ភ្នំពេញ៖ អ្នករងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានសម្តែងការខឹងសម្បារចំពោះអង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ដែលបានសម្រេចដោះលែងអ្នកស្រីអៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអង្គជំនុំជម្រះបានរកឃើញថា អ្នកស្រីមិនមានកាយសម្បទាគ្រប់គ្រាន់សម្រាប់យកមកជំនុំជម្រះទោស។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហមបានសម្រេចដោះលែងអ្នកស្រី អៀងធីរិទ្ធបណ្តោះអាសន្នដោយគ្មានលក្ខខណ្ឌ ក៏ប៉ុន្តែបានភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដែលរួមមានតម្រូវឲ្យជនជាប់ចោទ ត្រូវជូនដំណឹងដល់អង្គជំនុំជម្រះ អំពីអាស័យដ្ឋានដែលខ្លួនបានស្នាក់នៅ ហើយមិនត្រូវផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីអង្គជំនុំជម្រះឡើយ។ ទី២ ត្រូវតែប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចេញទៅក្រៅព្រំប្រទល់ដែននៃប្រទេសកម្ពុជា និងទី៣ ជនជាប់ចោទត្រូវតែគោរពតាមដីកាកោះដែលបានចេញដោយតុលាការ។
មួយថ្ងៃក្រោយពីអង្គជំនុំជម្រះតុលាការកំពូលបានដោះលែងអ្នកស្រីអៀង ធីរិទ្ធ មានជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយចំនួនមកពីខេត្តកណ្តាលត្រូវបានអនុញ្ញាតឲ្យចូលទស្សនានៅក្នុងសាលាក្តីខ្មែរក្រហម។
ជនរងគ្រោះទាំងនោះភាគច្រើនបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះរបស់តុលាការកំពូល។ ពួកគាត់និយាយថា តុលាការកំពូលមិនគួរដោះលែងអ្នកស្រីអៀង ធីរិទ្ធទេ។
លោកអៀម ស្រេង អាយុ៦៥ឆ្នាំ មកពីខេត្តកណ្តាល បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅសាលាក្តីខ្មែរក្រហមថា លោកមិនបានដឹងអំពីសេចក្តីសម្រេចដែលដោះលែងអ្នកស្រីអៀង ធីរិទ្ធទេ។ លោកបានបញ្ជាក់ថា តុលាការមិនគួរដោះលែងអ្នកស្រីទេ គឺគួរតែឃុំខ្លួនអ្នកស្រីបន្តទៅទៀត។ លោកបានមានប្រសាសន៍ថា លោកមិនជឿថា អ្នកស្រីអៀង ធីរិទ្ធមានជំងឺបាត់ការចងចាំទេ។
«ខ្ញុំមិនជឿទេ! ឥតជឿថា... ដូចជាគាត់ធ្វើពុត។ ដោយគាត់ដើររួចអញ្ចឹង ហើយគេថា គាត់ឥតមកកាត់ទោសរួច ដូចជាធ្វើពុតធ្វើអីអញ្ចឹងទៅ»។
អ្នកស្រីភិន ឆាន អាយុ៦១ឆ្នាំ មកពីឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា អ្នកស្រីបានដឹងដំណឹងអំពីការដោះលែងអ្នកស្រីអៀង ធីរិទ្ធតាមរយៈការផ្សព្វផ្សាយរបស់វិទ្យុ។ អ្នកស្រីបាននិយាយថា អ្នកស្រីមានការតក់ស្លុត ក្រោយពីបានទៅទស្សនាវាលពិឃាតបឹងជើងឯក និងមន្ទីរឃុំឃាំងគុកទូលស្លែង។ អ្នកស្រីបាននិយាយថា តាមទំហំនៃការឈឺចាប់នេះ តុលាការមិនគួរដោះលែងអ្នកស្រីឲ្យនៅក្រៅឃុំទេ។
«ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំថា មិនគួរដោះទេ ព្រោះគាត់សាងអំពើអាក្រក់វាច្រើន គ្រាន់កម្មពៀរវាហុចទៅឲ្យគាត់ ទៅជាឆ្កួតអញ្ចឹងទៅ។ គាត់សមតែទទួលទោសជាប់គុកមួយជីវិតអញ្ចឹងទៅ ព្រោះសម្លាប់គេច្រើនពេក»។
អ្នកស្រីក្លែ ដាហ្វី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមរបស់អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថា OSJI បាននិយាយថា ប្រជាពលរដ្ឋកម្ពុជាប្រាកដជាមិនសប្បាយចិត្តទេ ហើយសាលាក្តីខ្មែរក្រហមគួរតែមានកម្មវិធីផ្សព្វផ្សាយ និងផ្ញើសារទៅប្រជាពលរដ្ឋកម្ពុជានៅទូទាំងខេត្តទាំងអស់ អំពីការដោះលែងអ្នកស្រីអៀង ធីរិទ្ធនេះ។
«ខ្ញុំគិតថា សាលាក្តីខ្មែរក្រហមគួរតែធ្វើកម្មវិធីផ្សព្វផ្សាយ ឬក៏ធ្វើសារដល់ប្រជាពលរដ្ឋកម្ពុជាតាមបណ្តាលខេត្តទាំងអស់ ដើម្បីឲ្យពួកគេយល់ថា ហេតុអ្វីបានជាដោះលែងអ្នកស្រីអៀង ធីរិទ្ធ។ ហេតុអ្វីបានជាអ្នកស្រីអៀង ធីរិទ្ធមិនត្រូវបានជំនុំជម្រះដោយតុលាការ គឺដោយសារតែអ្នកស្រីមិនមានការចងចាំគ្រប់គ្រាន់ដើម្បីការពារអ្នកស្រីឲ្យទទួលបានយុត្តិធម៌»។
លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបាននិយាយថា អ្នកស្រីអៀង ធីរិទ្ធ ត្រូវដោះលែង ក្រោយពីមានការសួរដេញដោលនៅក្នុងអង្គសវនាការដោយអ្នកជំនាញចំនួនបីរូប ដែលរួមមានបរទេស និងកម្ពុជា។
លោកបានបញ្ជាក់ថា លទ្ធផលដែលបានបង្ហាញដោយអ្នកជំនាញទាំងបីរូបនេះបានសន្និដ្ឋានចុងក្រោយថា ស្ថានភាពជំងឺរបស់អ្នកស្រីអៀង ធីរិទ្ធ គឺមានជំងឺវង្វេងវង្វាន់ និងបាត់បង់ការចងចាំ។ លោកបានបញ្ជាក់ថា ប្រសិនណានៅក្នុងរយៈពេលនៃការដោះលែងនេះ បើអ្នកជំនាញរកឃើញថា ជំងឺរបស់អ្នកស្រីអៀង ធីរិទ្ធអាចព្យាបាលបាន អ្នកស្រីនឹងត្រូវកោះហៅមកក្នុងអង្គសវនាការឡើងវិញ។
លោកបានមានប្រសាសន៍ថា សំណុំរឿងអ្នកស្រីអៀង ធីរិទ្ធនៅតែបន្តនៅឡើយ មិនមែនមានន័យថា ការដោះលែងនេះរលត់បណ្តឹងអាជ្ញានោះទេ៕
លោកបានបញ្ជាក់ថា លទ្ធផលដែលបានបង្ហាញដោយអ្នកជំនាញទាំងបីរូបនេះបានសន្និដ្ឋានចុងក្រោយថា ស្ថានភាពជំងឺរបស់អ្នកស្រីអៀង ធីរិទ្ធ គឺមានជំងឺវង្វេងវង្វាន់ និងបាត់បង់ការចងចាំ។ លោកបានបញ្ជាក់ថា ប្រសិនណានៅក្នុងរយៈពេលនៃការដោះលែងនេះ បើអ្នកជំនាញរកឃើញថា ជំងឺរបស់អ្នកស្រីអៀង ធីរិទ្ធអាចព្យាបាលបាន អ្នកស្រីនឹងត្រូវកោះហៅមកក្នុងអង្គសវនាការឡើងវិញ។
លោកបានមានប្រសាសន៍ថា សំណុំរឿងអ្នកស្រីអៀង ធីរិទ្ធនៅតែបន្តនៅឡើយ មិនមែនមានន័យថា ការដោះលែងនេះរលត់បណ្តឹងអាជ្ញានោះទេ៕