ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សកម្មជន​អតីតបក្ស​សង្គ្រោះជាតិ​ជាប់​ចោទ​ពី​បទ​ញុះញង់


លោក​ម៉ៃ ហុងស្រៀង ​អាយុ​៣៨ ​ត្រូវចាប់​ខ្លួន​​កាល​ពី​​យប់​ថ្ងៃ​អង្គារ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្រោយ​ពី​លោក​បាន​​បង្ហោះ​សារ​មួយ​​​​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​​ទី​២៨ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ (រូបថត​ដក​ស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​ Mai Hongsreang)
លោក​ម៉ៃ ហុងស្រៀង ​អាយុ​៣៨ ​ត្រូវចាប់​ខ្លួន​​កាល​ពី​​យប់​ថ្ងៃ​អង្គារ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្រោយ​ពី​លោក​បាន​​បង្ហោះ​សារ​មួយ​​​​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​​ទី​២៨ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ (រូបថត​ដក​ស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​ Mai Hongsreang)

គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​​នៅ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​​ថ្កោលទោស​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​នយោបាយ​របស់​ខ្លួន​​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។

អ្នក​រិះគន់​ខ្លាំងៗ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ត្រូវ​ចាប់​ខ្លួននិង​ចោទ​ប្រកាន់​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​នេះ។​ មន្ត្រី​សង្គម​ស៊ីវិល​និងអតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​បិទ​សិទ្ធិ​បញ្ចេញ​មតិ។​

អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ម្នាក់​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពី​បទ​«បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ​និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍»។ ​នេះ​បើ​យោង​ទៅ​តាម​មន្រ្តី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​ម៉ៃ ហុងស្រៀង ​អាយុ​៣៨ ​ត្រូវចាប់​ខ្លួនកាល​ពីយប់​ថ្ងៃ​អង្គារ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្រោយ​ពី​លោក​បានបង្ហោះ​សារ​មួយនៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ក្រោម​ឈ្មោះ​ថា​«ទោះ​ស្លាប់​ក៏​ជា​ខ្មែរ»​និង​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ​«Mai Hongsreang»​ កាល​ពី​ថ្ងៃទី​២៨ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ ក្នុងសារនោះ ​ លោក​ម៉ៃ ហុងស្រៀង​ បាន​រៀប​រាប់​ក្នុង​ន័យ​ចោទ​ប្រកាន់​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ផ្ទេរ​ការងារ​ឲ្យ​ទៅ​លោក ​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​ន័យ​ចង់​«កម្ចាត់​កម្លាំង»​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​លោក​ ស ខេង។​

លោក​ ឆាយ គឹមឃឿន​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​ VOA ​ថា ​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​គឺ​ដោយ​សារ​សកម្មជន​រូប​នោះបាន​បង្ហោះ​សារ​ប្រមាថ​រដ្ឋាភិបាល។​

«ការ​បង្ហោះ​សារ​ប្រមាថ​រាជរដ្ឋាភិបាល ​និង​បង្ក​ការ​ញុះញង់​រហូត​ដល់​បង្ក​ភាព​អសន្តិសុខ»។​

គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេនៅ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីថ្លែង​ការណ៍ថ្កោលទោស​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​នយោបាយ​របស់​ខ្លួនភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។​

សេចក្តីថ្លែង​ការណ៍​នោះ​បា​ន​ហៅ​ការ​ចាប់​ខ្លួន​លោក​ ម៉ៃ ហុងស្រៀង ថា​«ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​ និង​ជា​ទង្វើ​ដ៏​គឃ្លើន ​និង​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​បុគ្គល​យ៉ាងធ្ងន់ធ្ងរ​ ព្រម​ទាំង​រំលោភ​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

លោកអំ សំអាត ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​មាន​ប្រសាសន៍​ថា​ ​ការ​ចាប់​ខ្លួន​លោក ​ម៉ៃ ហុងស្រៀង បាន​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។​

«កន្លង​មក​នេះ​ ការ​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង​ ភាគ​ច្រើន​គឺ​គេ​យល់​ឃើញ​ថា​ វា​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ ហើយ​មួយ​ទៀត​គឺ​ថា ​ហេតុផល​ទាំងអស់​ហ្នឹង​គឺ​ជា​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ផ្លូវ​ច្បាប់​នៃ​បទ​ល្មើស»។​

លោក អំ សំអាត​ ក៏បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រកប​ដោយ​សីលធម៌ ​និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​មតិ​យោបល់។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង ​បាន​ទេ​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដោយសារ​តែ​ទូរស័ព្ទ​លោក​រោទិ៍​តែ​មិន​មាន​អ្នក​លើក។​

យោង​តាម​មន្ត្រី​នគរបាល ​លោក​ ម៉ៃ ហុងស្រៀង​ គឺជា​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ លោក​ត្រូវ​តាម​ចាប់​ខ្លួន​ក្នុង​ខេត្ត​នោះ​ មុន​នឹង​លោក​គេច​ខ្លួនមក​កាន់​ទី​ក្រុង​ភ្នំពេញ ​ហើយ​ត្រូវ​ចាប់​ខ្លួន​នៅ​ទីនេះ។​

លោក​ត្រូវ​ចោទ​ប្រកាន់​តាមមាត្រា៤៩៤ ​មាត្រា​៤៩៥​និង​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ​លោក​មាន​កំហុស​ លោក​អាច​នឹង​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​ប្រាំមួយ​ខែ​ដល់​បី​ឆ្នាំ។​

ក្នុង​រយៈ​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​សរសេរ​រិះគន់ ​ឬ​ក៏​ប្រមាថ​ដល់​រូប​លោក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក៕

XS
SM
MD
LG