វ៉ាស៊ីនតោន៖ ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមរំពឹងថាដំណើរមកដល់របស់សហចៅក្រម ស៊ើបអង្កេតអសបគឺលោក ម៉ាក ហាមិន នឹងធ្វើឲ្យមានការរីកចម្រើនទៅមុខ ចំពោះសំណុំរឿងបន្ថែមពីរនៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលត្រូវរដ្ឋាភិបាលរារាំងនោះ។
សំណុំរឿង០០៣និង០០៤ដែលមានអតីតកម្មាភិបាលខ្មែរក្រហម៥នាក់បានជាប់ គាំងដំណើរដោយសារចៅក្រមស៊ើបអង្កេតបរទេសបានលាឈប់ដោយសារអ្វី មួយដែលពួកគេចាត់ទុកថាមានការរំខានផ្នែកនយោបាយ។
លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជាបានបង្ហាញក្តីសង្ឃឹមថាលោក ម៉ាក ហាមិន នឹងធ្វើឲ្យមានការរីកចម្រើនទៅមុខចំពោះ សំណុំរឿង០០៣និង០០៤ក្រោយពីការមកដល់នៅថ្ងៃពុធស្អែកនេះ។
«យើងអាចនិយាយថានេះជាឱកាសថ្មីមួយសម្រាប់ការិយាល័យសហចៅក្រម ស៊ើបអង្កេត ហើយយើងឃើញថាការតែងតាំងរបស់លោក ម៉ាក ហាមិនជា មុខងារ សហចៅក្រមស៊ើបអង្កេតនោះហាក់ដូចជាអត់មានបញ្ហាប្រទុស្តរាយ ទេ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាកិច្ចសហប្រតិបត្តិការនឹងដំណើរការ ទៅមុខដោយរលូនក្នុងការបំពេញកិច្ចការ។
លោក បញ្ញាវុធបានបន្ថែមសេចក្តីថា៖
«នេះជាសញ្ញាដ៏វិជ្ជមានដែលយើងអាចនិយាយថាអវត្តមានរបស់សហចៅក្រម ស៊ើបអង្កេតអន្តរជាតិរយៈពេលសឹងតែ៦ខែមកហើយនេះត្រូវបានបំពេញ។ ហើយយើងគិតថាការមកដល់របស់គាត់ធ្វើឲ្យគាត់មានលទ្ធភាពគ្រប់គ្រាន់នៅ ក្នុងការជ្រើសរើសបុគ្គលិកគ្រប់គ្រាន់សម្រាប់ការិយាល័យសហចៅក្រមស៊ើប អង្កេត»។
ក្រោយពីធ្លាប់បម្រើការជារដ្ឋអាជ្ញាអាមេរិកាំងជាច្រើនឆ្នាំ លោក ម៉ាក ហាមិន ដែលធ្លាប់បម្រើការជាមេធាវីជាន់ខ្ពស់១៧ឆ្នាំនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) មុនពេលត្រូវតែងតាំងជាសហ ចៅក្រមស៊ើបអង្កេតនៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.បកាលពីថ្ងៃទី២០ខែមិថុនាភ្លាមៗបន្ទាប់ពីកម្ពុជានិងអ.ស.បមានការខ្វែងគំនិតគ្នា អំពីរឿងតែងតាំងសហចៅក្រមដើម្បីស៊ើបអង្កេតសំណុំរឿង០០៣និង០០៤នេះ។
លោក ឆាំង យុនាយកមជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជាបានរំពឹងដែរថា បេសកម្មរបស់លោក ម៉ាក ហាមិននឹងទទួលបានលទ្ធផលជោគជ័យនៅចុង បញ្ចប់។
«ខ្ញុំគិតថាគាត់មានបេសកកម្មដ៏លំបាកមួយដែលត្រូវការជំនាញ បុគ្គលិកត្រូវការគាំទ្រហើយខ្ញុំគិតថាបើសិនជាគាត់មានទាំងអស់នេះ ខ្ញុំគិតថាគាត់បំពេញនូវបេសកកម្មនេះប្រកបដោយជោគជ័យ ហើយវាជាបេសកកម្ម ដ៏សំខាន់មួយក្នុងការលើកកម្ពស់តម្លៃរបស់តុលាការ»។
នៅពេលសួរអំពីកិច្ចសហប្រតិបត្តិការរវាងលោកសហចៅក្រម ម៉ាក ហាមិន លោក យូ ប៊ុនឡេងសហចៅក្រមស៊ើបអង្កេតកម្ពុជាបានអះអាងប្រាប់វីអូអេ ថាកិច្ចការទាំងឡាយនឹងត្រូវពិភាក្សាគ្នាពេលលោក ម៉ាក ហាមិន មកដល់៖
«ឥឡូវខ្ញុំអត់ទាន់និយាយទេ ខ្ញុំរង់ចាំគាត់មកយើងនឹងពិភាក្សាគ្នាអំពីវិធីធ្វើកាងារ ជាមួយគ្នា»។
ចំណែកលោក ឡាស អូលសិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ពីការ ចាប់ផ្តើមធ្វើកិច្ចការរបស់លោក ម៉ាក ហាមិននៅសប្តាហ៍នេះ តែបដិសេធផ្តល់ អត្ថាធិប្បាយលម្អិត ។
«លោកចៅក្រម ម៉ាក ហាមិន(Mark Harmon) រំពឹងថាមកដល់។ ហើយចាប់ផ្តើម កិច្ចការរបស់លោក ក្នុងរាជធានីភ្នំពេញនៅប៉ុន្មានថ្ងៃទៀតក្នុងសប្តាហ៍នេះ»។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២ដែលមាន អតីតមេដឹកនាំខ្មែរក្រហម៣នាក់ពីបទសង្ស័យថាមានជាប់ទាក់ទិននឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
សាលាក្តីនេះរងការិះគន់ពីបញ្ហាពុករលួយពីដំបូងបញ្ហាជ្រៀតជ្រែកផ្នែកនយោ បាយ បញ្ហាឯករាជ្យភាពនិងកិច្ចសហប្រតិបត្តិការដែលធ្វើឲ្យម្ចាស់ជំនួយខ្លះ ខកចិត្តក្នុងការបន្តថវិកាជាពិសេសភាពយឺតយ៉ាវនិងដំណើរមិនទៅមុខនៃ សំណុំរឿងបន្ថែម០០៣និង០០៤៕