ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រតិកម្ម​ចំពោះ​គម្រោង​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​អាមេរិក​នៅ​អាស៊ី


រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងនៅវេទិកា Xiangshan ជាមួយរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសក្នុងតំបន់ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងនៅវេទិកា Xiangshan ជាមួយរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសក្នុងតំបន់ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​បាន​បន្ថែម​ថា​ កម្ពុជា​ក៏ដូច​ជា​ប្រទេស​ក្នុង​តំបន់ ​គឺ​ប្រកាន់​យក​សន្តិសុខ​និង​សន្តិភាព​ជា​ស្នូល​ ដូចជា​ការ​លើក​ឡើង​ព្រម​គ្នា​ក្នុង​បទ​អន្តរាគមន៍​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​និង​អាស៊ាន​បូក​ក្តី។

នៅ​ក្រោយ​ពេល​ដែល​អាមេរិក​ប្រកាស​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​ក្នុងតំបន់​អាស៊ី​កម្ពុជា​ចូលរួម​ជាមួយ​នឹង​តំបន់​ក្នុង​ការ​ធ្វើប្រតិកម្ម​ប្រយ័ត្ន​ប្រយែង​មួយ​ចំពោះ​គម្រោង​ការ​ដាក់​ពង្រាយ​កាំជ្រួច​និង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​អាមេរិក។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ចេញ​ប្រតិកម្ម​ប្រយ័ត្ន​ប្រយែង​ចំពោះ​គម្រោង​ការ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​និង​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​នៅក្នុង​តំបន់​អាស៊ី​ ដោយ​បាន​បញ្ជាក់​ថា​ កម្ពុជា​គាំទ្រ​សន្តិភាព។

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ពីរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃអង្គារ ​លោក​ទៀ បាញ់ ​បាន​អះអាង​ថា​ លោក​មិន​អាច​រារាំង​គម្រោង​ការ​របស់​អាមេរិក​បានទេ​ ទោះ​ជា​លោក​បញ្ចេញ​ប្រតិកម្ម​រឿង​នេះ​ក្តី។

«ព្រោះ​គេ​តែងតែ​ធ្វើ​របៀប​នេះ​មិន​ត្រឹមតែ​ថ្មីៗ​ទេ ​គេធ្វើ​មក​គ្រប់​ទិស​គ្រប់​ទីតែ​ទាំង​អស់​ហ្នឹង ​គេ​ធ្វើ​មកជា​រៀង​រហូត​ហ្នឹង។​ រឿង​ហ្នឹង​គឺ​វា​ជា​ធម្មតា​របស់​គេ​ទៅ​ហើយ ​ព្រោះ​មហិច្ឆតា​របស់​គេ​គឺ​មាន​តែប៉ុណ្ណឹង​តើ‍»។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​បាន​បន្ថែម​ថា​ កម្ពុជា​ក៏ដូច​ជា​ប្រទេស​ក្នុង​តំបន់ ​គឺ​ប្រកាន់​យក​សន្តិសុខ​និង​សន្តិភាព​ជា​ស្នូល​ ដូចជា​ការ​លើក​ឡើង​ព្រម​គ្នា​ក្នុង​បទ​អន្តរាគមន៍​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​និង​អាស៊ាន​បូក​ក្តី។

«រឿង​បារម្ភ ​រឿង​អី​ហ្នឹង​ គឺវា​ជា​រឿង​មួយ​បែប​ទេ​ គឺ​តាម​ស្មារតី​របស់​យើង​ គឺ​យើង​នៅតែ​គាំទ្រ​និង​ឲ្យ​តម្លៃ​ហ្នឹង​ខ្លាំង​ក្លា​ណាស់​ចំពោះ​សុខ​សន្តិភាព​ដែល​យើង​ទទួល​យក​បាន។ ចំពោះ​កិច្ច​ការងារ​នេះ​ហើយ​ដែល​យើង​តែងតែ​មាន​សុឆន្ទៈ​ចូលរួម​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ហៅ​ថា​ចង់​បាន​សុខសន្តិភាព​ពេញ​លេញ​របស់​ខ្លួន​ហ្នឹង ​គឺ​យើង​តែង​តែ​បំពេញ​ការងារ​នេះ ​រួម​ទាំង​ការ​ចាត់​បញ្ជូន​កម្លាំង​ទៅ​ប្រតិបត្តិការ​រក្សា​សន្តិភាព ​តាម​សំណូមពរ​របស់​អ.ស.ប ​យើង​តែង​តែ​បំពេញ​រឿង​ហ្នឹង​គឺ​យ៉ាង​ទៀង​ទាត់​យ៉ាង​ពេញ​លេញ ​ហើយ​ព្រម​ទាំង​ប្តូរ​ផ្តាច់​ធ្វើ​ភារកិច្ច​នេះ​ដោយសារ​តែ​យើង​ចង់​បាន​សុខ​សន្តិភាព​នោះ​ឯង‍»។

នៅពេល​សួរ​អំពី​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ ឬ​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​ដែល​កំពុង​ពិភាក្សា​គ្នា​លើ​ការ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់​ពង្រាយ​កាំជ្រួច​ឬ​យ៉ាង​ណា​នោះ​ លោក ​ទៀ​ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​អះអាង​ថា៖

«រឿង​នេះ​វាទៅ​តាម​សិទ្ធិ​អំណាច ​អធិបតេយ្យ​របស់​ប្រទេស​រៀងៗ​ខ្លួន​ទេ ចំពោះ​កម្ពុជា​យើង​គឺ​យើង​មាន​ច្បាប់​កំពូល​របស់​ប្រទេស​យើង​ គឺ​បាន​បញ្ជាក់​ច្បាស់​លាស់​ណាស់​រឿង​ការ​ពង្រាយ​ អនុញ្ញាត​ឲ្យ​មាន​ទីតាំង​ (យោធា)​ អីហ្នឹង​គឺ​មិន​បាន​ជា​ដាច់ខាត​ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែ​ប្រទេស​ដ៏ទៃ​ ខ្ញុំ​ពិបាក​នឹង​មាន​យោបល់​ជំនួស​គេ​ណាស់ ​មិន​ហ៊ាន​មាន​យោបល់​ប៉ះពារ​ទៅលើ​គេ​ទេ ​នោះ​ជា​សិទ្ធិ​និង​អធិបតេយ្យ​របស់​គេ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​លូក​លាន់​ទៅ​នឹង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួកគេ​ទេ‍»។

រូបឯកសារ៖ ទីភ្នាក់ងារប្រព័ន្ធមីស៊ីលអាមេរិក បង្ហាញ​ការ​បាញ់​កាំជ្រួចមីស៊ីលមួយ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទីភ្នាក់ងារប្រព័ន្ធមីស៊ីលអាមេរិក បង្ហាញ​ការ​បាញ់​កាំជ្រួចមីស៊ីលមួយ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចង់​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​របស់​អាមេរិក​ ដោយ​បាន​និយាយ​ថា ​នេះ​ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ថិរភាព​ សន្តិសុខ ​ហើយ​បាន​ហៅថា​នេះ​ជា​លេស​ក្នុង​ការ​កសាង​គ្រឿង​សញ្វាវុធ។ ចិន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ប៉ុន្មាន​ថ្ងៃនេះ​ថា​ ចិន​នឹង​មិន​ឈរ​ឱបដៃ​មើល​ដោយ​ឥត​ប្រយោជន៍​ទេ​ តែ​នឹង​បង្ខំចិត្ត​ប្រើ​វិធានការ​តបត​វិញ​ ប្រសិន​បើ​អាមេរិក​ដាក់​ពង្រាយ​កាំជ្រួច​បាញ់​ក្នុង​រយៈ​ចម្ងាយ​មធ្យម​នៅ​លើ​ដែនដី​អាស៊ី​ដែល​ជា​ផ្នែក​មួយ​របស់ ពិភព​លោក​នោះ‍។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ​ហ្សាការី អាប៊ូហ្សា ​(Zachary Abuza) ​នៃ​មហា​វិទ្យាល័យ សង្គ្រាម​អាមេរិក​ the National War College​ នៃ​សាកល​វិទ្យាល័យ ​National Defense University​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ថ្លែងថា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​រង​សម្ពាធ។

«ប្រសិន​បើ​អាមេរិក​ទៅ​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​ ហើយ​ចាប់​ផ្តើម​ចរចា​ជាមួយ​ប្រទេស​ទាំងនោះ​អំពី​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​មធ្យម​ ពេល​នោះ​នឹង​បន្ថែម​ទម្ងន់​លើ​សម្ព័ន្ធ​មិត្ត​ ដែល​ស្ថិត​ក្រោម​ការ​លំបាក​រួច​ជា​ស្រេច​ហើយ​នោះ។ ​ខ្ញុំ​អាច​ស្រមៃពី​សម្ពាធ​ជា​សាធារណៈ​ប្រឆាំង​នឹង​មូលដ្ឋាន​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​មធ្យម ​នឹង​ជា​រឿង​ត្រូវ​ដោះស្រាយ​យ៉ាង​ច្បាស់។ ​សូម​កុំភ្លេច​ថា​ សម្ពាធ​របស់​អឺរ៉ុប​ខាង​លិច​គឺជា​អ្វី​ដែល​បង្ខំ​ឲ្យ​អាមេរិក​ចូលរួម​តុចរចា​ជាមួយ​រុស្ស៊ី ​ដើម្បី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែ​ INF។​ ប្រសិន​បើ​សម្ព័ន្ធ​មិត្ត​បដិសេធ​មិន​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទៅវិញ ​នោះ​សហរដ្ឋ​អាមេរិក​មើល​ទៅ​ដូច​ជា​ខ្សោយ‍»។

លោក​បាន​បន្ត​ជា​សំណួរ​ថា​ បើ​អាមេរិក​ដាក់​ពង្រាយ​នៅ​ដែន​ដី​តៃវ៉ាន់​ តើ​នោះ​គឺជា​ការ​ត្រៀម​វាយ​ប្រហារ​ចិន​ទេ?​ នោះ​ពិតជា​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​ណាស់​ ដែល​នឹងនាំ​ឲ្យ​អន្តរាយ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ តែ​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​នុយក្លេអ៊ែ ​INF។

«ខ្ញុំ​គិត​ថា​ ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុងការ​ដកខ្លួន​ពីសន្ធិ​សញ្ញា​នុយក្លេអ៊ែ ​INF​ គឺជា​រឿង​ដ៏អាក្រក់​មួយ​សម្រាប់​សន្តិសុខ​អាមេរិក​និង​តំបន់។​ ខ្ញុំ​អាច​យល់​បាន​ទាំង​ស្រុង​ថា​ ចិន​មិនមែន​ជា​ភាគី​នៃ​សន្ធិសញ្ញា​នុយក្លេអ៊ែ​ INF ​ហើយ​បាន​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​មធ្យម​យ៉ាង​ច្រើន​ក្នុង​តំបន់។​ តែ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើឲ្យ​ខូច​ដល់​ជំនឿ​ទុកចិត្ត​ជា​អន្តរជាតិ​ទៅមុខ​ទៀត​ ដែល​ថា​អាមេរិក​និង​គោរព​តាម​ការ​ប្តេជ្ញា​តាម​សន្ធិសញ្ញា​របស់​ខ្លួន។ ​ខ្ញុំដឹង​ថា ​រុស្ស៊ី​បោក​បញ្ឆោត​ចំពោះ​សន្ធិសញ្ញា​នុយក្លេអ៊ែ​ INF ​បើ​ដូច្នោះ​ត្រូវ​ឲ្យរុស្ស៊ី​ចេញ ​មិនត្រូវ​ធ្វើឲ្យ​បាត់​ទំនុក​ចិត្ត​ជា​សាធារណៈ‍​ទេ»។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​។
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន ​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា​ ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នេះ​មាន​គោលដៅ​ម្យ៉ាង​ គឺ​តម្រង់​ទៅ​លើ​ចិន​ដែល​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់​អាស៊ី។

«ក៏ប៉ុន្តែ​ ការពិត​ជាក់​ស្តែង​គឺ​សហរដ្ឋ​អាមេរិក​គឺ​ដក​ខ្លួន​ចេញ​ពីកិច្ច​ព្រមព្រៀង​ហ្នឹង​ដើម្បី​មក​ដាក់​នូវ​មីស៊ីល​រយៈពេល​មធ្យម​ ដើម្បី​គេ​ហៅ​ថា​មាន​គោល​ដៅ​ហ្នឹង​ទៅ​ចិន​វិញ។ អីចឹង​ទេ​រឿង​ហ្នឹង​វាជា​អ្វីមួយ​នៃការ​វិវត្តន៍​ថ្មី ​ហើយ​លឿន ​ហើយ​វា​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែរ​ នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ដៃគូ​យុទ្ធសាស្ត្រ​ក៏ដូចជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដូចជា​អូស្ត្រាលី​ ជប៉ុន ​ហើយ​និង​កូរ៉េ​ខាងត្បូង​ហ្នឹង​ដើម្បី​ដាក់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ហ្នឹង​ក្នុង​ទិស​ដៅ​និយាយ​ឲ្យចំ​ទៅ​គឺ​ចិនហ្នឹង​តែ​ម្តង‍»។

លោក ​ឈាង វណ្ណារិទ្ធ​ បាន​បន្ត​ថា​ ចិន​ពិតជា​ត្រូវ​ប្រតិកម្ម​ខ្លាំង​ចំពោះ​គម្រោង​ការ​ដាក់​ពង្រាយ​កាំជ្រួច​សហរដ្ឋ​អាមេរិក។

«ហើយ​ប្រតិកម្ម​ ខ្ញុំ​គិត​ថា​ ចិន​នឹង​ប្រតិកម្ម​ខ្លាំង​ចំពោះ​បញ្ហា​ហ្នឹង ​ហើយ​អាច​នឹង​ដាក់​នៅ​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​នៅ​តាម​សមុទ្រ​ចិន​ខាងត្បូង ​កោះ​សិប្បនិម្មិត​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ​អីចឹង​វា​អាច​ឈាន​ទៅដល់​ការប្រកួត​ប្រជែង​មីស៊ីល​មួយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហ្នឹង‍»។

សហរដ្ឋ​អាមេរិក​កាលពី​ដើមខែ​សីហា​ បាន​ដកខ្លួន​ចេញ​ពីសន្ធិ​សញ្ញានុយក្លេអ៊ែ​កម្រិត​មធ្យម​ហៅថា​ Intermediate ​Range​ Nuclear​ Forces​ (INF) ​ដើម្បី​បង្កើត​កាំជ្រួច​ថ្មី​របស់​ខ្លួន​ បន្ទាប់​ពី​រុស្ស៊ី​បដិសេធ​មិនព្រម​បំផ្លាញ​កាំជ្រួច​មីស៊ីល​ថ្មី ​របស់ខ្លួន​ដែល​អង្គការ​អូតង់​ បាន​និយាយ​ថា​រុស្ស៊ី​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​នោះ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​Mike Pompeo ​បាន​បញ្ជាក់​ថា៖ ​«ប្រទេស​រុស្ស៊ី​បាន​ខកខាន​ក្នុងការ​ធ្វើតាម​លក្ខខណ្ឌ​ដែល​ត្រូវ​បញ្ជាក់​ឲ្យបាន​ពេញលេញ​ ទាក់ទង​នឹង​ការ​បំផ្លាញ​ចោល​ប្រព័ន្ធ​កាំជ្រួច​ដែល​មិន​ស្របតាម​ច្បាប់​របស់​ខ្លួន​ប្រភេទ ​SSC-8 or 9M729​ ដែល​ជា​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពីដី​កាំជ្រួច​បាញ់​ចេញពី​នាវា​ ក្នុង​រយៈ​ចម្ងាយ​មធ្យម​ហើយ​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង​ចំពោះ​ការ​បរាជ័យ​មិន​ធ្វើ​តាម​សន្ធិសញ្ញា​នេះ‍»។

សហរដ្ឋ​អាមេរិក​នឹង​មិន​អាច​បន្ត​នៅ​ជា​ភាគី​ចំពោះ​សន្ធិសញ្ញា​ដែល​ប្រទេស​រុស្ស៊ី​បាន​រំលោភ​ទាំង​កម្រោល​នេះ​បន្ត​ទៀត​ទេ។ ​ការ​មិន​ធ្វើតាម​ច្បាប់​និង​សន្ធិសញ្ញា​របស់​រុស្ស៊ី​នេះ​បំផ្លាញ​ឧត្តម​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ ហើយនិង​បញ្ជាក់​ថា​ រុស្ស៊ី​កំពុង​គំរាម​កំហែង​ត្រង់ៗ​ចំពោះ​សហរដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត ​និង​ដៃគូ​អាមេរិក។ ​លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អាមេរិក ​Mark Esper ​វិញ​បាន​បញ្ជាក់​ដែរ​ថា​ ការ​ដក​ខ្លួន​របស់​អាមេរិក នឹង​នាំ​ឲ្យ​មាន​ការ​បង្កើត​កាំជ្រួច​មីស៊ីល​ថ្មីជា​ធម្មតា​ដោយ​ខ្លួន​ឯង។

អ្នក​នាំ​ពាក្យ​មួយរូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​យ៉ាងណា​ចំពោះ​ការ​ដាក់​ពង្រាយ​កាំជ្រួច​ ឬ​មិន​ដាក់​វា​ជា​អធិបតេយ្យ​របស់​ប្រទេស​ និង​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​តំបន់​ តែ​ការ​សម្រេច​ចិត្ត​ណាមួយ​ដែល​បាន​ធ្វើឡើង​នឹង​ត្រូវ​ធ្វើ​ដោយ​ការ​ពិភាក្សា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ មិនមែន​ជា​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ជា​ឯកតោ​ភាគី​ទេ៕

XS
SM
MD
LG