អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃអាទិត្យ បានទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ដែលជាអតីតមន្ទីរឃុំឃាំងរបស់របបខោអាវខ្មៅខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោក António Guterres កំពុងមានវត្តនៅទីក្រុងភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗនៅ រាជធានីភ្នំពេញ។ ការទៅទស្សនារបស់លោក Gueterres នៅសារមន្ទីរទួលស្លែងនេះកើតមានឡើងក្នុងថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អំឡុងពេលនៃការទស្សនាសារមន្ទីរទួលស្លែង លោកអគ្គលេខាធិការអង្គសហប្រជាជាតិAntónio Guterres បានដើរកាត់ទីកន្លែងដែលធ្លាប់ឃុំឃាំងមនុស្ស និងដែលមានរូបថតរបស់អតីតអ្នកជាប់ឃុំក្នុងសារមន្ទីរ ដែលដើមឡើយត្រូវគេស្គាល់ថា ជាមន្ទីរស២១ ឬគុកទួលស្លែង។
លោកអគ្គលេខាធិការក៏បានជួបសន្ទនាដោយសង្ខេបជាមួយអ្នកធ្លាប់ជាប់ក្នុងមន្ទីរស២១ ដែលរួមមានលោក ជុំ ម៉ី និងលោក ប៊ូ ម៉េង។
ថ្លែងទៅកាន់អ្នកកាសែតក្នុងបរិវេណសារមន្ទីរទួលស្លែង លោកGuterres បាននិយាយថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងនៃសារមន្ទីរទួលស្លែងគឺជារឿងសោកសង្រេងដ៏សែនរន្ធត់ និងគួរឲ្យភ្ញាក់ផ្អើល ហើយក៏ជាការព្រមានទុកជាមុន អំពីអំពើឃោរឃៅដែលអាចនឹងកើតមានម្តងទៀត បើមនុស្សប្រកាន់យកការស្អប់ខ្ពើមគ្នាទៅវិញទៅមក ហើយសិទ្ធិមនុស្សត្រូវបានគេបដិសេធ។
លោកនិយាយដោយមានការប្រែសម្រួលជាខេមរភាសាថា៖ «ទួលស្លែងគឺជាការក្រើនរំឭកដ៏ចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ឥដ្ឋនិងការ៉ូដែលប្រឡាក់ដោយឈាមនៅទីនេះគឺជាការព្រមានដល់យើងទាំងអស់គ្នា»។
លោកបន្ថែមដោយមានការប្រែសម្រួលជាខេមរភាសាថា៖ «នេះគឺជាអ្វីដែលកើតឡើងនៅពេលដែលការស្អប់គ្នាកើតឡើងយ៉ាងខ្លាំង។ នេះគឺជាអ្វីដែលកើតឡើងនៅពេលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយសិទ្ធិមនុស្សត្រូវបានបដិសេធ»។
លោកអគ្គលេខាធិការបន្ថែមថា លោកនឹងយករឿងរ៉ាវដែលលោកបានដឹងពីអ្នករស់រានមានជីវិតពីអតីតមន្ទីរឃុំឃាំងនេះ ប្រាប់ចៅស្រីរបស់លោក ព្រោះអ្វីៗដែលបានកើតឡើងនៅអតីតមន្ទីរឃុំឃាំងរបស់របបខ្មែរក្រហមនេះ មិនអាចបំភ្លេចបានឡើយ។
លោកថ្លែងថា៖«ខ្ញុំនឹងយករឿងរ៉ាវដែលខ្ញុំស្តាប់ឮពីអ្នកដែលនៅរស់នៅក្នុងរបបនេះ ទៅប្រាប់ចៅស្រីរបស់ខ្ញុំដើម្បីឲ្យចៅស្រីរបស់ខ្ញុំអាចយករឿងរ៉ាវទាំងនេះទៅប្រាប់ដល់ចៅៗរបស់ពួកគេទៀត ហើយការចងចាំនៅទីនេះ គឺជាអ្វីដែលយើងមិនត្រូវបំភ្លេចជាដាច់ខាត»។
នៅពេលឆ្លើយទៅនឹងសំណួររបស់វីអូអេថា លោកមានសារយ៉ាងណាសម្រាប់មេដឹកនាំអាស៊ាន ក្រោយពីទស្សនាសារមន្ទីរទួលស្លែង លោក Guterres លើកឡើងថា៖ «សាររបស់ខ្ញុំគឺសាមញ្ញបំផុត។ យើងចាំបាច់ត្រូវធ្វើអ្វីៗទាំងអស់ដើម្បីរក្សាទុកការចងចាំអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តនៅទីនេះ គឺប្រទេសកម្ពុជា។ ការចងចាំវាលពិឃាត ការចងចាំសាលារៀននេះ ហើយពួកគេត្រូវនាំយករឿងនេះទៅប្រាប់អ្នកជំនាន់គ្រប់ទិសទីចំពោះស្ថានភាពបែបនេះ ដែលដាច់ខាតមិនត្រូវបានធ្វើឲ្យកើតឡើងបានជាថ្មីម្តងទៀតនោះឡើយ»។
ក្រៅពីនេះ លោក Gueterres ថ្លែងថា សាលាក្តីខ្មែរក្រហមបានទាមទារឲ្យអតីតមេដឹកនាំខ្មែរក្រហមមួយចំនួន មកទទួលខុសត្រូវចំពោះអំពើឃោរឃៅព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសំឡេងដល់ជនរងគ្រោះ និងអ្នកដែលនៅរស់រានមានជីវិតពីរបបនេះ។
បើតាមលោក Gueterres សំឡេងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានសារៈសំខាន់ជាងពេលណាៗទាំងអស់នៅពេលដែលការនិយាយស្តីដែលនាំឲ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងយាយីកំពុងកើតឡើងនៅគ្រប់តំបន់នៃពិភពលោក។
គួររំឭកឡើងវិញផងដែរថា មន្ទីរស២១ ឬគុកទួលស្លែង ដែលក្រោយមកក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រនោះ គឺជាទីដ្ឋានឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ជនរងគ្រោះយ៉ាងតិច១២០០០នាក់ ភាគច្រើនជាកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហម ដែលត្រូវបានចាប់បង្ក្រាបក្នុងការធ្វើវិសុទ្ធកម្មផ្ទៃក្នុង កុមារា កុមារី និងបណ្ដាជនបរទេសដែលចាប់បានផងដែរ។
កងទ័ពវៀតណាមដែលបានលុកលុយចូលក្នុងប្រទេសកម្ពុជា និងបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៩ បានរកឃើញមន្ទីរស ២១ នេះ ក្រោយពេលដែលប្រធានមន្ទីរនោះគឺ កាំង ហ្កេកអ៊ាវ ហៅឌុច និងសហការីរត់ភៀសចេញឆ្ពោះទៅតស៊ូ នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ។
នាយកទទួលបន្ទុកកិច្ចទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអាទិត្យនេះថា លោក Gueterres ចង់ស្វែងយល់បន្ថែមអំពីសោកនាដកម្មនៅអតីតគុកស្លែង និងទំនងជាចង់បង្ហាញទៅមេដឹកនាំក្នុងតំបន់អាស៊ាន និងសកលលោកថា បញ្ហាសិទ្ធិមនុស្សកំពុងស្ថិតក្នុងស្ថានភាពខ្មៅងងឹត ដែលត្រូវរួមគ្នាដោះស្រាយដើម្បីបញ្ចៀសនូវអ្វីដែលធ្លាប់បានកើតឡើងនៅក្នុងសារមន្ទីរទួលស្លែងកាលពីអតីតកាល។
លោកថ្លែងថា៖«ហើយក៏ជាសារមួយដែរ ដែលបង្ហាញទៅក្នុងអាស៊ានជាពិសេសប្រទេសភូមា ដែលកំពុងតែមានវិបត្តិនយោបាយធ្ងន់ធ្ងរ ដែលមានការធ្វើរដ្ឋប្រហារ...ដោយយោធា ហើយបច្ចុប្បន្នកំពុងតែមានសង្គ្រាមស៊ីវិលក៏ដូចជាការធ្វើទុក្ខបុកម្នេញ ទៅដល់សកម្មជនគណបក្សនយោបាយ។ យើងឃើញមានការកាត់ទោសប្រហារជីវិតទៅលើសកម្មជនគណបក្សនយោបាយ មានការចាប់ចង ហើយក៏មានការស្លាប់មនុស្សជាប្រចាំផងដែរ»។
លោក អំ សំអាតបន្ថែមថា៖«ហើយនៅក្នុងពិភពលោក យើងឃើញថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ក៏បានផ្តាច់ជីវិតមនុស្សរាប់សិបនាក់ទៀតផងដែរ។ អ៊ីចឹងគឺវាជារឿងសំខាន់ណាស់ដែលពិភព លោកត្រូវតែគិតគូរអំពីជីវិតមនុស្ស ជារឿងសំខាន់ បានន័យថា សិទ្ធិរស់រានមានជីវិត ការគោរពសិទ្ធិមនុស្ស និងគោលការណ៍នៃការលើកកម្ពស់ទៅលើសិទ្ធិមនុស្សជារឿងសំខាន់ក្នុងពិភពលោក ដើម្បីចៀសវាងកុំឲ្យមានការសម្លាប់រង្គាល ការបាត់បង់ជីវិត ការធ្វើទុក្ខបុកម្នេញទៅលើមនុស្ស ការប្រព្រឹត្តនូវអំពើឃោរឃៅ អមនុស្សធម៌ទៅលើជីវិតមនុស្សជាដើមហ្នឹង»។
នៅពេលជួបជាមួយមេដឹកនាំអាស៊ានក្នុងជំនួបកំពូល កាលពីថ្ងៃសុក្រ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ថ្លែងថា ស្ថានភាពមនុស្សធម៌ សិទ្ធិមនុស្ស សន្តិសុខ និងនយោបាយនៅមីយ៉ាន់ម៉ាកំពុងតែធ្លាក់ទៅក្នុងមហន្តរាយមួយកាន់តែជ្រៅទៅៗ។ ហើយលោកបានអំពាវនាវសាជាថ្មីទៀតឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ដោះលែងរាល់អ្នកទោសនយោបាយ និងបើកឱ្យមានជាបន្ទាន់នូវដំណើរការដែលផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធត្រឡប់ទៅរកការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។
ទាក់ទិនវិបត្តិនៅអ៊ុយក្រែន លោក Guterres ប្រាប់សន្នីសីទព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា អង្គការសហប្រជាជាតិប្រកាន់ជំហរច្បាស់មួយថា អ៊ុយក្រែនកំពុងរងការឈ្លានពានលើបូរណភាពទឹកដី ហើយអ្វីដែលកើតឡើងនៅទីនោះគឺបានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលភាគីពាក់ព័ន្ធត្រូវបង្កើតឲ្យមានច្រកសន្ទនាដើម្បីធ្វើឲ្យការកសាងសន្តិភាពឈ្នះលើអរិភាពក្នុងប្រទេសអ៊ុយក្រែន។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពលោកវណ្ណ ប៊ុនណា យល់ថា លោក Guterres ចង់បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ នៅក្នុងការទប់ស្កាត់អំពើឃោរឃៅព្រៃផ្សៃ ឬឧក្រិដ្ឋកម្មផ្សេងទៀត មិនឲ្យកើតមានជាថ្មីទៀត តាមរយៈការចំណាយពេលវេលាទៅស្វែងយល់ពីសារមន្ទីរទួលស្លែង។
លោកប្រាប់វីអូអេនៅថ្ងៃអាទិត្យនេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិគាត់ចង់បង្ហាញអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបង្កឡើងដោយពួកខ្មែរក្រហមក៏ដូចជាមេរៀនសម្រាប់បណ្តាប្រទេស ឬមេដឹកនាំពិភពលោកផ្សេងទៀតកុំឲ្យមានហេតុការណ៍ ឬក៏ប្រព្រឹត្តរឿងអស់ហ្នឹងកើតឡើងបន្តទៀតផងដែរ។ អានេះ វាជាសាររំឭកដ៏សំខាន់ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅដល់មេដឹកនាំអាស៊ាន និងមេដឹកនាំផ្សេងៗទៀតផងដែរ»។
បើតាមលោកវណ្ណ ប៊ុនណា អង្គការសហប្រជាជាតិក៏ជាស្ថាប័នអន្តរជាតិមួយដែលបានផ្តល់ការគាំទ្រដល់សាលាក្តីខ្មែរក្រហម ដែលទើបត្រូវបានបិទបញ្ចប់ការជំនុំជម្រះក្តីអតីតមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម។
ដោយឡែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា ការអត្ថាធិប្បាយរបស់លោកអគ្គលេខាធិការអង្គការប្រជាជាតិ ពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហម នៅពេលលោកទៅទស្សនាសារមន្ទីរទួលស្លែង បង្ហាញពីការគំាទ្រប្រទេសកម្ពុជា ដែលបានទប់ស្កាត់មិនឲ្យមានវិនាសកម្ម ឬអំពើប្រល័យពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ កើតឡើងជាថ្មីម្តងទៀត៕