ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មរណភាព​អៀង សារីនាំ​ឲ្យមាន​កង្វល់​អំពីការ​ស្វែងរក​យុត្តិធម៌​ដ៏អូស​បណ្តាយ​​


អៀង​ សារី​ បងធំទី៣​នៃ​របប​ខ្មែរ​ក្រហម ​
អៀង​ សារី​ បងធំទី៣​នៃ​របប​ខ្មែរ​ក្រហម ​
វ៉ាស៊ីនតោន​៖ ការ​ស្លាប់​របស់ជន​ជា​ប់ចោទ​ដ៏​សំខាន់​ម្នាក់​គឺ អៀង​ សារី​ បងធំទី៣​នៃ​របប​ខ្មែរ​ ក្រហម ​នាំឲ្យមាន​ការ​ជំរុញ​ដល់​កម្ពុជា​និង​អ.ស.ប.​ឲ្យ​ធានា​ឡើង​វិញ​ចំពោះ​កិច្ច​ ព្រមព្រៀង​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ​ដែល​ត្រូវ​កាប់​សម្លាប់​ក្នុង​ ទសវត្សរ៍​១៩៧០។​

ក្រុម​អ្នកវិភាគ​ខ្លះ ​នៅក្នុង​និង​ក្រៅ​ប្រទេស​បាន​អះអាង​ថា​ ដំណើរការ​រក​យុត្តិធម៌​គួរ​ត្រូវ​ពន្លឿន​ ដោយគ្មាន​ការ​រាំងស្ទះ​ ដោយសារ​ហេតុផល​នយោបាយ​ ថវិកា ​និង​រដ្ឋបាល​ឡើយ។​

អៀង សារី​ អាយុ៨៧​ឆ្នាំ​ ដែលជា​ជនជាប់​ចោទ​សំខាន់​ក្នុង​សំណុំ​រឿង​០០២ ​ដែល​ ជាប់ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម​ ទសវត្ស​១៩៧០​ បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៤​ខែមិនា​ឆ្នាំ​២០១៣ ​នៅក្នុង​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត ​រាជធានី​ភ្នំពេញ។​

ដោយសារ​មិនទាន់​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ​ការស្លាប់​នេះ​ត្រូវក្រុម​អ្នក​ឃ្លាំមើល​និង​អ្នកវិភាគ​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​បាន​រំឭក​អ.ស.ប.​និង​កម្ពុជា​អំពី​កាតព្វកិច្ច​និងការ​រក្សា​កិច្ច​សន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ដល់​ទីបញ្ចប់។​

សាលាក្តី​ខ្មែរក្រហម​ ដែលត្រូវការ​ទឹកប្រាក់​ប្រមាណ​៨លាន​ដុល្លារ​ទៀត​សម្រាប់ ភាគី​កម្ពុជា​នោះ ​បាន​ប្រឈមមុខ​នឹង​បាតុកម្ម​ នៅ​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ និង​ការ​មិន​ ចូល​ធ្វើ​ការ​របស់បុគ្គលិក​អ្នក​បកប្រែ​ភាសា​ ដោយសារ​គ្មាន​ប្រាក់​ខែ​ច្រើន​ខែ។​ ក្រៅពី​នេះ​ភាគីអ.ស.ប.​និង​ម្ចាស់​ជំនួយ​កំពុង​ដាក់​សម្ពាធ​ដល់​កម្ពុជា​ដែល​បាន​ បរិច្ចាក​ថវិកា​១លាន​៨សែន​ដុល្លារ​នោះ​ឲ្យ​ចំណាយ​ថវិកា​បន្ថែម​ទៀត​សម្រាប់​ បុគ្គលិក​កម្ពុជា។​

លោកយុគ​ ឆាំង​ នាយក​មជ្ឈមណ្ឌល​ស្រាវជា្រវ​ឯកសារកម្ពុជា​ទាក់ទង​នឹង​របប​ ប្រល័យ​ពូជសាសន៍​ បានផ្តល់​ភស្តុតាង​ និង​ឯកសារ​រាប់លាន​ច្បាប់​ដល់​តុលាការ​ ខ្មែរក្រហម។​ លោកបាន​ថ្លែងថា៖​

«ខ្ញុំ​គិត​ថា​អ.ស.ប.​និង​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​បាន​ធ្វើការ​សន្យា​ក្នុងការ​ស្វែងរក​យុត្តិធម៌​និង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ដល់អ្នក​ដែល​រស់រាន​មាន​ជីវិត​ពីអំពើ​ប្រល័យ​ពូជសាសន៍​នៅក្នុង​កម្ពុជា​តែ​ប៉ុណ្ណោះទេ ​តែថែម​ទាំង​ដល់​មនុស្ស​ជាតិ​ទាំងមូល។ ​ដូច្នេះការ​សន្យានេះ​គួរត្រូវ​តែ​ភ្ជាប់មក​នូវ​កាតព្វកិច្ច​ ធ្វើ​យ៉ាងណា​ឲ្យ​តុលាការ​នេះ​គួរត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការងារ​តាម​ឆន្ទៈ​របស់​ខ្លួន»។​
លោកបាន​បន្ថែម​សេចក្តី​ថា ​ហេតុផល​វិវាទ​នយោបាយ ​បញ្ហា​រដ្ឋបាល​ និង​ការ​ខ្វះ​ ថវិកា​មិន​គួរ​ជាការ​រាំងស្ទះ​ដល់​ដំណើរការ​សាលាក្តី​ទេ។​

លោកជេម ហ្គោលស្តុន ​(James Goldston)​ជា​នាយក​ប្រតិបត្តិ​អង្គការ​ច្បាប់​របស់ ស.រ.អា.មួយ​ដែល​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ដែល​មាន​មូលដ្ឋាន​ក្នុងទីក្រុង​ញូយ៉ក។​ លោកបាន​ថ្លែង​ថា ​ការប្រឈម​ដ៏ខ្លាំងក្លា​សម្រាប់​សាលាក្តី​នោះគឺការ​បញ្ចប់​សាលាក្តី​តាមច្បាប់​តម្រូវ​និង​ការ​ធានា​ថវិកា​គ្រប់គ្រាន់។​

«វាពិត​ជា​ដល់ពេល​ដែលគ្រប់​ភាគី​ទាំងអស់ ​មានភាគី​អន្តរជាតិ​ និង​ភាគី​រដ្ឋា ភិបាល​កម្ពុជា​ខ្លួនឯង ត្រូវដឹង​ថា ​ពួកគេ​មាន​ការ​ទទួល​ខុស​ត្រូវរួម​ក្នុង​ការ​បញ្ចប់​ កិច្ចការ​អ្វីៗ​ដែល​ពួកគេ​បាន​ចាប់ផ្តើម​ ហើយ​ក៏​ត្រូវ​ធានា​ពី​ធនធាន​គ្រប់គ្រាន់​ សម្រាប់​តុលាការ​ដែរ។​ ដូច្នេះ​ទៀប​តុលាការ​អាច​នៅ​បន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ប្រកប​ដោយ​ប្រសិទ្ធិភាព​បាន»។​

លោក​ហ្គោលស្តុន​បាន​បង្ហាញ​ពីសុទិដ្ឋិនិយម​របស់លោក​ថា​ កម្ពុជា​និង​អ.ស.ប.​ អាច​យក​ឈ្នះ​លើ​ឧបសគ្គ​នេះ​បាន។​

ថ្លែង​ស្រដៀង​គ្នានេះ​ដែរ​ លោកស្រី​នូស៊ីន ​សាការ៉ាទី ​(Nushin Sarkarati)​ ជំនួយ​ការ​ផ្នែកច្បាប់​នៃអង្គការ​ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​ថា ​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការទទួល​ខុស​ត្រូវ​ ដែល​ឃ្លាំមើល​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ប្រាប់វីអូអេ​មួយ​ថ្ងៃ​មុន​ការ​ស្លាប់​របស់​អៀងសារី​ថា ការ​បន្ត​បរាជ័យ​របស់​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​កិច្ច​ព្រមព្រៀង​បង្កើត​តុលាការ​ ខ្មែរក្រហម​កាលពី​ឆ្នាំ​២០០៣​ គឺជា​ការ​រំខាន​ដ៏​គ្រោះថ្នាក់​សម្រាប់​ដំណើរ​សាលាក្តី​នេះ។​

«បើគិត​អំពីអង្គហេតុ​ដែល​កាត់ទោស​ជនជាប់ចោទ​បីនាក់​ដែល​មាន​សុខភាព​ ទ្រុឌ​ទ្រោម​គឺ​ថា​ ជា​រឿងបន្ទាន់​ខ្លាំង​ណាស់​សម្រាប់​តុលាការ​ក្នុង​ការ​កាត់​ទោស​ ឲ្យ​រលូន​និង​សមរម្យ​ដើម្បី​ទទួល​បាន​យុត្តិធម៌​នោះ។​ ហើយ​ប្រសិន​បើ​អ.ស.ប.​និង​រដ្ឋាភិបាល​កម្ពុជា​ចង់ឃើញ​យុត្តិធម៌​ផ្តល់​ជូន​ជន​រងគ្រោះ​ ពួកគេ​ត្រូវជំនះ​ ធានា​ឲ្យបាន​ចំពោះ​បញ្ហា​វិបត្តិ​ថវិកា​សម្រាប់​តុលាការ​ទាំង​ស្រុង»។​

ទោះជា​អៀង សារី​ស្លាប់​ក៏​ដោយ ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ឬ​ជា​ប្រទេស​ដែល​ មាន​ការ​ចាប់​អារម្មណ៍​នឹង​សាលាក្តី​បាន​ប្រកាន់​ជំហរ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​ផ្គត់ ផ្គង​បុគ្គលិក​ភាគី​កម្ពុជា​ ឬស្នើសុំ​បណ្តា​ប្រទេស​អាស៊ាន​ឲ្យ​ជួយ​ក៏បាន។​

អ្នកការ​ទូតម្នាក់​ក្នុងទីក្រុង​ញូយ៉ក​ដែល​ប្រទេស​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ ជំនួយ​ជា​សំខាន់​ដល់​សាលាក្តី​ខ្មែរក្រហម​ បានថ្លែង​ប្រាប់វីអូអេ​ក្នុង​លក្ខខណ្ឌ​មិន​ ឲ្យ​ប្រាប់​ឈ្មោះ​កាល​ពី​ម្សិលមិញ​ ដោយ​បាន​បញ្ជាក់​អះអាង​ថា៖​

«ប្រទេស​ផ្តល់ជំនួយ​អន្តរជាតិ​បន្ត​ជំរុញ​ឲ្យ​កម្ពុជា​បំពេញ​ថវិកា​ជាតិ​ ពីព្រោះ​នៅ​ក្នុង​កិច្ចព្រម​ព្រៀង ​កម្ពុជា​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​ប្រាក់ខែ​បុគ្គលិក​ជាតិ។​ ដូច្នេះ​ហើយ​បាន​ជាម្ចាស់​ជំនួយ​អន្តរជាតិ​ប្រកាន់តាម​គោល​ការណ៍​នេះ»។​

លោកថ្លែង​ទៀត​ថា​ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​ តែពុំ​មានការ​សន្យា​ផ្តល់​ជំនួយ​ថ្មី​ណា​កើត​ឡើង​ទេ។​

លោក​លោក​ភីធ័រ ម៉ាហ្គ្វៃអ័រ (Peter Maguire)​ សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ស.រ.អា​មួយ​ ហើយ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«ប្រឈម​ មុខ​នឹង​ការស្លាប់​ក្នុង​ប្រទេស​កម្ពុជា» ​បាន​ព្រមាន​ថា​ សាលាក្តីនេះ​អាច​ក្លាយ​ជា​ គម្រូ​ខុស​ឆ្គង​មួយ​ក្នុង​ទម្រង់​អ.ស.ប.​នៅ​សតវត្ស​ទី២១​នៅ​សម័យ​ថ្មីនេះ។​

«ដោយពិចារណពីការ​សន្យា​ដែល​ថា ​សាលាក្តីនេះនឹងផ្តល់​ការ​ពិត​ ការ​ផ្សះផ្សារ ​និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដ៏​ហួស​ប្រមាណ​នោះ​ សាលាក្តី​ខ្មែរក្រហម​បាត់បង់​គោល​បំណង​ចម្បង​របស់​ខ្លួន​ ក្នុង​ការ​បង្ហាញ​ថា​ ជន​ជាប់ចោទ​មាន​ទោស ​ឬគ្មាន​ទោស»។​
សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​ហើយ​ចំណាយ​ថវិកា​ជាង​១០០​ លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០០៦​ បានកាត់​ទោសតែជន​ជាប់ចោទ​ម្នាក់​គឺ​ កាំង ហ្កេច​អ៊ាវ ​ហៅឌុច ​ប្រធាន​គុក​ទួលស្លែង​ស២១​ នៃ​សំណុំ​រឿង​០០១។​ សាលាក្តី​ នេះ​នឹង​បន្ត​កាត់ទោស​សំណុំរឿង​០០២​ដែល​មាន​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​បង​ធំ​ទី២​នួន ជា​ និង​ខៀវ សំផន ​ប្រមុខ​រដ្ឋ​ ក្រោយពី​អៀង សារី​បាន​ ស្លាប់​មុន​ការ​កាត់ទោស។ ​ជនជាប់​ចោទម្នាក់​ផ្សេង​ទៀត​គឺ​អ្នកស្រី ​អៀង ធីរិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួងសង្គម​កិច្ច​ខ្មែរក្រហម ​និងជាភរិយា​របស់​អៀង សារី ​មាន​ជម្ងឺ​បាត់​ការ​ចង​ចាំ ​ហើយត្រូវ​តុលាការ​សម្រេច​តាម​ច្បាប់​ឲ្យរួច​ខ្លួន​ពីការ​ឃុំឃាំង​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​នានា​ ដែល​មានការ​សម្លាប់​រង្គាល​ពលរដ្ឋខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ចន្លោះ​ ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕
XS
SM
MD
LG