ភ្នំពេញ៖ តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃពុធនេះបានចេញដីកាកោះហៅឪពុកនិងម្តាយក្មេកជនជាតិបារាំងដែលបានស្លាប់យ៉ាងអាថ៍កំបាំងកាលពីក្នុងអំឡុងឆ្នាំ២០១២មកសាកសួរពីបទអំពើឃាតកម្មដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការដណ្តើមយកទ្រព្យសម្បត្តិក៏ប៉ុន្តែតុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយទេដោយសារតែពុំទាន់មានឯកសារគ្រប់គ្រាន់ពីក្រសួងមហាផ្ទៃ។
លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួររបស់សាលាតំបូងខេត្តកំពង់ស្ពឺបាននិយាយថាលោកបានកោះហៅលោក ទិត ឈួនត្រូវជាឪពុកក្មេកនិងអ្នកស្រី ស សាវីត្រូវជាម្តាយក្មេកមកសាកសួរក៏ប៉ុន្តែត្រូវបានពន្យាពេលដោយសារតែកង្វះខាតឯកសារពីក្រសួងមហាផ្ទៃ។
លោកបាននិយាយថាស្ថានទូតបារាំងបានជំរុញឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិដើម្បីរកយុត្តិធម៌ដល់ជនជាតិបារាំងដែលបានស្លាប់នៅក្នុងខេត្តកំពង់ស្ពឺ។
«ពីព្រោះក្នុងករណីហ្នឹងបទល្មើសហ្នឹងវាធ្ងន់ធ្ងរ។ឃាតកម្មឬអត្តឃាតយើងស្ថិតនៅក្រោមការស៊ើបអង្កេតហើយយើងត្រូវធ្វើការស៊ើបអង្កេតជាមួយអនុប្រធានសាលាតំបូងក្រុងបារីសហើយយើងស៊ើបអង្កេតជាលក្ខណៈអន្តរជាតិរឿងហ្នឹង»។
លោកឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) អាយុ៤២ឆ្នាំជនជាតិបារាំងដែលមានភរិយាជាជនជាតិខ្មែរឈ្មោះ លួន ស៊ីណាត្រូវបានរកឃើញថាបានស្លាប់នៅក្នុងរថយន្តរបស់លោកជាមួយកូនតូចៗចំនួនបួននាក់នៅក្នុងទឹកស្រះក្នុងបរិវេណផ្ទះរបស់លោកដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានរកឃើញគ្រោងឆ្អឹងសាកសពជនជាតិបារាំងនៅក្នុងរថយន្តកាលពីអំឡុងខែសីហាឆ្នាំ២០១២តែពុំទាន់បានកំណត់មូលហេតុនៃការស្លាប់ថាជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឬក៏អត្តឃាតដោយខ្លួនឯងនោះទេ។
ឃាតកម្មយ៉ាងអាថ៍កំបាំងរយៈពេលជាងបួនខែនេះបានបង្កឱ្យតុលាការកោះហៅឪពុកនិងម្តាយក្មេកលោក Laurent Vallier និងត្រូវជាឪពុកម្តាយបង្កើតអ្នកស្រីលួន ស៊ីណាដែលបានស្លាប់កាលពីខែតុលាឆ្នាំ២០១១បន្ទាប់ពីបានសម្រាលកូន។
ដើមហេតុដែលនាំឱ្យមានការកោះហៅឪពុកនិងម្តាយក្មេកជនជាតិបារាំងមកសាកសួរដោយសារតែអ្នកទាំងពីរបានធ្វើប្លង់កាន់កាប់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងនិងដីស្រែក្រោយពីរជនជាតិបារាំងបានស្លាប់។
លោក ទិត ឈួនអាយុ៦៩ឆ្នាំឪពុកក្មេកលោកLaurent បាននិយាយថាមូលហេតុដែលលោកធ្វើប្លង់កម្មសិទ្ធិដីធ្លីនេះដោយសារតែកូនលោកនិងកូនប្រសារបានស្លាប់បាត់បង់ជីវិតអស់ទៅហើយនិងម្យ៉ាងទៀតជាផែនការទូទៅរបស់ក្រសួងដែនដី។
លោកបាននិយាយថាលោកមិនជាប់ពាក់ព័ន្ធនឹងការធ្វើឃាតជនជាតិបារាំងដើម្បីក្នុងគោលបំណងដណ្តើមយកទ្រព្យសម្បត្តិទេពីព្រោះលោកស្រឡាញ់កូននិងចៅៗរបស់លោកជាខ្លាំង។
«ការចោទប្រកាន់នេះបើតាមគំនិតរបស់ខ្ញុំបេះដូងរបស់ខ្ញុំថាមិនត្រឹមត្រូវ។ ខ្ញុំមិនអាចទទួលយកយកបានទេពីព្រោះទង្វើនេះគឺខ្ញុំមានតែទង្វើមេត្តាករុណាស្រឡាញ់កូនស្រឡាញ់ចៅ ចិញ្ចឹមកូនចិញ្ចឹមចៅទេប៉ុណ្ណេះសូម្បីតែលុយកាក់និងមាសប្រាក់ប៉ុណ្ណឹង ឱ្យដី១០ប៉ុណ្ណឹងក៏ខ្ញុំមិនស្រឡាញ់ស្មើនឹងជីវិតកូនខ្ញុំនិងចៅខ្ញុំទាំងបួននាក់ហ្នឹងដែរ។ ខ្ញុំចង់បានជីវិតកូនខ្ញុំទាំងនោះទេដែលខ្ញុំសោកវិនាសកម្មដេកអោបឆ្អឹងរហូតមកដល់សព្វថ្ងៃនេះ»។
លោក ចាន់ សុវ៉េតមន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថាតុលាការគួរតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់មុននិងសម្រេចចេញដីកាកោះជនសង្ស័យណាម្នាក់មកសាកសួរដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសបុគ្គល។
លោកបាននិយាយថាសមាគមសិទ្ធិមនុស្សអាដហុកនិងតាមឃ្លាំមើលករណីឃាតកម្មនេះ។
«យើងត្រូវធ្វើការស៊ើបអង្កេតឱ្យបានល្អិតល្អន់ឱ្យច្បាស់លាស់ដើម្បីឱ្យក្រុមគ្រួសារអ្នកដែលរងគ្រោះនេះអាចទទួលយកបានផងដែរ។ហើយឥឡូវយើងពិនិត្យមើលថាការរកមិនទាន់ឃើញផងបែរជាងាកមកក្រុមគ្រួសារអំពីការសម្លាប់ដើម្បីដណ្តើមយកទ្រព្យសម្បត្តិ»។
លោកនីកូឡា បូដូអ៊ីន (Nicolas Baudouin) លេខាទីមួយនៃស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រាប់VOAសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថាលោកមិនអាចផ្តល់អត្ថាធិប្បាយជាក់លាក់ចំពោះការកោះហៅរបស់តុលាការទេក៏ប៉ុន្តែលោកស្វាគមន៍ចំពោះដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនេះ៕