ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ស្ពឺនៅថ្ងៃច័ន្ទនេះបានអះអាងថា លោកគ្រោងនឹងកោះហៅជនសង្ស័យម្នាក់ទៀតមកសាកសួរពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការសម្លាប់ជនជាតិបារាំងម្នាក់ ព្រមទាំងកូនជនរងគ្រោះចំនួន៤នាក់ផ្សេងទៀតកាលពីឆ្នាំ២០១០។
គម្រោងកោះហៅជនសង្ស័យម្នាក់ចុងក្រោយពាក់ព័ន្ធនឹងករណីឃាដកម្មនេះបានកើតមានឡើងបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរួមគ្នារវាងចៅក្រមកម្ពុជានិងចៅក្រមមកពីប្រទេសបារាំងបានធ្វើការសន្និដ្ឋានថា ក្រុមគ្រួសារជនជាតិបារាំងដែលស្លាប់នៅក្នុងខេត្តកំពង់ស្ពឺជាករណីឃាដកម្ម មិនមែនជាការធ្វើអត្តឃាតទេ។
លោកឆឹម ឫទ្ធី ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកំពង់ស្ពឺដែលបានចូលរួមស៊ើបអង្កេតជាមួយចៅក្រមមកពីប្រទេសបារាំង បាននិយាយថា ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះលោកនឹងចេញដិការកោះហៅជនសង្ស័យម្នាក់ទៀតដែលជាជនសង្ស័យចុងក្រោយមកធ្វើការសាកសួរលើករណីឃាដកម្មទៅលើជនជាតិបារាំងនិងក្រុមគ្រួសារ។ ក៏ប៉ុន្តែលោកចៅក្រមមិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យថា ជាអ្នកណាទេ ដោយសារតែលោកចាត់ទុកថា នេះជាសមត្ថកិច្ចស៊ើបអង្កេតរបស់តុលាការ។
«តាមតុលាការគឺយើងអត់បញ្ចប់ទេគឺយើងនៅបន្តស៊ើបអង្កេតតទៅទៀតដើម្បីស្វែងរកឧក្រិដ្ឋជនពិតប្រាកដនិងរកយុត្តិធម៌ឲ្យជនរងគ្រោះឡូរង់ វីរីយ៉េ និងកូនៗទាំងបួននាក់»។
ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយដោយបានចាត់ទុកថា ករណីស្លាប់ជនជាតិបារាំងនិងកូនៗទាំងបួននាក់គឺជាករណីឃាដកម្ម មិនមែនជាអត្តឃាដទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរមកពីប្រទេសបារាំងទទួលបន្ទុកស្រាវជ្រាវករណីនេះ បាននិយាយថា ដោយផ្អែកលើការផ្លាស់ប្តូរវត្ថុតាង និងនីតិវិធី ការស្រាជ្រាវដ៏ស្រួចស្រាល់របស់នគរបាលបច្ចេកទេស និងការសាកសួរជាច្រើនធ្វើឲ្យការស្រាវជ្រាវមានការវិវត្តិន៍ខ្លាំង ដែលលទ្ធផលបង្ហាញថា ករណីនេះមិនមែនជាការធ្វើអត្តឃាតទេ»។
ក្រុមបច្ចេកទេសបារាំងមកពីក្រុងប៉ារីស ដែលមានកងរាជអាវុធហត្ថ នគរបាល ចៅក្រម បានមកដល់កម្ពុជាកាលពីដើមខែមិនា និងបានចុះមកត្រួតពិនិត្យផ្ទាល់ក្នុងលំនៅដ្ឋានរបស់លោក Laurant Vallier ព្រមទាំងធ្វើការស្រាវជ្រាវ រយៈពេល២សប្តាហ៍។
លោកឆឹម ឫទ្ឋី ចៅក្រមស៊ើបអង្កេតខេត្តកំពង់ស្ពឺ បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទថា ការស្រាវជ្រាវបានរកឃើញមានករណីសង្ស័យជាច្រើនដែលរួមគ្មានរលាដ៍ក្បាលរបស់ជនរងគ្រោះមិនអាចអណ្តែតចូលក្នុងវ៉ាលីក្នុងខណៈពេលដែលក្នុងទឹកស្រះគ្មានចរន្តទឹកនោះទេ។
លោកបាននិយាយថា ជនរងគ្រោះអង្គុយកៅអីខាងមុខផ្នែកខាងស្តាំនៃរថយន្តដែលមានចង្កូតឆ្វេងក្នុង ខណៈពេលដែលគ្រោងឆ្អឹងត្រូវបានរកឃើញនៅកៅអីមុខផ្នែកខាងធ្វេង ហើយស្បែកជើងតូចជាងជនរងគ្រោះ។
លោកបានបញ្ជាក់ថា ម្យ៉ាងវិញទៀតទ្វារថយន្តបើកចំហរមិនបានបិទជិតទេចំណែកឯរថយន្តមិនបានបញ្ឆេះទេ។ ជនរងគ្រោះទំនងជាមានឃាដករពី៣ទៅ៥នាក់ ដែលមានជំនាញកម្រិតខ្ពស់សម្លាប់ជនរងគ្រោះជាមុនរួចយកសាកសពដាក់ក្នុងរថយន្តរួចហើយទើបរុញរថយន្តទម្លាក់ក្នុងស្រះទឹក។
លោកទិត្យ ឈួន ឪពុកក្មេកជនរងគ្រោះ បានស្វាគមន៍ចំពោះលទ្ធផលនៃការស៊ើបអង្កេតនេះ។ លោកបានមានជំនឿថា ជនជាតិបារាំងនិងចៅៗរបស់លោកទាំងបួននាក់ត្រូវបានគេសម្លាប់ដោយសារគំនុំ។
«ខ្ញុំក៏សន្និដ្ឋានតាំងពីដំបូងមកថា កូនខ្ញុំប្រាកដជាមានគេសម្លាប់ឬក៏ជាឃាដករសម្លាប់ហើយ បានមកដល់ពេលនេះខ្ញុំក៏សុខចិត្តទទួលយកតាំងពីយូរមកគឺខ្ញុំប្រកាន់ជំហរថា ខ្ញុំមិនអាចទទួលយកថា កូនខ្ញុំធ្វើឃាដដោយខ្លួនឯងទេ»។
កាលពីដើមខែមករាឆ្នាំ២០១២សាកសពរបស់លោក Laurant Vallier និងកូនតូចបួននាក់ត្រូវបានទាញចេញពីក្នុងរថយន្តដែលលិចក្នុងស្រះនៅខាងក្រោយផ្ទះរបស់លោកគឺរយៈពេលបួនខែ បន្ទាប់ពីលោកត្រូវបានអះអាងថាបានបាត់ខ្លួន។
ការស៊ើបអង្កេតបឋមរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជាបង្ហាញថា លោក Vallier បានស្លាប់ដោយសារការធ្វើអត្តឃាត ប៉ុន្តែប្រទេសបារាំងសុំឲ្យមានការស៊ើបអង្កេតបន្ថែម។
ភរិយារបស់លោក Vallier បានស្លាប់នៅក្នុងខែតុលា ឆ្នាំ២០១០ ក្នុងខណៈពេលដែលសម្រាលកូនចុងក្រោយ៕