ជនជាតិខ្មែរនៅរដ្ឋ California នឹងបានការជួយសម្រួលក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។
ដោយសារមានខ្មែរច្រើន ដូច្នេះសម្ភារៈបោះឆ្នោតមានសរសេរជាភាសាខ្មែរ។ នៅ Long Beach សិស្សខំរៀនការចូលសញ្ជាតិ។ វីអូអេខ្មែររាយការណ៍ពីក្រុង Long Beach រដ្ឋ California។
នៅសហគមន៍ខ្មែរក្រុង Long Beachនេះ ជនអន្តោប្រវេសន៍ខ្មែររៀនពីប្រជាធិបតេយ្យនៅអាមេរិក។
កម្មវិធីនេះជួយឲ្យគេមានសញ្ញាតផង បានបោះឆ្នោតប្រធានាធិបតីផង។
អ្នកស្រីសារា ផល្លីន នាយិកាប្រតិបត្តិសហគមខ្មែរក្រុង Long Beachនិយាយថា៖
«គេមិនគ្រាន់តែបានរៀនចូលសញ្ជាតិទេ គឺគេអាចចូលរួមសកម្មភាពពលរដ្ឋ រៀននិងយល់ដឹងពីដំណើរការបោះឆ្នោត និងសកម្មភាពនានាក្នុងនាមជាពលរដ្ឋ»។
នៅឆ្នាំនេះ ខ្មែរនៅទីនេះនឹងបានការជួយសម្រួល។ សហគមន៍ខ្មែរនៅទីក្រុងឆ្នេរខាងលិចនេះមានខ្មែរច្រើន ដែលនាំឲ្យគេសរសេរភាសាខ្មែរលើឯកសារបោះឆ្នោត។
ដូច្នេះអ្នកស្រីឡន វួចកំពុងខំរៀនណាស់។
«ខ្ញុំមកនៅទីនេះ អត់ចេះភាសាអង់គ្លេស គឺថា ពិបាកបន្តិច។ រាល់ថ្ងៃទៅរៀន ESL ចេះបន្តិចៗ។ ខ្ញុំចង់ចូលទៅបោះឆ្នោតនឹងគេដែរ ដើម្បីឲ្យដឹងថា គេបោះឆ្នោតហ្នឹងវាយ៉ាងម៉េច? ខ្ញុំមានអារម្មណ៍ដូចថា ភ័យផង សប្បាយផង ចង់ទៅបោះឆ្នោត តែខ្វះមិនទាន់បានចូលសញ្ជាតិ នៅកន្លះឆ្នាំទៀត។ រាល់ថ្ងៃខំរៀនឲ្យចេះទៅ ដើម្បីដាក់ឈ្មោះចូលសញ្ជាតិនឹងគេ»។
អ្នកស្រីវួចគិតថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជារៀបវារៈចម្បង ព្រោះសាច់ញាតិខ្លះបាត់បង់ការងារធ្វើ។
«កូនស្រីខ្ញុំកាលមុនធ្វើការនៅធនាគារ បានបីបួនឆ្នាំដែរ តែត្រូវអត់ការងារធ្វើគឺ អត់ការធ្វើឆ្នាំទៅម៉ិច ហើយកូនប្រសាក៏អត់ការធ្វើដែរ។ អត់ការធ្វើបីបួនប្រាំឆ្នាំហើយ។ ដល់អញ្ចឹងទៅ ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាទៅលេងស្រុកខ្មែរ។ ហើយមកវិញនឹងទៅរកការធ្វើ តែមិនដឹងរកបានឬអត់។ ពិបាកចិត្តពេកបានជាទៅលេងស្រុកខ្មែរ»។
ជួនកាលការរៀនសូត្រមានលក្ខណៈតានតឹង។
Michel Skidmore អ្នកជាស្ម័គ្រចិត្តនៅសហគមន៍ខ្មែរក្រុង Long Beach។
«ខ្ញុំគិតថា សំណួរខ្លះពិបាក និងស្មុគស្មាញបំផុត ឧទាហរណ៍ សំណួរថា តើរដ្ឋាភិបាលអាមេរិកបង្ហាញលទ្ធិប្រជាធិបតេយ្យពីររបៀបដូម្តេច? បើអ្នកសួរពលរដ្ឋអាមេរិកាំងតាមផ្លូវ មានមិនច្រើនទេដែល អាចឆ្លើយបាននោះ។ ផ្នែកល្អបំផុតគឺពួកគេចង់មករៀន។ ពេលគេធ្វើអ្វីខុសគឺអត់បញ្ហា គេសើច។ គេមកទីនេះ សប្បាយណាស់ អញ្ចឹងហើយបានថា នេះជារឿងល្អបំផុត»៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ