ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញាវន្ត​ខ្មែរ​នៅ​បរទេស​មក​ស្លាប់​នៅ​កម្ពុជា​ក្រោម​ការ​អំពាវនាវ​របស់​អៀង សារី


 អៀង សារី​ អតីត​រដ្ឋមន្ដ្រី​ការ​បរទេសក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ
អៀង សារី​ អតីត​រដ្ឋមន្ដ្រី​ការ​បរទេសក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ
យ៉ាង​ហោចណាស់​មាន​បញ្ញាវន្ត​ខ្មែរ​មក​ពី​ក្រៅប្រទេស​ចំនួន១.៥០០​នាក់​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម បន្ទាប់​ពី​ពួកគេ​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​តាម​ការអំពាវនាវ​របស់​អៀង សារី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាក្សី​នៅ​ក្នុង​ការ​កាត់​ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២​នៅ​ថ្ងៃ​ពុធ​នេះ។

លោក អុង ថុងហឿង អតីត​អ្នកទោស​គុក​បឹងត្របែក​បានឆ្លើយ​សំណួរ​របស់​តំណាង​សហ​ព្រះរាជ​អាជ្ញា​លោក វីនសិន្ទ វ៉ៃលដ៍ (Vincent de Wilde) ថា ក្រោយ​ពី​ខ្មែរក្រហម​ឡើង​កាន់​អំណាច​មាន​បញ្ញាជន​យ៉ាង​តិច​១.៧០០​នាក់ បាន​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ដើម្បី​ចូលរួម​កសាង​ប្រទេស​ក្រោយ​ពី​សង្រ្គាមស៊ីវិល និង​តាម​ការដង្ហើយ​ហៅ​របស់ អៀង សារី​ដែល​កាល​នោះ​ជា​រដ្ឋមន្ដ្រី​ការ​បរទេស។

«ខ្មែរ​ចូល​ស្រុក​កាល​នោះ​មាន​ប្រហែល​១.៧០០​នាក់។ ហើយ​នៅ​រស់​២០០​នាក់។ ស្លាប់១.៥០០​នាក់»។

លោក អុង ថុងហឿង អាយុ​៦៧​ឆ្នាំ។ គាត់​គឺ​ជា​និស្សិត​ខ្មែរ​ ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ដែល​នៅ​ទីនោះ​គាត់​បាន​ចូលរួម​ចលនា​កុម្មុយនិស្ត​បែប​ម៉ៅនិយម ជាមួយ​និស្សិត​ខ្មែរ​ដទៃ​ទៀត​ក្រោម​ការ​ផ្តួច​ផ្តើម​របស់ អៀង សារី។0

អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ខ្ញុំ​បាន​ជឿ​លើ​ពួក​ខ្មែរ​ក្រហម» លោក អុង ថុងហឿង បាន​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៧៦ គឺ​ប្រាំមួយ​ខែ​បន្ទាប់​ពី​ការ​មក​ដល់​នៃ​ប្រពន្ធ​របស់​គាត់។ កាលនោះ​លោក​ត្រូវ​បាន​ឃុំឃាំង​នៅ​ជំរុំ​អប់រំកែប្រែ​បឹងត្របែក ឬ​គុក​បឹងត្របែក​បន្ទាប់​មក​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ជំរុំ​មួយ​ទៀត​នៅ​តំបន់​ដីក្រហម​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម មុន​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​គុក​បឹង​ត្របែក​វិញ។
នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​លោក អុង ថុងហឿង បាន​បន្ថែម​ថា បញ្ញាជន​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​កន្លែង​ជំរុំ​ដីក្រហម​នោះ ក៏ប៉ុន្តែ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​លោក​ឃើញ​ថា ពួក​គេ​នៅ​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ក្មួយ​របស់​អៀង ធីរិទ្ធ ដែល​ជា​ប្រពន្ធ​របស់​អៀង សារី និង​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២ នេះ​ដែរ។ ប៉ុន្តែ​មិន​ត្រូវ​បាន​នាំខ្លួន​យក​មក​ជម្រះ​ទោស​ទេ ដោយសារ​បញ្ហា​សុខភាព។

លោក​អុង ថុងហឿង បាន​បញ្ជាក់​ថា អៀង សារី ដែល​ជា​បង​ធំ​ទី​៣ នៅ​ក្នុង​របប​ខ្មែរក្រហម មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​បញ្ញាជន​ខ្មែរ​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។ សេចក្តី​អះអាង​នេះ​ស្រប​គ្នា​នឹង​សក្ខីកម្ម​របស់​សួង ស៊ីគឿន កាល​ពី​ម្សិលមិញ។

លោក​អុង ថុងហឿង បន្ថែម​ថា មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​វិលត្រឡប់​មក​វិញ​នោះ​បាន​លះបង់​ទ្រព្យសម្បត្តិ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេស​ផងដែរ។

«ខ្មែរ​យើង​ពេល​នោះ​អ្នក​ខ្លះ​មាន​គ្រួសារ​បារាំង​ មាន​កូន អ្នកខ្លះ​លះបង់​ទាំង​ប្រពន្ធ​កូន​ដើម្បី​ចូល​(ស្រុក) ដើម្បី​ជួយ​ជាតិ កសាង​ជាតិ​ហើយ​មក​ចូល​រួបរួម​ជាមួយ​បង​ប្អូន​នៅ​កម្ពុជា»។

កាល​ពី​ថ្ងៃ​អង្គារ​ទាំង​លោក​សួង ស៊ីគឿន អតីត​អនុប្រធាន​ពិធីការ​ក្រសួង​ការបរទេស​ខ្មែរក្រហម​ទាំង​លោក អុង ថុងហឿង បាន​បញ្ជាក់​ព្រម​គ្នា​ថា ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ហ៊ូ នឹម អតីត​រដ្ឋមន្ដ្រី​ក្រសួង​ពត៌មាន និង​ហ៊ូ យន្ត បណ្ឌិត​សេដ្ឋកិច្ច​និង​ច្បាប់ គឺ​ជា​បុគ្គល​ស្អាតស្អំ​និង​មាន​គតិ​ស្នេហា​ប្រជាជាតិ។

លោក​សួង ស៊ីគឿន ដែល​មិន​សូវ​និយាយ​ចំណុច​អាក្រក់​របស់​អៀង សារី ផង​ដែរ បាន​រំលឹក​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ​ថា ខៀវ សំផន មិនមាន​អំណាច​ទេ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

សូម​បញ្ជាក់​ថា ដោយសារ​បញ្ហា​សុខភាព​លោក សួង ស៊ីគឿន មិនអាច​ផ្តល់​សក្ខីកម្ម​នៅ​ពេល​រសៀល​ថ្ងៃ​នេះ​ទេ ហើយ​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​ត្រូវ​ឆ្លាស់គ្នា​ជាមួយ​នឹង​លោក​អុង ថុងហឿង សាក្សី​មក​ពី​ប្រទេស​បែលហ្ស៊ីក។ លោក​សួង ស៊ីគឿន នឹង​ត្រូវ​ត្រឡប់​មក​ផ្តល់​សក្ខីកម្ម​វិញ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ៕
XS
SM
MD
LG