មេដឹកនាំកម្ពុជា និងជប៉ុនបានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំក្រោយ នៅពេលខួបលើកទី៧០នៃចំណងការទូតរវាងប្រទេសទាំងពីរមកដល់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីភាពជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»របស់ប្រទេសទាំងពីរ ចុះថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២។
កាលពីដើមឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំសមភាគីរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរមួយកម្រិតទៀត។ ប៉ុន្តែនៅពេលនោះ លោក Kishida Fumio នាយករដ្ឋមន្រ្តីជប៉ុននៅមិនទាន់សម្រេចនោះទេ។
កិច្ចព្រមព្រៀងនៃការដំឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅក្នុងដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី លោក ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់ដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយថា លោកនិងប្រជាជនកម្ពុជារង់ចាំពេលវេលានេះជាយូរមកហើយ។
លោកថ្លែងថា៖ «នេះពិតជាកិត្តិយស និងជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនកម្ពុជា ដែលចង់មានមិត្តភ័ក្តិដ៏ល្អនៅក្នុងតំបន់របស់យើង។ ខ្ញុំ និងឯកឧត្តម Kishida បានពិភាក្សាយ៉ាងស៊ីជម្រៅទាំងនៅ ទីក្រុងតូក្យូកន្លងទៅ និងនៅទីនេះ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការបន្តដែលក្នុងនោះគឺមានទាំងបញ្ហាទ្វេភាគីដែលអម្បាញ់មិញមានការចុះហត្ថលេខាទាក់ទងនឹងការកសាងឡើងនូវរោងចក្ររថយន្តតូយ៉ូតា ការផ្គត់ផ្គង់ទាក់ទង និងជាមួយនឹងបរិក្ខារមីន»។
លោក វុន ផានិត គ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃអាទិត្យនេះថា ការឯកភាពគ្នារវាងកម្ពុជានិងជប៉ុនក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈថា កម្ពុជានឹងទាញបានផលប្រយោជន៍ច្រើនពីការបន្ថែមកម្រិតទំនាក់ទំនងជាមួយជប៉ុន ជាពិសេសការទាញយកអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន ហើយបើកផ្លូវឱ្យកម្ពុជាអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ។
បើតាមលោក វុន ផានិត ជប៉ុននឹងមិនអាចចំណេញច្រើនពីភាពជាដៃគូនេះឡើយពាក់ព័ន្ធជាមួយសេដ្ឋកិច្ច នយោបាយនិងសន្តិសុខ ប៉ុន្តែជប៉ុននឹងទទួលបានការគាំទ្រគោលនយោបាយការបរទេសរបស់ខ្លួនពីកម្ពុជា ដោយឥតងាករ៉េនៅលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតរបស់ជប៉ុនទៅលើភាពចំណេញហ្មងគឺអត់មានច្រើនទេ។ ប៉ុន្តែប្រទេសតូច ជាពិសេសប្រទេសខ្មែរ គឺចំណេញច្រើនពាក់ព័ន្ធជាមួយរឿងមួយហ្នឹង។ Comprehensive Strategic Partnership (ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហ្នឹងបានន័យថាយើងយកជប៉ុនជាខ្នងបង្អែកមួយដ៏ធំដើម្បីឆ្លើយតបពីការរិះគន់មួយចំនួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បញ្ហាការអនុវត្តច្បាប់នៅកម្ពុជាអ៊ីចឹង ព្រោះជប៉ុន បើនិយាយពីរឿង៣ហ្នឹង ជប៉ុនជាប្រទេសគំរូហើយនៅក្នុងតំបន់អាស៊ី»។
លោកបន្ថែមថា៖ «អ៊ីចឹងវាមិនដែលណាប្រទេសគំរូមកដំឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងប្រទេសដែលមិនទាន់មានអាទាំងអស់ហ្នឹងស្អាតស្អំទេ។ បានន័យថា ជប៉ុនធ្វើអ្វីមួយគិតណាស់។ អ៊ីចឹងការដំឡើងភាពជាដៃគូយុទ្ធសាស្ត្រជាមួយខ្មែរនេះធ្វើឱ្យខ្មែរចំណេញ បានន័យថា ម៉េច យើងមានជប៉ុនជាមិត្តភ័ក្តិមួយដោយជឿជាក់ ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះធ្វើឱ្យខ្មែរអាចទទួលបាននូវការមើលឃើញពីសហគមន៍អន្តរជាតិក្នុងរូបភាពផ្សេង ព្រោះជប៉ុនមិនមែនចេះតែបង្កើតជាមួយនរណាគេទេ។ អ៊ីចឹង Image (មុខមាត់)របស់ខ្មែរក៏វារាងឡើងលើជាងនេះដែរ បានន័យថា វា Strong (ខ្លាំង)ជាងនេះដែរ»។
លោក វុន ផានិត អះអាងថា ការដំឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុននេះមិនមែនដោយសារចិនឡើយ ហើយវាក៏នឹងមិនធ្វើឱ្យមានការតានតឹងដាក់គ្នារវាងចិននិងជប៉ុននៅក្នុងប្រទេសកម្ពុជាផងដែរ ពីព្រោះថា ការដំឡើងភាពជាដៃគូនេះ ដោយសារតែជប៉ុនមើលឃើញពីវឌ្ឍនភាពកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសតាមរយៈអាស៊ាន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជានិងជប៉ុនមានលក្ខណៈល្អប្រសើរ មិនមានភាពរកាំរកូសជាមួយគ្នាឡើយ ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាជន និងប្រជាជន ខណៈក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា ជប៉ុនជាមិត្តដ៏ល្អ ដែលបានជួយកសាង ក៏ដូចជាអភិវឌ្ឍប្រទេសកម្ពុជាគ្រប់វិស័យ។
លោកថ្លែងថា៖ «បង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីកាន់តែមានលក្ខណៈស៊ីជម្រៅគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ គ្រប់កម្រិត ហើយវាក៏បង្ហាញឱ្យឃើញអំពីតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ»។
បើតាមលោក គិន ភា ការប្រកួតប្រជែងរបស់មហាអំណាចជារឿងធម្មតា ហើយការរឹតចំណងភាពជាដៃគូជាមួយពួកគេគឺដើម្បីរក្សាតុល្យភាព ហើយចៀសពីរបៀបវារៈនៃការប្រកួតប្រជែងឥទ្ធិពលនិងថា លោកជំរុញឱ្យកម្ពុជាកាន់តែមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសមហាអំណាចផ្សេងៗបន្ថែមទៀត។
នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃសៅរ៍ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង៥០លានដុល្លារដើម្បីអនុវត្តនូវគម្រោងចំនួន៤ ក្នុងនោះមានដូចជា គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ និងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនជាម្ចាស់ជំនួយទ្វេភាគីដ៏ធំរបស់កម្ពុជាដែលមានចំនួន២៥%នៃជំនួយបរទេសក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះដែលមានចំនួនសរុបប្រហែល៧២៥លានដុល្លារ។ ជប៉ុនបានគាំទ្រតុលាការខ្មែរក្រហម ផ្តល់ថវិកាដល់ការដោះមីន ស្ថាបនាផ្លូវថ្នល់ ស្ពាននិងកំពង់ផែ និងបានផ្តល់ជំនួយផ្សេងៗទៀតក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩៕