ធិមនុស្ស។​ ដូច្នេះ​ក្រុម ​ប្រទេស​ អ្នកផ្តល់​ជំនួយ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ ហើយ​ផ្តល់​ថវិកា​ដល់​តុលាការ​ទៀត»។

លោកស្រី​ក៏​បាន​ស្តីបន្ទោស​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ថា​ពុំបាន​ជំរុញ​ល្មម​ គ្រប់គ្រាន់​ចំពោះ​ដំណើរការ​ទៅមុខ​នៃ​សំណុំរឿង​ ០០៣ និង​០០៤​ និង​ការផ្តល់​ថវិកា​ យឺតយ៉ាវ​ដែល​អាច​កាត់​បន្ថយ​ល្បឿន​នៃ​តុលាការ។

លោកបណ្ឌិត​ចន សូសៀរី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែកគោល​នយោបាយ​សាធារណៈ ​នៃ​សាកលវិទ្យាល័យ ​Gerald Ford School ​of Public Policy ​នៃ​រដ្ឋ ​Michigan​ បាន​ហៅ​វិបត្តិ​ថវិកា​ជា​ល្បែង​លេង​ចាប់​កូន​មាន់​និង​ការមិន​ពេញចិត្ត ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ចំពោះ​ការ​មិន​ធ្វើ​ឲ្យ​រីកចម្រើន​ក្នុង​សាលាក្តី​ ដូចជា​រឿង​វិវាទ​ រវាង​ចៅក្រម​ចំពោះ​សំណុំរឿង​០០៣ និង០០៤​ ការមិន​តែងតាំង​ចៅក្រម​ដើម្បី ​បំពេញ​កិច្ចការ​សំណុំរឿង​ទាំងនេះ។

«ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​អាចទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ចៅក្រម​ជនជាតិ​ស្វីស​មុន​ពេល​ផ្តល់ថវិកា​បន្ថែម។​ សំណុំរឿង​ទី២​ផ្តល់​ហេតុផល​ ដ៏​រឹងមាំ​នៅ​ឡើយ​សម្រាប់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ធានា​ឲ្យ​តុលាការ​នេះ ​ដំណើរការ​បាន។​ តែវា​ជា​ការ​ភ្ញាក់ផ្អើល​ប្រសិនបើ​ប្រទេស​ផ្តល់​ជំនួយ​ច្រាន​ចោល ​សំណើ​របស់​កម្ពុជា​ទាំងស្រុង​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ»។

លោក ឡាត់ គី​ អ្នកឃ្លាំ​មើល​សាលាក្តី​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បានអះអាង​ថា​ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ចាំបាច់​ត្រូវ​ផ្តល់​ថវិកា​ដល់​សាលាក្តី​ដើម្បី​ដំណើរការ​បានជោគជ័យ។

«វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​ដែល​ការ​បញ្ចប់​សាលាក្តី​ដោយ​ភាព​ជោគជ័យ​គឺ​អាច​នឹង​បន្សល់​នូវ​កេរដំណែល​ជាវិជ្ជមាន ​ដើម្បី​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅក្នុង​ការ​ជួយស្រោចស្រង់​ក៏ ​ដូចជា​ការ​ផ្តល់​យុត្តិធម៌​ជូន​ទៅ​ដល់​ជនរងគ្រោះ​កម្ពុជា​នា​សម័យ​បច្ចុប្បន្ន ​ផង​ដែរ»។

លោកបាន​អះអាង​ថា​បញ្ហា​សំខាន់​ផង​ដែរ​ដែល​តុលាការ​ត្រូវ​ខិត​ខំ​ធ្វើ​ឲ្យ​មាន ​ឯករាជ្យភាព​ដែល​ជាក្តី​បារម្ភ​របស់​ប្រទេស​ម្ចាស់​ជំនួយ​ផង​ដែរ។

អ្នកការទូត​ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​ប្រទេស​លោក​ជាអ្នកផ្តល់​ជំនួយ​សំខាន់ ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​បានអះអាង​ថា​សំណុំរឿង​បន្ថែម​០០៣​និង​០០៤ ​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ពេល​មាន​សំណើ​អំពី​ថវិកា។

«រឿងនេះ​ជាក្តី​បារម្ភ​មួយ​ក្នុង​ចំណោម​ក្តី​បារម្ភ​ជាច្រើន។​ តែ​យើង​មិនអាច​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​បាន​ទេ»។

អ្នកការទូត​រូប​នោះ​បានអះអាង​ដែរ​ថា​បញ្ហា​តែងតាំង​សហចៅក្រម​ស្វីស​ Laurent Kasper-Ansermet ​និង​បញ្ហា​ផ្សេងៗ​ទៀត​ពិតជា​ស្ថិត​ក្នុងក្តី​បារម្ភ​មែន​ក្នុង​ចំណោម​ប្រទេស​អ្នកផ្តល់​ជំនួយ​ ក្រៅពី​បញ្ជាក់​អះអាង​ថា​សំណើ​ថវិកា​ស្ថិតនៅ​ក្នុងភាព​មិនច្បាស់​លាស់​នៅ​ឡើយ​ទេ។

កញ្ចប់​ថវិកា​ថ្មី​ត្រូវគេ​ដឹង​ថា​គឺ​ដើម្បី​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​សំណុំរឿង​០០២​និង​សំណុំ​រឿង​បន្ថែម​០០៣/០០៤​ ដ៏ចម្រូង​ចម្រាស់​ហើយ​នឹង​ចំណាយ​ផ្នែក​រដ្ឋបាល​ផ្សេងៗ​ផង​ដែរ។

សាលាក្តី​ខ្មែរក្រហម​ដែលរង​ការ​ចោទ​ប្រកាន់​ពី​បទពុករលួយ​និង​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​នោះ​ បាន​ចំណាយ​ថវិកា​ជិត​១៥០​លាន​ដុល្លារ​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១១៕

XS
SM
MD
LG